ស្តូបព្រះបរមរតនកោដ្ឋស្ថាបនាសម្រេចបាន៧០ភាគរយហើយ
ភ្នំពេញ៖ មន្រ្តីការិយាល័យនគរូបនីយកម្មរាជធានី ភ្នំពេញ បានឲ្យដឹងថា ស្តូបព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលបានសាងសង់នៅលើសួនច្បារខាងកើតវិមានឯករាជ្យ ពេលនេះស្ថាបនាសម្រេចបាន៧០ភាគរយហើយ ដោយវាគ្រោងនឹងបញ្ចប់នៅបំណាច់ខែកញ្ញាខាងមុខ។
សូមបញ្ជាក់ថា ស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ស្តូបព្រះបរមរូបនោះ ត្រូវគេសាងសង់ឡើងតាមរចនាបទទម្រង់បុស្បុក ដោយមានកម្ពស់២៧ម៉ែត្រគិតពីបាតខាងក្រោមដល់កំពូល។ ចំណែកតួព្រះបរមរូប ធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ម៉ែត្រ ទ្រង់ឈរលើព្រះទែន មានកម្ពស់ ២,៧ម៉ែត្រលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ម៉ែត្រ ទទឹង ២៧ម៉ែត្រ និងកម្ពស់ ០,៩ម៉ែត្រ។
បើតាមមន្រ្តីនគរូបនីយកម្ម ការរចនាសម្ព័ន្ធបុស្បុក និងព្រះបរមរូប គឺត្រូវបានកំណត់យកខ្នាតទូទៅមួយ ដែលសុទ្ធតែមានលេខអាចបុកផ្គុំបញ្ចូលគ្នាទៅបានជាលេខ៩ទាំងអស់៕ នាង/Cambodia News