សហភាព​អឺរ៉ុប​បញ្ចូល​ក្រុម​Hezbollah​ ក្នុង​បញ្ជី​​ឈ្មោះ​ក្រុម​ភេរវករ​

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋ​មន្ត្រី​ការបរទេសនានា​​នៃ​សហភាព​​អឺរ៉ុប​ បាន​​​សំរេច​កត់ត្រា​បញ្ចូល​ក្រុម​​​ Hezbollah ​​ទៅ​ក្នុង​បញ្ជី​​ឈ្មោះនៃ​បណ្តា​​ក្រុម​ភេរវករ​​នានា។ ​​​Hezbollah គឺ​ជា​ចលនា​​​សកម្មជន​​លីបង់​ដ៏​មាន​សក្តានុពល​មួយ​។ ក្រុម​នេះ​គាំទ្រ​ប្រទេស​អ៊ីរ៉ង់។ បច្ចុប្បន្ន​ ក្រុម​​​​Hezbollah ​​កំពុង​តែ​​ធ្វើ​​​សកម្មភាពច្រើនឡើង នៅ​ប្រទេស​ស៊ីរី គាំទ្រ​ប្រធានាធិបតី​អាសាដ។ ​​​​ប្រទេស​​ជា​ច្រើន​ដូច​ជា​ អ៊ីស្រាអែល អាមេរិក​ អូស្ត្រាលី​ រឺ​ក៏​កាណាដា ធ្លាប់​បាន​កត់​ត្រា​ទុក​​ក្រុម​នេះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​​ តាំង​ពី​យូរ​ណាស់​មកហើយ។

នៅ​ថ្ងៃ​ ចន្ទ​នេះ ប្រមុខ​ការទូត​នានា​នៃ​សហភាព​អឺរ៉ុប​ បាន​សំរេច​​កត់ត្រា​បញ្ចូល​ក្រុម​ Hezbollah ទៅក្នុង​បញ្ជី​ឈ្មោះ​​បណ្តា​ក្រុមភេរវករ​។ ប៉ុន្តែ សហភាព​អឺរ៉ុប​​បាន​ប្រាប់​ថា ខ្លួន​នៅ​តែ​មាន​បំណង​បន្ត​ការ​ចរចា​ជាមួយ​មេដឹកនាំ​នយោបាយ​របស់​ក្រុម​ នេះដដែល។ រហូត​មក​ដល់​ពេល​នេះ នៅ​​​សហភាព​អឺរ៉ុប មានតែ​ប្រទេស​ហូឡង់ និង​អង់គ្លេស​ប៉ុណ្ណោះ ដែល​បាន​កត់ត្រា​​ទុក​​ក្រុម Hezbollah ​នៅ​ក្នុង​បញ្ជី​ខ្មៅរបស់​ខ្លួន។

ពាក្យជា​ភាសា​អារ៉ាប់​​​ Hezbollah ប្រែជា​ខ្មែរ​ថា គណបក្ស​ព្រះ​ជាម្ចាស់។ ក្រុម​ Hezbollah ជា​ចលនា​នយោបាយ​​និកាយ​Chiite​ លីបង់ ដែល​បាន​បង្កើត​​​ឡើងក្នុង​ឆ្នាំ​១៩៨២ នៅ​​ក្រុង​ Baalbek ភាគខាង​កើត​លីបង់​​។ កាលណោះ ចលនា​នេះ​​មាន​ទិសដៅ​​​ប្រឆាំង​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល​​មក​លើ​​ លីបង់។ ក្នុង​សកម្មភាព​ប្រឆាំង​​អ៊ីស្រាអែល ក្រុម​​ Hezbollah ​​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​អ៊ីរ៉ង់។ ចាប់​ពី​ឆ្នាំ​ ១៩៨៥ មក សាខា​យោធា​ក្រុម​នេះ​បានឈរ​ជើង​យ៉ាង​រឹងមាំ នៅ​ភាគខាងត្បូង​លីបង់។ ក្រុម​នេះ​​តែងតែ​​​​​វាយប្រហារ​​បង្ក​អោយ​​មាន​មនុស្ស​ស្លាប់​ច្រើន ជាហេតុ​នាំ​អោយ​អ៊ីស្រាអែល​​ដកកង​ទ័ព​ខ្លួន​ចេញ​ពី​លីបង់​ នៅ​ឆ្នាំ​២០០០ បន្ទាប់​ពីមាន​​​​វត្តមាន​នៅ​​​​ប្រទេស​នេះ​ អស់​រយៈ​ពេល​ ​២២​ឆ្នាំ​រួចមក។

នៅ​ឆ្នាំ​ ១៩៨៩ក្រុម​​ Hezbollah បាន​ត្រូវ​អ៊ីស្រាអែល​កត់​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ក្រុម​ភេរវករ។ ក្រុម​នេះ​មិនមែន​ត្រឹម​តែ​ជា​សត្រូវ​របស់​អ៊ីស្រាអែល​តែ​មួយ​នោះទេ សហរដ្ឋអាមេរិក កាណាដា​ អូស្ត្រាលី​ រឺ​ក៏​ប្រទេស​បារ៉ែន ​ក៏​បាន​​កត់ត្រា​ក្រុម​នេះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ដែរ។

កាលពី​ដើម​​ខែ​មិថុនា​​ កន្លង​ទៅ​​ អ្នករាជានិយម​​នានា​ដែល​កាន់កាប់​ផ្នែក​ប្រេងឥន្ធនៈ​ នៅ​តំបន់​ឈូង​សមុទ្រ ពែរស៍​ បាន​ប្រកាស​​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សមាជិក​ក្រុម​ Hezbollah ដែល​រស់​នៅ តំបន់​​ឈូងសមុទ្រពែរស៍ ជាការ​សងសឹក​នឹង​សកម្មភាព​ដែល​ក្រុម​ Hezbollah ​បាន​បង្ក​នៅ​ប្រទេស​ស៊ីរី។ គួរ​បញ្ជាក់​ថា នៅស៊ីរី ក្រុម Hezbollah និកាយ​Chiite ធ្វើ​សកម្មភាព​​គាំទ្រ​ប្រធានាធិបតី​អាសាដ៕​​ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close