បក្សកាន់អំណាច បន្តដឹកនាំរដ្ឋាភិបាលថ្មី ខណៈបក្សសង្រ្គោះជាតិបដិសេធ
ភ្នំពេញ៖ យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ និងវិទ្យុជាតិ កាលពីព្រឹកថ្ងៃទី១២ សីហា គឺបានបង្ហាញឱ្យឃើញថា ខេត្ត/ក្រុងទាំង ២៤ សម្លេងអ្នកគាំទ្រនាំមុខគេ ដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់មកគណបក្សសង្គ្រោះជាតិ ។
ភ្លាមនោះ គណបក្សកាន់អំណាចក៏បានបញ្ជាក់ថា ខ្លួននឹងដឹកនាំរដ្ឋាភិបាលជាបន្ត រីឯគណបក្សប្រឆាំងបដិសេធលទ្ធផល ក្រោយពីការប្រកាសបណ្តោះអាសន្ននោះភ្លាមៗដែរ ។ នេះជាការលើកឡើងជាថ្មីម្តងទៀត របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ខៀវ កញារីទ្ធ ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៣។
មន្ត្រីនាំពាក្យរូបនេះ បានបង្ហាញពីតួរលេខបឋមរបស់គ.ជ.បថាគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រប្រមាណជាង ៣លាន ២សែនសម្លេងទល់នឹង ២លាន ៩សែន របស់គណបក្សប្រឆាំង ។ គណបក្សប្រឆាំងក៏បានធ្វើសន្និសីទកាសែតមួយភ្លាមដែរ ដោយបដិសេធចំពោះលទ្ធផលបោះឆ្នោតរបស់ គ.ជ.ប ។
ចំណែកឯ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិឯណោះវិញ ក៏បានប្រកាសពីគោលជំហររបស់ខ្លួនថា ប្រសិនមានមហាបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោតកើតឡើងមែននោះ គឺ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជាជាអ្នកទទួលខុសត្រូវ ។
ឆ្លើយតបចំពោះ ការថ្លែងទំលាក់កំហុសរបស់លោក កឹម សុខា លោក ខៀវ កញារីទ្ធ បានសង្កត់ធ្ងន់ថា បើមានមហាបាតុកម្មកើតឡើងមែននោះអ្នកដែលដឹកនាំបាតុកម្មនោះហើយ ជាអ្នកទទួលខុសត្រូវចំពោះបញ្ហានានា ។ ហើយលោកថា រដ្ឋាភិបាលចាំផ្ទះក៏មានភារៈកិច្ច ដើម្បីទប់ស្កាត់ចំពោះបញ្ហាដែលគ្រោងនឹងកើតឡើងផងដែរ៕ Cambodia News