ខេមរះ ភារុណ បដិសេធព័ត៌មាន ខេមរះ ស្រីពៅ ភ្ជាប់ពាក្យ
ភ្នំពេញ៖ ដោយចង់បញ្ចប់ព័ត៌មានទាក់ទងទៅនឹងតារាចម្រៀង ខេមរះ ស្រីពៅ ភ្ជាប់ពាក្យឬមានគូដំណ្តឹងនោះ បងប្រុសបង្កើតរបស់តារាចម្រៀងរូបនេះលោក ខេរះ ភារុណ បានចេញមកបដិសេធយ៉ាងញ័រមាត់ពាក់ព័ន្ធបញ្ហាខាងលើនេះ។
ការបដិសេធរបស់បងប្រុសត្រកូលខេមរះរូបនេះធ្វើឡើង បន្ទាប់ពីបណ្តាញព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយនូវព័ត៌មានអាចាមរាមនេះ ខណះពេលដែលលោកបានធ្វើការបដិសេធហើយក៍ដោយ។
ព័ត៌មាននេះចាត់ទុកជារឿងរ៉ាវថ្មីមួយទៀតពាក់ព័ន្ធបញ្ហាស្នេហាមកលើតារាចម្រៀងនាង ខេមរះ ស្រីពៅ បន្ទាប់ពីនៅមុននេះបន្តិចនាងក៍បានពើបប្រទះបញ្ហាមួយនេះដូចគ្នា ខណះពេលដែលនាងបានបាត់មុខមួយរយះពីវិស័យបទចម្រៀងដោយដឹងមូលហេតុ។ ប៉ុន្តែព័ត៌មាននេះបានរលត់បាត់ទៅវិញបន្ទាប់ពីខាងក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះបានចេញមកបដិសេធ ដោយលើកហេតុផលថា ការបាត់មុខរបស់តារាចម្រៀងខេមរះ ស្រីពៅនាពេលនោះគឺដោយសារតែនាងជាប់រវល់ក្នុងការសិក្សា។
ដោយឡែកដើម្បីលាងជំរះនូវព័ត៌មានអាប់អួរមួយនេះ ខេមរះ ស្រីពៅ បានវិលមកកាន់ក្បាលមេក្រូឡើងវិញ និងបានចេញបទចម្រៀងរួមគ្នាជាមួយនិងបងប្រុសលោក ខេមរះ សិរីមន្ត ដើម្បីស្តារមុខមាត់របស់ខ្លួនឡើងវិញ។ ប៉ុន្តែទើបតែបន្តវត្តមានច្រៀងឡើងវិញមិនទាន់ទាំងបានក្តៅក្បាលមេក្រូផងនោះ ស្រាប់តែព្យុះភ្ញៀងព័ត៌មានចចាមអាមពីការភ្ជាប់ពាក្យបានបោកបក់មកលើតារាចម្រៀងស្រីត្រកូលខេមរះរូបនេះជាថ្មីម្តងទៀត។
ទោះជាយ៉ាងណាដើម្បីលុបលាងពាក្យចចាមមួយនេះ និងចង់រក្សាកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្អូនស្រីក្នុងពិភពសិល្បះបន្តទៀតនោះ ជាថ្មីម្តងទៀតបងប្រុសបង្កើតរបស់តារាចម្រៀងរូបនេះលោក ខេមរះ ភារុណបានចេញមកបដិសេធជំនួសប្អូនស្រីយ៉ាងដាច់ខាតថា ព័ត៌មានមួយនេះមិនមែនជាការពិតឡើយ លោកសូមធ្វើការច្រានចោលទាំងស្រុង។
លោក ខេមរះ ភារុណ បានឲ្យដឹងថា លោកពិតជាមានការសោកស្តាយនៅពេលដែលបានលោកបានឃើញបណ្តាញសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយព័ត៌មានចចាមអារាមពីការភ្ជាប់ពាក្យរបស់ខេមរះ ស្រីពៅ ក្នុងពេលដែលលោកបានធ្វើការបដិសេធទៅហើយនោះ។
លោកនិយាយថា “គាត់បានបង្កើតពាក្យចចាមអារាមមួយនេះឡើងថា ខេមរះស្រីពៅ បានភ្ជាប់ពាក្យ ឬមានគូដណ្តឹង ហើយខ្ញុំឆ្លើយថាអត់មានទេ ប៉ុន្តែគាត់នៅតែសសេរចេញមកវែងឆ្ងាយហូរហែ ខ្ញុំមិនយល់សោះ។ ខ្ញុំចង់បញ្ជាក់ជាថ្មីថា រហូតមកដល់ពេលនេះខេមរះ ស្រីពៅ មិនបានភ្ជាប់ពាក្យឬក៍មានគូដណ្តឹងអ្វីឡើយ ព័ត៌មានទាំងនេះជាពាក្យចចាមអារាមប៉ុណ្ណោះ នេះជាពាក្យសម្តីរបស់ខ្ញុំ មិនមានការបន្លែបន្លំឡើយ”។
គួបញ្ជាក់ថា ខេមរៈ ស្រីពៅ មានវ័យ២៣ឆ្នាំបានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាំងពី ឆ្នាំ២០០៧មកម្លេះ ដោយធ្វើឱ្យគេស្គាល់តាមរយៈផលិតកម្មU2 និងចុងក្រោយ មកទើរនៅសាន់ដេ។ កន្លងមកតារាចម្រៀងសម្បុរស្រអែមត្រកូលខេមរះរូបនេះ មិនធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនិងស្នេហាឡើយ ព្រោះតែទៅណាមកណាគឺបានតាមស្អិត ជាមួយបងប្រុសនាងគឺតារាចម្រៀងលោក ខេមរៈ សិរីមន្ត ធ្វើឱ្យប្រុសដទៃ មិនបានសាសង តែទោះជាយ៉ាងណាគេមិនជឿថា នាងគ្មានសង្សារនិងអ្នកតាមស្រឡាញ់នោះទេ។
គេសង្កេតឃើញថា បើទោះបីជានៅក្នុងផលិតកម្មសាន់ដេមានតារាចម្រៀងស្រីល្បីៗដូចជា សុខ ពិសី អ៊ីវ៉ា និង អេនជី ហាក់លេចធ្លោនាំមុខគេក៏ដោយ ប៉ុន្តែ ខេមរៈ ស្រីពៅ នៅតែមានលំនឹង និងឈរយ៉ាងរឹងមាំនៅក្នុងផលិតកម្មមួយនេះដដែល ព្រោះតែនាងមានបទដែលបងប្រុសជាអ្នកនិពន្ធដោយបានសម្រិតសម្រាំងបទល្អៗ ឱ្យច្រៀងគ្រប់វ៉ុល៕ស.រ/Cambodia News