ស៊ុយអែត សង្ឃឹមថា ការបោះឆ្នោត នឹងដំណើរការ យ៉ាងរលួន តាមលំនាំ ប្រជាធិបតេយ្យ
Cambodia News/
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ កក្កដា នេះ ឯកអគ្គរាជទូត ព្រះរាជាណាចក្រស៊ុយអែត ចប់អាណត្តិនៅកម្ពុជា បានលើកឡើងថា លោកស្រី សង្ឃឹមថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ ២០១៣ ខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន និងតាមលំនាំប្រជាធិបតេយ្យ។
លោកស្រី អាន ហុកលុន (Anne HogLung) បានលើកឡើងបែបនេះ ក្នុងជំនួបទ្វេភាគី ជា មួយ ប្រធាន រដ្ឋសភា លោក ហេង សំរិន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣នេះ នាវិមានរដ្ឋសភាកម្ពុជា។
ក្នុងអាណត្តិការទូតបីឆ្នាំនេះ លោកស្រី បានជំរាបថា «ទោះបីជាលោកស្រី ចប់អាណត្តិការទូត នៅកម្ពុជាក្តី លោកស្រី នឹងនៅតែខិតខំ ជំរុញយ៉ាងណា ឲ្យទំនាក់ទំនងកិច្ច សហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត កាន់តែខ្លាំងក្លាឡើងថែមទៀត ហើយនៅខែកញ្ញា ខាង មុខនេះ អ្នកថ្មីនឹងមកជំនួសលោកស្រី ជាឯកអគ្គរាជទូតស៊ុយអែត នៅកម្ពុជា»។
ក្នុងជំនួបនោះដែរ លោក ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូត របស់លោកស្រី អាន ហុកលុន នៅ កម្ពុជា ហើយសម្តេច ក៏បានអរគុណប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានជួយឧបត្ថម្ភ ដល់ប្រជាជនកម្ពុជា ក្នុង បុព្វហេតុកសាងសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា ឡើងវិញ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះដែរ សម្តេច ហេង សំរិន ក៏បានអនុញ្ញាត ឲ្យឯកអគ្គរាជទូត ព្រះរាជាណាចក្រម៉ារ៉ុក ដែល ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ផងដែរ៕