ជប៉ុន​ជំរុញឲ្យ​រដ្ឋាភិបាល​ចិន​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ជប៉ុន​នៅ​ចិន

លោកយ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានទាមទារឲ្យរដ្ឋាភិបាលចិនចាត់ វិធានការ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាទៅលើប្រជាពលរដ្ឋជប៉ុន ដែលកំពុង រស់នៅក្នុងប្រទេសចិន  ។  ការទាមទារនេះបានធ្វើឡើង នៅពេលដែលបាតុកម្ម      ប្រឆាំងជប៉ុន ជុំវិញជម្លោះដណ្តើមប្រជុំកោះ បានរីករាលដាលកាន់តែខ្លាំងនៅ ថ្ងៃអាទិត្យនេះ។

ថ្ងៃអាទិត្យនេះ បាតុកម្មប្រឆាំងជប៉ុនកំពុងបន្តកើតមាន និងរីករាលដាលទៅកាន់ ទីក្រុងធំៗជាច្រើន នៅទូទាំងប្រទេសចិន។នៅតាមទីក្រុងខ្លះបាតុករចិនបាននាំគ្នា វាយកម្ទេចហាងលក់ទំនិងភោជនីយដ្ឋាន និងរោងចក្រ ដែលមានម្ចាស់ជាជន ជាតិជប៉ុន ឬផលិតទំនិញជប៉ុន។ ឡានដែលមានម៉ាករបស់ជប៉ុនក៏ត្រូវបាតុករវាយ កម្ទេចដែរ។ នៅតាមកន្លែងខ្លះ ប៉ូលិសចិនបានព្យាយាមបំបែកបាតុករ ដោយ ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងឡានបាញ់ទឹក។ ចំណែកនៅទីក្រុងប៉េកាំងប៉ូលិស បង្រ្កាបបាតុកម្មចិន នៅតែបន្តប្រឈមមុខនឹងក្រុមបាតុករ ដែលព្យាយាម សម្រុកចូលទៅក្នុងស្ថានទូតជប៉ុន។

រដ្ឋាភិបាលជប៉ុនបានចេញសេចក្តីប្រកាសព្រមានរួចហើយ ដល់ពលរដ្ឋជប៉ុន ដែល កំពុងរស់នៅក្នុងប្រទេសចិនឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារសុវត្ថិភាពផ្ទាល់ ខ្លួនរបស់ពួកគេ។ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូបានរាយ ការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុនក៏បានទាមទារផងដែរឲ្យរដ្ឋាភិបាលចិន ចាត់វិធាន ការចាំបាច់ ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន និងការពារមុខជំនួញរបស់ជប៉ុន នៅចិន។

ជាទូទៅ គេសង្កេតឃើញថា នៅចិន អាជ្ញាធរកម្រនឹងអនុញ្ញាតឲ្យប្រជាជន ធ្វើបាតុកម្មណាស់។ ហេតុដូច្នេះហើយបានជាអ្នកខ្លះគិតថា បាតុកម្មប្រឆាំង ជប៉ុននៅទូទាំងប្រទេសចិន នៅពេលនេះ គឺដោយសារតែរដ្ឋាភិបាលចិនជាអ្នក ឲ្យដៃ។ ក៏ប៉ុន្តែមានអ្នកវិភាគខ្លះទៀតយល់ថា ចិនកំពុងតែព្យាយាមរកផ្លូវ កណ្តាលមួយ រវាងម្ខាង ប្រើសំឡេងប្រជាជនអ្នកជាតិនិយមឲ្យប្រឆាំងជប៉ុនក្នុង ជម្លោះដណ្តើមកោះ ឯម្ខាងទៀត ទប់ស្កាត់កុំឲ្យចលនាប្រឆាំងនេះបង្កជា អំពើហិង្សាទ្រង់ទ្រាយធំ បង្កើតភាពអនាធិបតេយ្យ នៅក្នុងពេលដែលបក្ស កុម្មុយនិស្តចិនកំពុងរៀបចំផ្លាស់ប្តូរថ្នាក់ ដឹកនាំ។

គេកំពុងបារម្ភថា បាតុកម្មប្រឆាំងជប៉ុនអាចនឹងផ្ទុះឡើងកាន់តែខ្លាំងថែមទៀត នៅថ្ងៃអង្គារ ១៨ កញ្ញាខានស្អែកនេះ ដែលជាថ្ងៃចិនយកធ្វើជា ខួបចងកំហឹង នឹងអាណានិគមជប៉ុនទៅលើចិន៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close