បក្សកាន់អំណាច និងបក្សប្រឆាំង អះអាងឈ្នះការបោះឆ្នោតដូចគ្នា
ភ្នំពេញ៖ គណបក្ស កំពុងកាន់អំណាច និងគណបក្សប្រឆាំង អះអាងរៀងៗខ្លួនថា ពួកគេ បានឈ្នះអាសនៈក្នុងសភា អាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ដើម្បីដឹកនាំប្រទេសនាអាណត្តិទី៥នេះ ខណៈលទ្ធផលបោះឆ្នោតផ្លូវការ មិនទាន់ត្រូវបានប្រកាសក៏ដោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ក្នុងចំណោមអាសនៈសរុប១២៣ ក្នុងរដ្ឋសភា ចំណែកគណបក្សប្រឆាំងវិញ ទទួលបាន៥៥អាសនៈប៉ុណ្ណោះ។
ការអះអាងនេះ ត្រូវបានគណបក្សប្រឆាំងច្រានចោលភ្លាមៗ និងគំរាមធ្វើមហាបាតុកម្ម បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនបង្កើតគណៈកម្មការចម្រុះមួយ រកការពិតករណីនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត។
ចំណែកគណបក្សប្រឆាំងវិញ អះអាងដូចគណបក្សកាន់អំណាចដែរ ដោយថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិអាណត្តិទី៥នេះ ពួកគេទទួលបានចាប់ពី ៦៣អាសនៈ ដែលអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបាន។
លោក កែវ ផល្លា មន្ត្រីព័ត៌មាន និងដោះស្រាយវិវាទ របស់ គ.ជ.ប បានយល់ថា ពលរដ្ឋមិនគួរភ្ញាក់ផ្អើលតាម ការលើកឡើង របស់អ្នកនយោបាយពេកទេ គួរតែរង់ចាំលទ្ធផលផ្លូវការពី គ.ជ.ប ពីព្រោះព័ត៌មានផ្លូវការ អំពីលទ្ធផលយ៉ាងណានោះ គឺទាល់តែចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក អ៊ូ វីរៈ ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម បានអះអាងថា ស្ថិតក្នុងសភាពការនេះ គណបក្សនយោបាយ ដែលទទួលបានអាសនៈក្នុងសភា ទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច មិនគួទុកចិត្តលើ គ.ជ.ប ដែលរងការិះគន់ថា មានភាពលំអៀងនោះទេ គួតែបើកកិច្ចពិភាក្សាបន្ទាប់ណាមួយ រកចំនុចរួមដែលអាចទទួលយកបាន ទាំងអស់គ្នា ដើម្បីរក្សាសន្តិសុខក្នុងសង្គម និងបំបាត់ភាពភ័យខ្លាច របស់ពលរដ្ឋ៕ Cambodia News