អូស្រ្ដាលីលប់ចោលកម្មវិធីយកពន្ធដារលើឧស្ម័នកាបូន
ការសម្រេចចិត្ដរបស់រដ្ឋាភិបាលអូស្រ្ដាលី ក្នុងការលប់ចោលនូវ កម្មវិធីយកពន្ធដារលើការបញ្ចេញឧស្ម័នកាបូន ដោយដាក់ជំនួសវិញនូវកម្មវិធីពាណិជ្ជកម្មលើឧស្ម័នកាបូន បាននាំឲ្យមានប្រតិកម្មចម្រុះពីខាងក្រុមអ្នកជំនួញ និងពីខាងក្រុមឧស្សាហកម្មរ៉ែ។
រដ្ឋាភិបាលអូស្រ្ដាលីនិយាយថា កម្មវិធីពាណិជ្ជកម្មឧស្ម័នកាបូននឹងត្រូវរដ្ឋាភិបាលយកមកអនុវត្ដមួយ ឆ្នាំមុនកាលកំណត់។ ឥទ្ធិពលនៃការផ្លាស់ប្ដូរផែនការនេះ គឺការបញ្ចុះតម្លៃថេរនៃឧស្ម័នកាបូនចំនួនយ៉ាងតិច១៤ដុល្លារក្នុង មួយតោន។
ការសម្រេចចិត្ដប្ដូរយុទ្ធសាស្រ្ដនេះ បានទទួលការស្វាគមន៍ពីក្រុមឧស្សាហកម្មអូស្រ្ដាលី ដែលនិយាយថា វាធ្វើឲ្យចំណាយរបស់ក្រុមហ៊ុនជំនួញមានតម្លៃទាបជាងមុន។
ប៉ុន្ដែ យ៉ាងណាក៏ដោយ ខាងក្រុមប្រឹក្សាធនធានរ៉ែអូស្រ្ដាលីនិយាយថា គេត្រូវការពិនិត្យឲ្យបានហ្មត់ចត់លើរចនាសម្ព័ន្ធនៃកម្មវិធី ពាណិជ្ជកម្មឧស្ម័នកាបូនថ្មីនេះ។
រដ្ឋាភិបាលអូស្រ្ដាលីមិនទាន់ បញ្ចេញឲ្យដឹងនៅឡើយទេថា តើរដ្ឋនឹងខាតបង់ប្រាក់ប៉ុនណាដោយសារការផ្លាស់ប្ដូរយុទ្ធសាស្រ្ដ ថ្មីនេះ៕ (Radio Australia)