អង់គ្លេសលក់សម្ភារៈយោធាអោយស៊ីរីនិងអ៊ីរ៉ង់
នៅថ្ងៃពុធនេះ គណកម្មការសភាអង់គ្លេសបានចេញផ្សាយរបាយការណ៍ដ៏គួរអោយព្រួយបារម្ភ មួយ ចែងថា រដ្ឋាភិបាលអង់គ្លេសលក់សម្ភារៈយោធាទៅអោយគ្រប់បណ្តាប្រទេសដែល មានភាពរំជើបរំជួលផ្នែកនយោបាយ ដូចជាស៊ីរី រឺក៏អ៊ីរ៉ង់ជាដើម។ រដ្ឋាភិបាលអង់គ្លេសបានប្រតិកម្មទៅវិញថា អង់គ្លេសមិនបានលក់នូវសម្ភារៈអ្វីដែលប្រើដើម្បីពន្យុះអោយមាន ជម្លោះក្នុងតំបន់ រឺក៏ជម្លោះជាអន្តរជាតិនោះទេ។
យោងតាម លោក Jonh Stanley អតីតរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណកម្មការសភាអង់គ្លេស រដ្ឋាភិបាលអង់គ្លេសបានបន្តអាជ្ញាបណ្ណចំនួន ៣០០០ ក្នុងតំលៃទឹកប្រាក់ជាង ១៤ពាន់លានអឺរ៉ូ ដើម្បីនាំសម្ភារៈយោធាចេញទៅលក់នៅក្រៅប្រទេស។ សំរាប់អតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះ ទឹកប្រាក់ជាង១៤ពាន់លានអឺរ៉ូនេះ គឺជាទឹកប្រាក់មហាសាល។
ក្នុង ចំណោមប្រទេសទាំង២៧ដែលមានស្ថានភាពនយោបាយរំជើបរំជួល មានតែប្រទេសកូរ៉េខាងជើងនិងស៊ូដង់ខាងត្បូងទេ ដែលមិនបានចុះកិច្ចសន្យាទិញ-លក់សម្ភារៈយោធាជាមួយអង់គ្លេស។ អ៊ីរ៉ង់បានចុះកិច្ចសន្យាចំនួន៦២ ជាមួយអង់គ្លេស ហើយរុស្ស៊ីចុះកិច្ចសន្យា២៧។ អ៊ីរ៉ង់ទិញពីអង់គ្លេសនូវឧបករណ៍ការពារសុវត្ថិភាពនៃសារ ទំនាក់ទំនងគ្នា។ រីឯរុស្ស៊ីវិញ បញ្ជាទិញឧបករណ៍ដូចជា សម្ភារៈបច្ចេកទេសជីវសាស្ត្រ កាំភ្លើងប្រើវ៉ែនតា រឺក៏យន្តហោះ Drone ដែលគ្មានមនុស្សបើកជាដើម។
រុស្ស៊ីនិងអ៊ីរ៉ង់ជាប្រទេសដែលផ្តល់អាវុធដល់រដ្ឋាភិបាល ស៊ីរី។ នៅស៊ីរី សង្គ្រាមរ៉ាំរ៉ៃជាងពីរឆ្នាំមកនេះ បានធ្វើអោយមានមនុស្សស្លាប់ជិតមួយសែននាក់ហើយ។ រដ្ឋាភិបាលក្រុងដាម៉ាស បានបន្តទិញពីអង់គ្លេស នូវយានយន្តគ្រប់បែបប្រើក្នុងសមរភូមិ និងឧបករណ៍ចាប់សម្លេងក្នុងទឹក។ ដោយឡែក អង់គ្លេសទើបតែបានប្រកាស កាលពីថ្ងៃអង្គារនេះថា នឹងផ្តល់សម្ភារៈទប់ទល់អាវុធជាតិគីមីទៅអោយបក្សប្រឆាំងស៊ីរី នាពេលខាងមុខនេះ។
ប្រមុខការទូតអង់គ្លេស លោក William Hague បានប្រតិកម្មយ៉ាងរហ័សទៅនឹងរបាយការណ៍របស់គណកម្មការសភាអង់គ្លេស វិញថា ទណ្ឌកម្មអង់គ្លេសដាក់ទៅលើអ៊ីរ៉ង់មានលក្ខណៈតឹងរ៉ឹងណាស់ ហើយអង់គ្លេសមិននាំចេញទៅអោយអ៊ីរ៉ង់ នូវអ្វីដែលផ្ទុយនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ផ្ទុយនឹងសហភាពអឺរ៉ុប រឺក៏នយោបាយជាតិខ្លួននោះឡើយ។ រដ្ឋាភិបាលអង់គ្លេសបានបដិសេធថា ខ្លួនមិនលក់សម្ភារៈដែលប្រើពន្យុះអោយមានជម្លោះក្នុង តំបន់ រឺក៏ជម្លោះជាអន្តរជាតិនោះទេ៕ ដោយ ព្រំ សឿន សូលីណា (RFI)