គង់វង្សយ៉ាទីច្រានចោលសំណើធ្វើតួឯក រឿងភាគថ្មី
ភ្នំពេញ៖ ពិធីការិនីក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស៊ីធីអិននាងគង់វង្សយ៉ាទីដែលជាប់ឈ្មោះជាតារាសម្តែងបែបឆ្នាស់ឆ្នើមមិនចាញ់តារាជើងចាស់ថ្មីៗនេះមានការទម្លាយព័ត៌មានថានាងត្រូវគេជ្រើសរើសជាតួឯកកុនរឿងភាគមួយឲ្យស៊ីធីអិន។
ប៉ុន្តែដំណឹងរីករាយនេះយ៉ាទីនាងឯកភាពទទួលយកទៅហើយតែដល់ពេលដែលនាងស៊ើបដឹងថារឿងថ្មីនោះមានការចូលរួមសម្តែងដោយលោកចា រិទ្ឋីដែរនោះបានបង្កឲ្យនាងសុំដកខ្លួនដោយសារតែនាងធ្លាប់ជួបប្រទះរឿងពាក់ព័ន្ឋស្នេហាក្រៅឆាកធ្វើឲ្យកក្រើកពិភពសិល្បៈទំរាំតែនាងរលាស់ខ្លួនរួច។
ខ្សែភាពយន្តភាគថ្មីមួយដែលមានចំណងជើងថា«ព្រហ្មលិខិត»ដែល កំពុងតែខិតខំដុតដៃដុតជើងសម្រុកថតយ៉ាងដើម្បីដាក់បញ្ចាំងនាពេលខាងមុខនោះបានរួមសម្តែងដោយតារាថ្មីចាស់ជាច្រើនដួងដូចជាលោកសាយ សៀរ៉ា លោកចារិទ្ឋី លោក ស៊ឹម សោភ័ណ កញ្ញាតូតា កញ្ញាអាង សូនីតាជាដើម។
តាមការឲ្យដឹងតួឯកស្រីដំបូងត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសជំហានដំបូងគេគឺនាងគង់ វង្សយ៉ាទីជាតួសំខាន់ក្នុងនោះ។ប៉ុន្តែដោយសារតែនាងដឹងថាមានវត្តមានលោកចា រិទ្ឋីជាតួអង្គសំខាន់ត្រូវគេទាក់ទងឲ្យមកសម្តែងដែរនោះបានបង្កឲ្យគង់ វង្សយ៉ាទីប្រញាប់ដកថយវិញយ៉ាងលឿនព្រោះខ្លាចមានពាក្យចចាមអារ៉ាមធ្ងន់ធ្ងរណាមួយដែលប៉ះពាល់អារម្មណ៍នាងនិងក្រុមគ្រួសារខាងលោកចា រិទ្ឋី។
ការដកចិត្តមិនទទួលថតនេះដោយសារតែកន្លងមកនៅពេលដែលស្រីស្រស់មានកែវភ្នែកស្រទន់គួរឲ្យទាក់ចិត្តនាងយ៉ាទីចាប់ចូលសិល្បៈភ្លាមបានជំពប់រឿងអាស្រូវយ៉ាងធ្ងន់ជុំវិញចំណងស្នេហ៍ក្រៅឆាកជាមួយលោកចារិទ្ឋីក្រោយពីបានរួមសម្តែងជាមួយគ្នានៅTV5ក្នុងរឿង«នាងឈូកស»រហូតល្បីលេចឮថានាងមានកូន១ទៀតផង។
ម្ល៉ោះហើយទើបយ៉ាទីបានបង្ខំចិត្តងាកចេញពីការលេងកុននេះទាំងអារម្មណ៍សោកស្តាយព្រោះជាយូរខែមកហើយដែលនាងអាក់ខានលេងកុនបែបលក្ខណៈខ្នាតធំបែបនេះទើបបានជាអ្នកដឹកនាំរឿងប្តូរដាក់កញ្ញាម៉ាក សែនសូនីតាវិញទៅ។
ក្នុងជំនួបចុងក្រោយនៅស៊ីធីអិនយ៉ាទីបានលើកឡើងថានាងបានចរចារជាមួយអ្នកដឹកនាំរឿងនៅស៊ីធីអិនកាលពីមួយរយៈមុនមែនដើម្បីសហការគ្នាថតរឿងភាគថ្មីក្រោមចំណងជើងថា«ព្រហ្មលិខិត»។តែដល់ពេលសួរនាំអ្នកដឹកថាមានតួណាខ្លះលេងគេថាមានតួចាស់តួថ្មីហើយស្រាប់តែមានលោកចា រិទ្ឋីដែរទើបនាងបានប្រកែកញាងសុំដកខ្លួនវិញដោយសារតែខ្លាចមានពាក្យគេនិយាយពីនាងពីនេះពីនោះពេលចេញផ្សាយនាំឲ្យនាងពិបាកទទួលយក។
នាងបានលើកមូលហេតុមកបញ្ជាក់ទៀតថានាងពិតជាខ្លាចរអារឿងរាវដែលមានការពាក់ព័ន្ឋជាមួយលោកចា រិទ្ឋីម្តងទៀតណាស់ព្រោះកាលពីលើកមុនពេលដែលនាងហក់មកប្រឡូកសិល្បៈនាងស្រាប់តែផ្ទុះរឿងស្នេហាត្រីកោណយ៉ាងកងរំពងពេញសិល្បៈដែលសូម្បីតែខ្លួនផ្ទាល់មិនបានចូលទៅឡូកលាន់សោះឡើយ។លើសពីនេះគេថានាងមានទាំងបង្កើតកូនលួចលាក់ទៀតពេលបាត់មុខមួយរយៈ។
អ៊ីចឹងហើយឲ្យតែគិតរឿងថតកុនថ្មីនេះនាងមានអារម្មណ៍សោកស្តាយជាខ្លាំងដែលបានបាត់បង់ឱកាសថតរឿងភាគថ្មីនៅស៊ីធីអិនដែលជាទូរទស្សន៍ធំមួយមានអ្នកគាំទ្រច្រើនដើម្បីគេចឲ្យផុតពីបញ្ហាដែលនាងមិនចង់ជួបពិសេសពាក្យចេចចូចអីនោះ។
គង់ វង្សយ៉ាទីនាងរំពឹងថានិងក្តាប់ឱកាសនាពេលលើកក្រោយទៀតសម្រាប់ការថតរឿងនៅស្ថាប័នដែលនាងធ្វើនោះ។នាងនិយាយថាមិនអីទេនាងនៅតែជឿថាថ្ងៃក្រោយពិតជាមានរឿងថ្មីណាមួយដែលមានមុខនាងសម្តែងទោះជាពេលនេះធ្លាក់ទៅលើដៃគេក៍នាងមិនអន់ចិត្តដែរព្រោះឆ្លងផុតពីរឿងរាវឈឺក្បាលដែលនាងរលាស់ខ្លួនដាច់យ៉ាងលំបាកបំផុតនោះ៕ ស.រ/Cambodia News