Bradley Manning ជាប់ទោសពីបទរំលោភច្បាប់ស៊ើបការអាមេរិក តែរួចការចោទប្រកាន់ថាឃុបឃិតជាមួយសត្រូវ
នៅថ្ងៃពុធនេះ តុលាការយោធាអាមេរិកនឹងបើកសវនការដំណាក់កាលចុងក្រោយ ធ្វើសេចក្តីសំរេចពីទោសដែលត្រូវដាក់ទៅលើ Bradley Manning យោធាអាមេរិកវ័យក្មេងមួយរូប ដែលបានទំលាយឯកសារសំងាត់ជាប្រវតិ្តសាស្ត្រ នៅអាមេរិក។ នៅថ្ងៃអង្គារម្សិលមិញ តុលាការបានប្រកាសថា Bradley Manning មានទោសក្នុងបទចោទប្រកាន់ ពី១៩ ទៅ២២ ទាក់ទងការរំលោភច្បាប់ស៊ើបការ។ ប៉ុន្តែ ទាហានរូបនេះ រួចផុតពីការចោទប្រកាន់ថា បានឃុបឃិតជាមួយសត្រូវ។ Bradley Manning ប្រហែលអាចជាប់ពន្ធនាគាររហូតដល់១៣៦ឆ្នាំ។
យោងតាមការវិនិច្ឆ័យដែលអានឡើងដោយចៅក្រមយោធា Denise Lind យុវជន Bradley Manning អាចទទួលទោសជាប់ពន្ធនាគារជាង១០០ឆ្នាំឯណោះ។ Bradley Manning មានទោស ក្នុងបទចោទប្រកាន់ ពី២០ទៅ២២ ស្តីពីការរំលោភច្បាប់ទាក់ទងការស៊ើបការ និងការលួចឯកសារសំងាត់យោធានិងការទូតអាមេរិក។
គួររំលឹកថា ចាប់ពីខែកញ្ញា ឆ្នាំ២០០៩ រហូតដល់ថ្ងៃចាប់ខ្លួន នៅខែឧសភា ឆ្នាំ២០១០ នៅពេលបំពេញការងារជាអ្នកវិភាគព័ត៌មានស្តីពីប្រទេសអ៊ីរ៉ាក់ យុវជនយោធារូបនេះ បានផ្តល់ឯកសារសំងាត់យោធា និងការទូតចំនួន៧ម៉ឺនច្បាប់ អោយគេហទំព័រអូស្ត្រាលីឈ្មោះថា WikiLeaks ធ្វើការផ្សព្វផ្សាយ។ លើសពីនេះទៀត ចៅក្រមយោធាបានលើកឡើងថា Bradley Manning បានជាប់ទោសថាបានលួចបញ្ជូនខ្សែកាបផ្នែកការទូតដោយខុសច្បាប់ និងឯកសារសំងាត់ទាក់ទងអ្នកទោសនៅពន្ធនាគារ Guantanamo ទៀតផង។ Bradley Manning មិនបានគោរពបទបញ្ជាយោធា និងបានធ្វើបច្ចេកទេសកុំព្យូទ័ររំលោភលើការហាមឃាត់ផ្នែកយោធា ។
ដោយឡែក តុលាការយោធាសំរេចអោយយុវជនរូបនេះ រួចពីការចោទប្រកាន់ថា បានឃុបឃិតជាមួយសត្រូវ។ ប្រសិនជា Bradley Manning ត្រូវបានគេរកឃើញថា បានជួយក្រុមឧទ្ទាមអាល់ កៃដា មែននោះ Bradley Manning អាចនឹងជាប់ពន្ធនាគារពីបទឃុបឃិតក្នុងអំពើឧក្រិដ្ឋ។ លោក David Coombs ដែលជាមេធាវីរបស់ Bradley Manning បានលើកឡើងថា ព្រះរាជអាជ្ញាបានចោទប្រកាន់ថា Bradley Manning ឃុបឃិតជាមួយសត្រូវនោះ គឺដើម្បីជំរុញមិនអោយមានការផ្សព្វផ្សាយព័ត៌មានសំងាត់ដែល លេចធ្លាយតែប៉ុណ្ណោះ។
សហភាពអាមេរិកាំងធ្វើការការពារសេរីភាព ហៅកាត់ថា ALCU មានការធូរស្រាលចិត្តពេល Bradley Manning រួចពីការចោទថា បានឃុបឃិតជាមួយសត្រូវ។ សហភាពនេះលើកឡើងថា បញ្ហាលេចធ្លាយឯកសារផ្តល់ដល់សារព័ត៌មាន ដើម្បីប្រយោជន៍សាធារណៈបែបនេះ មិនគួរត្រូវប្តឹងដាក់ទោសនោះទេ៕ដោយ ព្រំ សឿន សូលីណា (RFI)