​តុលាការគ្រោងហៅអ្នក​​កាសែត២នាក់ឲ្យឆ្លើយ​បំភ្លឺ​សំណុំរឿង​លោក ឈុត វុទ្ធី

នៅ​ថ្ងៃ​ទី​១៧ ​​ឧសភា ២០១២ ខាង​​មុខនេះមន្រ្តី​សង្គម​ស៊ីវិល​​និ​យាយ​ថា សាលា​ដំបូង​ខេត្ត​កោះ​កុង​គ្រោង​​​នឹង​ចេញ​ដីកា​កោះ​ហៅ​អ្នក​យក​ព័ត៌មាន ២​រូប របស់​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ត្រូវ​គេ​ចាត់​​​ទុក​ថា ជា​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សំណុំ​រឿង​ដែល​មាន​ជាប់​ពាក់​​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​​​ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​មន្ត្រី​​ប៉េអិម​ម្នាក់ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ​នេះ​ឲ្យ​ឆ្លើយ​បំភ្លឺទាក់​ទង​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។

មន្រ្តី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នាង បូរ៉ាទីណូ (Adhoc) ប្រចំា​ខេត្ត​កោះ​កុង​ បាន​និយាយ​​នៅ​ថ្ងៃ​ទី​៧ ​​ឧសភា​ ​២០១២ ថា ព្រះរាជអាជ្ញា​រង​​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង ​លោក ស្រី មាក់នី គ្រោង​នឹង​ចេញ​ដីកា​កោះ​ឲ្យ​អ្នក​យក​ពត៌មាន ២​រូប គឺ​កញ្ញា ផន បុប្ផា និង​អ្នក​ជន​ជាតិ​​កាណាដា របស់​កាសែត ឌឹ ខេមបូឌា ដេលី ម្នាក់​ទៀត ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

ការ​ចេញ​ដីកា​កោះ​នេះ​ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​របស់​រដ្ឋាភិបាល បាន​បិទ​បញ្ចប់​សំណុំ​រឿង ដោយ​មាន​​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ ​មេសា ​២០១២ កន្លង​ទៅ​ថ្មីៗ​នេះ។ លទ្ធ​ផល​នៃ​ការស៊ើប​អង្កេត​នេះ បាន​រក​ឃើញ​ថា អំពើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា គឺ​ជា​ទំនាស់​បុគ្គល។

សូម​រំ​លឹក​ថា អំពើ​ឃាតកម្ម​ដែល​បណ្តាល​ឲ្យ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ស្លាប់ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦​ ​មេសា ២០១២ នៅ​ចំណុច​វាល​បី ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក អ៊ិន រតនា​ ជា​មន្ត្រី​ប៉េអិម​ព្យាយាម​រារាំង បន្ទាប់​ពី​លោក​ ឈុត វុទ្ធី ថត​គំនរ​ឈើ​មួយ​របស់​ក្រុមហ៊ុន ដែល​គេ​ស្គាល់​ឈ្មោះ​ថា ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង​​ដើម្បី​ធ្វើ​វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង៕

Related Articles

Back to top button
Close
Close