ស្រីលង្កាសម្ពោធប្រើកំពង់ផែកុងតឺណឺយក្សកូឡុំបូ ឧបត្ថម្ភដោយចិន
នៅថ្ងៃចន្ទនេះ ប្រទេសស្រីលង្កាបានសម្ពោធដាក់ដំណើរការកំពង់ផែកុងតឺណឺកូឡុំបូ ដ៏ មហាសាលរបស់ខ្លួនដែលមានទំហំទឹកប្រាក់ ៥០០លានដុល្លារ។ កំពង់ផែនេះមានទីតាំងនៅពាក់កណ្តាលផ្លូវពាណិជ្ជកម្មរវាងប៉ែកបូព៌ា និងបស្ចិម អាចទទួលនាវាកុងតឺណឺយក្សច្រើនគ្រឿង និងអាចទទួលកុងតឺណឺបានរហូត១ម៉ឺន៨ពាន់។ កំពង់ផែនេះ កំណត់ដំណាក់កាលសំខាន់នៃពាណិជ្ជកម្មផ្លូវទឹក សំរាប់ប្រទេសស្រីលង្កា។ ដោយឡែក ចិនដែលបានឧបត្ថម្ភកំពង់ផែនេះ ក៏នឹងទទួលបានប្រយោជន៍សេដ្ឋកិច្ចផងដែរ។
ការសម្ពោធដាក់អោយប្រើកំពង់ផែកុងតឺណឺអន្តរជាតិកូឡុំបូដ៏ មហិមា នៅប្រទេសស្រីលង្កា នៅថ្ងៃចន្ទនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានាធិបតីស្រីលង្កា ម៉ាហ៊ីនដា រ៉ាចាប៉ាក់សេ ហើយថែមទាំងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទៀតផង។ ក្នុងតំលៃទឹកប្រាក់៥០០លានដុល្លារ កំពង់ផែកុងតឺណឺយក្សនេះ ស្ថិតនៅពាក់កណ្តាលផ្លូវពាណិជ្ជកម្មរវាងប៉ែកបូព៌ា និងបស្ចិម ហើយអាចទទួលនាវាផ្ទុកកុងតឺណឺយក្សនានា ដែលផ្ទុកកុងតឺណឺបានរហូតដល់១ម៉ឺន៨ពាន់ទៀតផង។ កំពង់ផែនេះ មានប្រព័ន្ធការពារដែលអាចធន់នឹងរលកយក្សស៊ូណាមីបាន។
អាជ្ញាធរកំពង់ផែស្រីលង្កាចង់ពង្រីកកំពង់ផែនេះអោយធំថែមទៀត ដើម្បីអាចអោយប្រជាជនស្រីលង្កា ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនៅទីនោះ។ ក្រុមហ៊ុនសាធារណៈចិនឈ្មោះ China Merchant Holdings International កាន់កាប់កំពង់ផែនេះ៨៥ភាគរយ ហើយ១៥ភាគរយនៅសេសសល់ គឺខាងអាជ្ញាធរកំពង់ផែស្រីលង្កាជាអ្នកកាន់កាប់។
ក្នុងការចេញមុខឧបត្ថម្ភកំពង់ផែស្រីលង្កានេះ ក្រុងប៉េកាំងអាចនឹងទទួលប្រយោជន៍សេដ្ឋកិច្ចខ្ពស់ ព្រោះថាកំពង់ផែនេះស្ថិតនៅត្រឹមតែពាក់កណ្តាលផ្លូវពាណិជ្ជកម្ម សេដ្ឋកិច្ចអន្តរជាតិប៉ុណ្ណោះ។ ដូច្នេះ វានឹងសំរួលការចេញចូលរបស់នាវាចិនផ្សេងៗនៅទីនោះ។
ការវិនិយោគរបស់ចិននៅកំពង់ផែស្រីលង្កានេះ បានធ្វើអោយឥណ្ឌាមានការព្រួយបារម្ភ។ ឥណ្ឌាមានកំពង់ផែធំៗចំនួនពីរ ប៉ុន្តែជម្រៅទឹកមិនជ្រៅដើម្បីទទួលនាវាដឹកកុងតឺណឺយក្សអោយ ចូលចតបាននោះ ទេ។ ទោះយ៉ាងនេះក្តី អាជ្ញាធរកំពង់ផែស្រីលង្ការំពឹងថា ឥណ្ឌាក៏អាចទទួលប្រយោជន៍ពីកំពង់ផែកូឡុំបូដែរ ហើយកប៉ាល់ឥណ្ឌានានានឹងចំណេញពេលវេលាធ្វើដំណើរ៤ថ្ងៃ នៅពេលឆ្លងកាត់ប្រទេសស្រីលង្កា៕ដោយ ព្រំ សឿន សូលីណា(RFI)