ផ្តល់​រង្វាន់ ​៧​លាន​រៀល​ដល់​ពល​រដ្ឋ​ ដែល​ផ្តល់​ព័ត៌​មាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ ឈូក ​បណ្ឌិត​

Cambodia News

ភ្នំ​ពេញ​៖ អ្នក​ស្រលាញ់​យុត្តិធម៌​នៅ​កម្ពុជា សន្យា​ផ្តល់​ប្រាក់​លើកទឹកចិត្ត ៧​លាន​រៀល ដល់​អ្នក​ដែល​បាន​ចាប់ខ្លួន​ជន​ជាប់​ចោទ​បាញ់​កម្មករ លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស តាម​​បញ្ជា​របស់​តុលាការ ​ខណៈ​ជនជាប់ចោទ​រូប​នោះ​​កំពុង​លាក់ខ្លួន​។​

ជនជាប់ចោទ ឈូក បណ្ឌិត
ជនជាប់ចោទ ឈូក បណ្ឌិត

ការប្រកាស​ផ្តល់ប្រាក់​លើកទឹកចិត្ត​នេះ ធ្វើឡើង​ខណៈ​ដែល​ជនជាប់ចោទ ជា​អតីតមន្ត្រី​មានអំណាច លោក ឈូក​ បណ្ឌិត កំពុង​មាន​សេរីភាព​នៅក្រៅ​ឃុំ​នៅ​ទ្បើយ បើ​ទោះ​បី​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៣ ក៏ដោយ។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ឲ្យដឹងថា ទឹកប្រាក់​នោះ​បាន​ពី​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន មួយ​ចំនួន ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ ខ្លួន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពល​រដ្ឋ ឬ​សមត្ថកិច្ច ដែល​សហការ​គ្នា ឈាន​ទៅ​​រក​ចាប់ខ្លួន​ជន​ជាប់​ចោទ​ លោក ឈូក បណ្ឌិត​។​

កាលពី​ថ្ងៃ​២៥ ​ខែ​មិថុនា​ ឆ្នាំ​២០១៣ សាលាដំបូង​ខេត្តស្វាយរៀង បាន​ចេញ​ដីកា​​បង្គាប់​ឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន លោក​ ឈូក បណ្ឌិត មក​ផ្តន្ទាទោស ដាក់​ពន្ធនាគារ ១៨​ខែ រឿង​បាញ់​កម្មការនី​បី​នាក់​ឲ្យ​រងរបួស នៅ​ក្រុង​បាវិត កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ និង​បង្គាប់​ឲ្យ​បង់ប្រាក់​៣៨​លាន​រៀល ​ដល់​ជន​រងគ្រោះ​​ ប៉ុន្តែ​មក​ដល់​ពេល​នេះ សមត្ថកិច្ច មិនទាន់​ដឹង​ថា លោក​ ឈូក បណ្ឌិត កំពុង​លាក់ខ្លួន​នៅទីណា​នៅឡើយ​ទេ​៕​

Related Articles

Back to top button
Close
Close