អូបាម៉ា​អះអាង​ថា ​វត្តមាន​អាមេរិក​នៅ​ទ្វីប​អាហ្វ្រិក មិនមែន​សង្គ្រាម​​ត្រជាក់​ទេ

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ថា​ការ​ចូល​មក​បស់​អាមេរិក នៅ​ក្នុង​ទ្វីបអាហ្វ្រិក មិនមែន​ជា​សង្គ្រាម​ត្រជាក់​ឡើយ។ ដោយ​លោក​យល់​ថា​ជា​ការ​ល្អណាស់ ដែល​មាន​ប្រទេស​ជា​ច្រើន​ចាប់​អាមរម្មណ៍​មក​ដាក់​ទន់​វិនិយោគ​នៅ​តំបន់​ខាង​ លើ​នេះ។

លោក បារ៉ាក់ អូបាម៉ា​បាន​ប្រកាស នៅ​ជណ្តើរ​យន្តហោះ នា​ពេល​ចេញ​ពី​ទីក្រុង Dakar សំដៅ​ទៅ ប្រទេស​អាហ្វ្រិកខាងត្បូង​ថា វា​ជា​ការ​ល្អណាស់ ដែល​មាន​ប្រទេស ចិន ឥណ្ឌា ទួរគី ប្រេស៊ីល និង​ប្រទេស​ជា​ច្រើន​ទៀត ចាប់អាមរម្មណ៍​ក្នុង​ការ​វិនិយោគ​របស់​ខ្លួន នៅ​ទ្វីប​អាហ្វ្រិក។​

នៅ​ចំពោះ​មុខ​អ្នក​វិនិយោគ​ទន់​អាមេរិក​ធំៗ​ជា​ច្រើន ដែល​បាន​មក​ហែរហម លោក ដែរ​នោះ លោក អូបាម៉ា បាន​បញ្ជាក់​បន្ថែម​ថា វា​មិនមែន​ជា​ការ​ចាប់​ផ្តើម​នូវ​សង្គ្រាម​ត្រជាក់​នោះ​ទេ ចំពោះ​​វត្តមាន​អាមេរិក​ពេល​នេះ។ វា​ជា​ការ​ផ្តល់​អទិភាព​មួយ​ដល់​ទ្វីប​អាហ្វ្រិក ក្នុង ការ​អភិវឌ្ឍន៍ ដើម្បី​ឱ្យ​ក្លាយ​ជាទីផ្សា​ដ៏​មាន​សក្តានុពល​មួយ​របស់​ពិភពលោក។

ក្នុង​ទស្សនិច្ច​របស់​លោក​ចំនួន មួយ​សប្តាហ៍​នៅ ប្រទេស សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និង បន្ទាប់មកទៅ​តង់ស្សានី​នៅថ្ងៃ​ខាង​មុខ លោក អូបាម៉ា​ពន្យល់​ថា លោក​បាន​ជួប​និយាយ​ជា​មួយ​មនុស្ស​ជា​ច្រើន​នៅ​អាហ្វ្រិក។ ហើយ​ពួក​គេ​និយាយ​ថា រីករាយ ចំពោះ វត្តមាន​របស់​ចិន​នៅ​ទ្វីបអាហ្វ្រិក។ តែក្នុង នោះដែរ គេទទួលស្គាល់ថា ចិនសំលឹងឃើញ​តែ​ផលប្រយោជន៍​សំខាន់​បំផុត​គឺ​ធនធាន​ធម្មជាតិ​សម្រាប់ វិស័យ​ ឧស្សាហកម្ម​របស់ខ្លួន។

ថ្នាក់​ដឹកនាំ​កំពូល​អាមេរិក បាន​ពោល​ដោយ ហាក់​ដូច​ជា​បញ្ឆិត​បញ្ឆៀង​ដល់​ចិន​ថា បើ​បែប​នេះ ទ្វីប​អាហ្វ្រិក​គ្រាន់​តែ​ជា​កន្លែង​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​ប៉ុណ្ណោះ ដែល​វា​មិនមែន​ជា​ការ​បង្កើត​ទីផ្សារ​ការងារ​ពិតប្រាកដ និង​ការ​អភិវឌ្ឍន៍​យូរ​អង្វែង​សម្រាប់​ប្រជាជន​អាហ្វ្រិក​ឡើយ។

ហើយ​លោក​បញ្ជាក់​ដដែល​ថា​ការ​ចូល​មក​របស់​អាមេរិក មិនមែន​ដើម្បី​ប្រជែង​ឥទ្ធិពល របស់​ខ្លួន​ជា​មួយ​ចិន​ទេ តែ​អាមេរិក​ចង់​ឃើញ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក ចាប់ផ្តើម​មាន​ស្ថិរភាព​មួយ​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​អភិបាលកិច្ច​ល្អ​ផង​ដែរ សម្រាប់​ថ្នាក់​នាំ​ប្រទេស​ទាំង​នោះ។

គួររម្លឹកថា កាលពីខែមីនាកន្លងទៅថ្នាក់ដឹកនាំកំពូលរបស់ចិន លោក ស៊ី​ជីងពីង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅ​ទ្វីបអាហ្វ្រិក និងប្រទេសរុស្ស៊ី ដោយ​បាន​សម្រេច​ចុះ​កិច្ចសន្យារ​វិនិយោគ​ធំៗ​ជាច្រើន ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ថាមពល។ ហើយ​ផល​ផ្លាស់​ប្តូ​ពាណិជ្ជកម្ម​រវាង​ចិន និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក បាន​កើន​ដល់​ប្រមាណ​ជាង ២០០​ពាន់​លាន​ដុល្លាអាមេរិក នៅ​ក្នុង​ឆ្នាំ២០១២៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close