អ្នក​រាជា​និយម​តំបន់​​ឈូង​សមុទ្រ​ពែរស៍​ចង់​បង្កើត​មូលនិធិ​៤០០លាន​ដុល្លារ​ជួយ​បក្ស​ប្រឆាំង​ស៊ីរី​

នៅ​​ថ្ងៃ​អាទិត្យម្សិលមិញ​​ លោក Ahmad Jarba ដែល​ជា​មេដឹកនាំ​ថ្មី​នៃ​​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី ​បាន​​ចេញ​សេចក្តី​ប្រកាស​មួយ​​ចែង​ថា ​​អ្នក​​រាជា​និយម​នានា ដែល​កាន់កាប់​ផ្នែក​ប្រេង​ឥន្ធនៈ​​ នៅ​​​តំបន់​ឈូងសមុទ្រ​ពែរស៍ ​​​ចង់​បង្កើតអោយ​​មាន​​មូលនិធិមួយ​ជា​​ទឹកប្រាក់​​​៤០០​លាន​ដុល្លារ​​ អាមេរិក​ ដើម្បី​ជួយ​​សម្ព័ន្ធ​​ប្រឆាំង​ស៊ីរី។

នៅ ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ យោងតាម​សេចក្តី​ប្រកាស​របស់​លោក Ahmad Jarba ដែល​ជា​មេដឹកនាំ​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី អ្នក​រាជានិយម​អារ៉ាប់​​​​នានា​​ដែល​កាន់កាប់​​ផ្នែក​ប្រេង​ឥន្ធនៈ​នៅ​តំបន់ ​ឈូងសមុទ្រ​ពែរស៍ មាន​បំណង​​បង្កើត​នូវ​មូលនិធិ​ ជា​ទឹក​ប្រាក់​៤០០លាន​ដុល្លារអាមេរិក​​ ដើម្បី​ជួយ​សម្ព័ន្ធ​ប្រឆាំង​​ស៊ីរី។ មូលនិធិ​នេះ​ គឺ​ដើម្បី​អោយ​សម្ព័ន្ធ​ប្រឆាំង​អាច​យក​ទៅ​ជួយ​តំបន់​ដែល​ក្រុមឧទ្ទាមស៊ីរី​ ​រំដោះបាន​​ និង​ជួយ​ជន​ភៀសខ្លួន​​ដែល​គេច​ពី​សង្គ្រាម​ក្នុង​ស្រុក ទៅ​នៅ​ប្រទេស​ជិតខាង​ក្បែរនោះ។

​មេដឹកនាំ​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​​​​ មិន​បាន​អត្ថាធិប្បាយ​អ្វី​​ទាក់ទង ​នឹង​​​​បែបបទ​​​​បង្កើត​មូលនិធិ​នេះ រឺ​ក៏​ថា​​តើ​គេ​នឹង​​ធ្វើហិរញ្ញ​ប្បទាន​តាម​វិធី​ណា​នោះ​ឡើយ។ កាលពី​ថ្ងៃសៅរ៍​​នេះ លោក Ahmad Jarba បាន​​​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​ថា អាទិភាព​របស់​សម្ព័ន្ធ​ប្រឆាំង​​ស៊ីរី គឺ​ធ្វើ​យ៉ាងណា​ស្វែង​រក​អាវុធអោយ​បាន​ឆាប់​បំផុត ដើម្បី​​ផ្តល់​អោយ​ក្រុម​ឧទ្ទាម ​ក្នុង​ការ​ប្រយុទ្ធ​​ទប់ទល់​នឹង​កងទ័ព​ប្រធានាធិបតី​អាសាដ។

ក្រុមឧទ្ទាម​​​រំដោះ​បាន​តំបន់​​ជាច្រើន​នៅ​ស៊ីរី ហើយ​តំបន់​ទាំងនេះ ​មាន​ទំហំ​​​​ពាក់កណ្តាល​ប្រទេស​​ស៊ីរី។ លោក Ahmad Jarba ធ្លាប់​​អំពាវនាវ​ជាច្រើន​លើក​​មក​ហើយ ​សុំអោយ​​សហភាព​អឺរ៉ុប​​​ផ្តល់​អាវុធ​ដល់​ក្រុម​ឧទ្ទាមស៊ីរី។ នៅ​សប្តាហ៍​ក្រោយ​នេះ មេដឹកនាំ​សម្ព័ន្ធ​ប្រឆាំង​ស៊ីរីរូបនេះ ​នឹង​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅបណ្តា​បស្ចិមប្រទេស​នានា ក្នុង​នោះ​​លោក​នឹង​ជួប​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ​ ហូឡង់។

គួរ​រំលឹក​ថា លោក Ahmad Jarba បាន​​ចូល​កាន់​តំណែង​ជា​មេ​ដឹកនាំ​​​សម្ព័ន្ធប្រឆាំង​ស៊ីរី កាលពី​ដើម​ខែ​ កក្កដា​ បន្ត​ពី​លោក Moaz al-Khatib។  កាលពី​ខែ​មិនា​ដើមឆ្នាំ​​ លោក​ al-Khatib បាន​លា​ចេញ​ពី​តំណែងនេះ​​ ដើម្បី​​​បរិហារ​សហគមន៍​អន្តរជាតិ ថា​​ នៅ​ស្ងៀម​​មិន​ព្រម​​​ប្រតិកម្ម​ នៅ​ចំពោះ​មុខ​​ជម្លោះ​រ៉ាំរ៉ៃ​នៅ​ស៊ីរី។ ជាង​ពីរ​ឆ្នាំ​មក​នេះ វិបត្តិ​​ជម្លោះ​ស៊ីរី​​បាន​ធ្វើ​អោយ​ស្លាប់​​មនុស្ស​អស់​ជាង​មួយ​សែន នាក់ និង​​ធ្វើ​អោយ​ប្រជាជន​មួយលាន​ប្រាំបីសែន​នាក់​ទៀត​​រត់​ភៀសខ្លួន៕​​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close