ប្រទេសវៀតណាមហាមឃាត់ការចែករំលែកព័ត៌មានតាមអ៉ិនធើរណិត
ប្រទេសវៀតណាមនឹងមិនអនុញ្ញាត ឲ្យអ្នក សរសេរនិពន្ធតាមអ៊ិនធើរណិត និងអ្នកប្រើប្រាស់បណ្តាញសង្គម (Bloggers & Social Media) ចែករំលែកព័ត៌មានតាមអ៊ិនធើរណិតទៀតទេ នេះបើតាមបទបញ្ជាថ្មីមួយ ចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ។
បទ បញ្ជាថ្មីនោះ បានចែងថា បណ្តាញសង្គម ដូចជា Facebook និង Twitter គួរប្រើប្រាស់សម្រាប់តែ “ផ្តល់ និងប្តូរព័ត៌មានផ្ទាល់ខ្លួន” តែប៉ុណ្ណោះ។
ឯកសារបទបញ្ជានោះ បានចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ ដោយបានកំណត់លក្ខខណ្ឌថា អ្នកប្រើប្រាស់អ៊ិនធើរណិត មិនគួរប្រើបណ្តាញសង្គម ដើម្បីចែករំលែក ឬប្តូរព័ត៌មានទាក់ទងនឹងព្រឹត្តិការបច្ចុប្បន្ននោះទេ។
ថ្នាក់ដឹកនាំនៃ ក្រសួងព័ត៌មានអេឡិកត្រូនិច ទូរទស្សន៍ និងវិទ្យុ លោក Hoang Vinh Bao មានប្រសាសន៍ថា គ្មានការអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្រង់ផ្សាយព័ត៌មានទូទៅ , ព័ត៌មានពីកាសែត, ព័ត៌មានពីភ្នាក់ងារសារព័ត៌មាន ឬព័ត៌មានពីវ៉ិបសៃថ៍ទាំងឡាយរបស់រដ្ឋនោះទេ។
គេមិនដឹងច្បាស់ នៅឡើយទេថា ច្បាប់ប្រទេសវៀតណាម ដែលនឹងយកទៅអនុវត្តនៅខែកញ្ញាខាងមុខនេះ នឹងត្រូវអនុវត្តដោយវិធីណា ឬមានការដាក់ទោសយ៉ាងណាចំពោះអ្នកមិនគោរពច្បាប់នេះ៕ (Radio Australia)