ផឹកស៊ីជាមួយគ្នា រួចចាប់រំលោភបានសម្រេច៣ដងក្នុងរថយន្ត
ភ្នំពេញ ៖ កាលពីវេលា ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ នៅចំណុចដីវាលមួយកន្លែងដែលមានទីតាំងស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានស្ត្រីម្នាក់បានស្រែកឲ្យសមត្ថកិច្ចជួយដោយសារតែត្រូវ ជនសង្ស័យខាងលើបានចាប់រំលោភនាងបានសម្រេចនៅក្នុងរថយន្ត។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សៀង វុទ្ធី អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យរោងចក្រ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅវេលាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ ជនសង្ស័យនិងជនរងគ្រោះបានជិះឡានដើរផឹកស៊ីជាមួយគ្នា។ លុះដល់វេលាយប់ម៉ោងប្រហែលជា១០យប់ ជនសង្ស័យបានដឹកជនរងគ្រោះទៅកន្លែងស្ងាត់ ហើយក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចចំនួន៣ដងនៅក្នុងរថយន្ត។
បន្ទាប់ពីធ្វើការរំលោភរួចរាល់ ទាំងជនសង្ស័យនិងជនរងគ្រោះបានសម្រាកនៅក្នុងរថយន្ត។ រហូតដល់វេលាទៀបភ្លឺ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឃើញរថយន្តចតចោលក៏ចូលទៅសួរនាំ ទើបស្ត្រីរងគ្រោះស្រែកឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕ Cambodia News