ស្ថានទូតអាម៉េរិកចេញសេចក្តីប្រកាសព័ត៌មានលើករណីលោក ឈុត វុទ្ធី
នៅព្រឹកថ្ងៃទី ៣ ឧសភា ២០១២នេះ សហរដ្ឋអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសំដែងកង្វល់ យ៉ាងជ្រាលជ្រៅទៅលើហេតុការណ៍ដែលបានកើតឡើងក្នុងពេលថ្មីៗនេះ ក្នុងខេត្តកោះកុង ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតលោក ឈុត វុទ្ធី ដែលជាអ្នកការពារបរិស្ថានធម្មជាតិដ៏ឆ្នើមមួយរូបនៅក្នុងប្រទេស កម្ពុជា។
ស្ថានទូតអាម៉េរិកបានបន្តថា ក្នុងពេលដែលខ្លួនកំពុងតាមដានរឿងនេះដោយយកចិត្តទុកដាក់ និងស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយទៅលើការពិតនៅនឹងកន្លែងកើត ហេតុនោះ ស្ថានទូតបានសុំឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតឲ្យបាន ពេញលេញ ប្រកបដោយតម្លាភាព និងអាចជឿទុកចិត្តបានលើករណីនេះ។
លើសពីនេះទៀតសហរដ្ឋអាម៉េរិកសូមលើកទឹកចិត្តឲ្យអាជ្ញាធរនាំ ខ្លួនយកមកកាត់ទោសប្រកបដោយតម្លាភាព និងអាចជឿទុកចិត្តបាន នូវជនណាដែលត្រូវបានរកឃើញថាមានការទទួលខុសត្រូវក្នុងរឿងនេះ។
យ៉ាងណាមិញស្ថានទូតអាម៉េរិកក៏ថ្លែងនៅក្នុងទិវាសេរីភាពសារ ព័ត៌មានពិភពលោកដោយអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា រក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់លទ្ធភាពដើម្បីឲ្យ អ្នកសារព័ត៌មានឯករាជ្យ អាចបំពេញការងាររបស់គេបានដោយមិនខ្លាចអំពើហឹង្សា ឬការធ្វើទុក្ខបុកម្នេញនោះឡើយ៕