មន្រ្តីក្នុងក្រសួងព័ត៌មានប្តឹងអនុរដ្ឋលេខាធិការម្នាក់ពីបទពុករលួយ
Cambodia News/
ភ្នំពេញ៖ អនុរដ្ឋលេខាធិការម្នាក់ នៃក្រសួងព័ត៌មាន ត្រូវបានបុគ្គលិកនៃក្រសួងនេះដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើ ពុករលួយ ចំពោះការយកលុយពីមន្រ្តី ដែលដាក់ពាក្យប្រឡងប្តូរក្របខណ្ឌ មន្រ្តីរាជការកាលពីពេលថ្មីៗនេះ។
តាមលិខិតមួយច្បាប់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើទៅកាន់លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះថ្ងៃទី១០ ខែមិថុនា ហើយដែលទើបត្រូវផ្សព្វផ្សាយឲ្យដឹងថា លោកជំទាវ នង បឿង អនុរដ្ឋលេខាធិការទទួលបន្ទុកនាយក ដ្ឋានបុគ្គលិក និងជាប្រធាននាយកដ្ឋានបុគ្គលិកព្រមទាំងបក្ខពួក ត្រូវបានមន្រ្តីរាជការនៅក្នុងក្រសួងព័ត៌មានចោទប្រកាន់ថា បានទារលុយពីពួកគេក្នុងការសុំសិទ្ធិប្រឡងប្តូរក្របខណ្ឌក្នុង ម្នាក់ចំនួន៣ម៉ឺន៥ពាន់រៀល។ ជាមួយគ្នានោះពួកគេត្រូវបង់ប្រាក់ចន្លោះពី ៣០០ដុល្លារ ទៅ ១២០០ដុល្លារ ជាថ្នូរនឹងការប្រឡងជាប់។
លិខិតដដែលរបស់លោក ឱម យ៉ិនទៀង បានប្រាប់ឲ្យលោក ខៀវ កាញារិទ្ធ ធ្វើការពិនិត្យ និងធ្វើការដោះស្រាយករណីចោទប្រកាន់នេះ ដើម្បីផ្តល់របាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងការ ពិចារណាថា គួរបើក ឬមិនគួរបើកការស៊ើបអង្កេត។
នៅមិនទាន់មានការបកស្រាយណាមួយពីភាគីពាក់ព័ន្ធជុំវិញការ ចោទប្រកាន់របស់មន្រ្តីក្រសួងព័ត៌មានទៅលើអនុរដ្ឋលេខាធិការដែលទទួល បន្ទុកនាយកដ្ឋានបុគ្គលិកនេះនៅឡើយទេ៕