កូរ៉េខាងត្បូងកំពុងសាកល្បងផ្លូវអគ្គិសនីសម្រាប់រថយន្តក្រុង
នៅ ក្នុងសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងបានផ្តើមធ្វើការសាកល្បងផ្លូវអគ្គិសនីជាច្រើន គីឡូម៉ែត្រសម្រាប់ឲ្យរថយន្តក្រុងបើកបរ។ រថយន្តក្រុងដែលត្រូវបានរុញច្រានដោយកម្លំាងចរន្តអគ្គិសនីបង្កប់តាម ផ្លូវថ្នល់ ដោយមិនមានភ្ជាប់ខ្សែភ្លើងមួយខ្សែណាទៅនឹងរថយន្តក្រុងទេ។ នេះជាបច្ចេកវិជ្ជាថ្មីដែលនឹងអាចផ្តល់ចេញនូវអត្ថប្រយោជន៍យ៉ាង ច្រើន។
ជា សរុប មានផ្លូវអគ្គិសនីប្រវែង ២៤គីឡូម៉ែត្របានត្រូវសាងសង់ឡើងនៅក្នុងទីក្រុងឧស្សាហកម្មហ្គូមី ស្ថិតនៅប៉ែកកណ្តាលប្រទេសកូរ៉េខាងត្បូង។ តាមគម្រោង រដ្ឋាភិបាលគ្រោងធ្វើការសាកល្បងលើបច្ចេកវិជ្ជាថ្មីនេះរយៈពេល ៤ខែ។ ជាមួយនឹងផ្លូវអគ្គិសនី ក្រោមបច្ចេកវិជ្ជាថ្មី រថយន្តក្រុងដើរដោយអាគុយមិនត្រូវការចូលទៅសាកអាគុយនៅស្ថានីយ៍ដូច សព្វមួយដងទេ តែត្រូវបានសាកជាប់ជាអចិន្រ្តៃយ៍ដោយការបាញ់បញ្ជូនភ្លើងអគ្គិសនី បង្កប់នៅតាមផ្លូវថ្នល់ដែលរថយន្តនោះបរកាត់។ តាមពិតទៅ ខ្សែភ្លើងអគ្គិសនីត្រូវបានគេបង្កប់តែនៅទីកន្លែងណាដែលរថយន្តក្រុង នោះឧស្សាហ៍ឈប់ ដូចយ៉ាងនៅកន្លែងភ្លើងក្រហម ឬមួយក៏នៅចំណតដែលមានមនុស្សរង់ចំាជិះ។ គឺនៅពេលឈប់ម្តងៗនោះឯងដែលអាគុយរបស់វាបានផ្តើមសាកពី ប្រព័ន្ធភ្លើងបង្កប់ក្រោមថ្នល់។
បច្ចេកវិជ្ជាថ្មីនេះត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាដ៍ថ្មីនៅកូរ៉េខាងត្បូងឈ្មោះ KAIST។ បច្ចេកវិជ្ជាថ្មីនេះបានជួយកាត់បន្ថយការចំណាយក្នុងការសាងសង់ ស្ថានីយ៍សម្រាប់សាករថយន្តដើរដោយអាគុយ។ ការសាងសង់ស្ថានីយ៍ដែលត្រូវការទីកន្លែង និងមានការចំណាយច្រើន។ ម្យ៉ាងទៀត បច្ចេកវិជ្ជាថ្មីនេះក៏បានអនុញ្ញាតឲ្យមានការកាត់បន្ថយទំហំអាគុយ ដែរ ពោលគឺមិនចំាបាច់មានអាគុយធំសម្រាប់ស្តុកភ្លើងយូរនោះទេ ព្រោះវាត្រូវបានសាកជាអចិន្រ្តៃយ៍ដោយប្រព័ន្ធភ្លើងបង្កប់តាមថ្នល់ រួចហើយ។
យ៉ាងណាក៏ដោយ ទោះបីជាការសាងសង់ផ្លូវអគ្គិសនីនោះមានតម្លៃថោកជាងការសាងសង់ ស្ថានីយ៍ក៏ដោយ ក៏រថយន្តក្រុងដើរដោយអាគុយ ក្រោមបច្ចេកវិជ្ជាថ្មីនោះមានតម្លៃថ្លៃដែរ មួយគ្រឿង តម្លៃមិនតិចជាង ៦០ម៉ឺនដុល្លារទេ៕ដោយ គួច គន្ធារ៉ា (RFI)