លោក ហ៊ុន សែន មិនដឹងពីការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី
Cambodia News /
ភ្នំពេញ៖ បន្ទាប់ពីលោកចេញពីពិធីចុះហត្ថលេខាទទួលជំនួយ ដែលមានការប្រាក់ទាប ចំនួន ២០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ នៅក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃពុធ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតប ចំពោះការចោទសួររបស់អ្នកសារព័ត៌មានថា «លោកមិនដឹង ចំពោះការប្រកាសរបស់ លោក សម រង្ស៊ី ដែលថា នឹងត្រឡប់មកកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោតនោះ»។
ចំពោះករណីនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង គឺជារឿងបុគ្គល ដែលមិនមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។ លោកបញ្ជាក់ថា នគរបាលជាតិកម្ពុជា នឹងអនុវត្តតាមច្បាប់ ចាប់ខ្លួន ប្រធានគណបក្សប្រឆាំងរូបនេះ ភា្លមៗ បើលោកត្រលប់ចូលស្រុកវិញ។
ប៉ុន្តែអ្នកឃ្លាំមើលការបោះឆ្នោត លោក ហង្ស ពុទ្ធា បានព្រមានកាលថា ប្រសិនបើមានការចាប់ខ្លួនលោក សម រង្ស៊ី នោះនឹងធ្វើឲ្យចលាចលមុនការបោះឆ្នោត។ យ៉ាងនេះក្តី លោកសម រង្ស៊ី អះអាងថា នឹងវិលត្រលប់មកកម្ពុជាវិញ មុនថ្ងៃបោះឆ្នោត ហើយលោកនឹងដើរចូលដោយខ្លួនឯងទៅកាន់កន្លែងដែលរដ្ឋាភិបាលកំណត់ថា ជាមន្ទីរឃុំឃាំងលោកនោះ។
គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិកចំនួនពីររូប គឺលោក Lindsey Graham និងលោក Marco Rubio កាលពីខែមិថុនា បានផ្ញើសេចក្តីសម្រេចលើកំណត់ត្រាសភា របស់អាមេរិក ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា ដោយសារស្ថានភាពមិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។
ការកាត់បន្ថយជំនួយមកកម្ពុជា អាចនឹងត្រូវធ្វើឡើង ប្រសិនបើការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយ មិនសេរី និងយុត្តិធម៌ ដែលគេសំដៅដល់ ការអវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី៕