អ្នកញៀនថ្មាំត្រូវការការព្យាបាល និងការសន្តោសពីសង្គម
ដោយ ឆាយ សុផល
ការទប់ស្កាត់ ការចែកចាយនិងការប្រើប្រាស់ថ្នាំញៀនគឺជាផ្នែកមួយនៅក្នុងគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងមហា។ ឯផ្នែកផ្សេងទៀតនៃគោលនយោបាយនេះរួមមាន៖ ការបង្ក្រាបអំពើចោរកម្ម លួចឆក់ប្លន់ ការទប់ស្កាត់ការជួញដូរស្ត្រីនិងកុមារ ការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការប្រើប្រាស់អាវុធខុសច្បាប់ និងការទប់ស្កាត់ក្មេងទំនើង។
ស្ថិតនៅក្នុងស្ថានភាពដែលធ្វើឱ្យពលរដ្ឋងាយទទួលរងការប្រឈមនឹងហានិភ័យពីបញ្ហាផ្សេងៗនៅក្នុងសង្គមនាពេលបច្ចុប្បន្ន នោះគោលនយោបាយភូមិឃុំសុវត្ថិភាពនេះពិតជាមានប្រយោជន៍។ ដោយឡែក ការទប់ស្កាត់ការចែកចាយនិងការប្រើប្រាស់ថ្នាំញៀនវិញ សង្គមក៏សង្កេតឃើញដែរថា ឃុំ-សង្កាត់ជាច្រើនបានខិតខំយ៉ាងសកម្ម ដើម្បីឱ្យតំបន់ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនគ្មានការចែកចាយនិងការប្រើប្រាស់ថ្នាំញៀន។
នៅឆ្នាំនេះ មិនខុសពីឆ្នាំមុនៗនោះទេ គឺនៅថ្ងៃទី ២៦ មិថុនា ទាំងស្ថាប័នរដ្ឋ និងសង្គមស៊ីវិលដែលបំពេញការងារប្រយុទ្ធនឹងគ្រឿងញៀន ដោយរួមទាំងសហគមន៍ផ្តល់ជំនួយផងនៅជុំវិញពិភពលោក តែងតែរៀបចំពិធីរំលឹកដល់ទិវាអន្តរជាតិប្រយុទ្ធនឹងថ្នាំញៀននិងការជួញដូរ។
ប្រទេសកម្ពុជាក៏បានចូលរួមក្នុងការរំលឹកទិវានេះដែរ ហើយអ្នកពាក់ព័ន្ធនានាបានអំពាវនាវឲ្យមានគោលនយោបាយថ្មាំញៀនឲ្យកាន់តែមានប្រសិទ្ធភាព និងសន្តោសប្រណីកាន់តែច្រើនឡើងដល់អ្នកជំងឺថ្នាំញៀន ហើយត្រូវកំណត់អាទិភាពសម្រាប់សុខុមាលភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងសហគមន៍របស់ពួកគេ។
បើទោះជានៅមិនទាន់មានតួលេខពិតប្រាកដក៏ដោយ ក៏ការរកឃើញជាបឋមនៅក្នុងការធ្វើអង្កេតរួមមួយរបស់មជ្ឈណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ដែលមានការគាំទ្រពីអង្គការខាណា និងទីភ្នាក់ងារសហប្រជាជាតិ UNODC បានប៉ាន់ប្រមាណថា នៅកម្ពុជាមានអ្នកប្រើប្រាស់ថ្នាំញឿនពី ១៣.០០០ ទៅ ២៨.០០០ នាក់ ហើយនៅភ្នំពេញមានប្រហែលជា ១.៣០០ នាក់ដែលបានប្រើថ្នាំប្រភេទចាក់នឹងម្ជុល។
លោក ជួប សុខចំរើន នាយករងទទួលបន្ទុកប្រតិបត្តិការទូទៅរបស់អង្គការខាណាបានឲ្យដឹងថា អ្នកប្រើប្រាស់ថ្នាំញឿនគឺស្ថិតនៅក្នុងក្រុមប្រឈមហានិភ័យខ្ពស់ចំពោះមេរោគអេដស៍និងជំងឺអេដស៍ ហើយអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់ថ្នាំញឿនទូទៅមាន ៤.៤% និងអ្នកប្រើប្រាស់ថ្នាំញឿនប្រភេទចាក់នឹងម្ជុលមាន ២៥% ខណៈដែលការទទួលសេវាសុខភាពនិងសេវាផ្សេងៗទៀតរបស់ពួកគេនៅតែជួបឧបសគ្គ។
មន្រ្តីឯកទេសគ្រឿងញៀនជាច្រើននិយាយប្រហាក់ប្រហែលគ្នាថា អ្នកប្រើប្រាស់ថ្នាំញៀនគឺជាអ្នកជំងឺ និងជាជនរងគ្រោះ ហើយបើចាត់ពួកគេថាជាឧក្រិដ្ឋជន និងយកមកឃុំខ្ឡួន នោះពួកគេនឹងទទួលរងគ្រោះទ្វេដង នេះមិនទាន់គិតដល់អ្នកប្រើប្រាស់ថ្នាំញៀនដែលមានផ្ទុកមេរោគអេដស៍ផង។ មន្រ្តីទាំងនោះបានឲ្យដឹងថា អ្នកប្រើប្រាស់ថ្មាំញៀន ឬអ្នកជំងឺថ្នាំញៀនត្រូវការព្យាបាលទាំងចិត្តសាស្រ្ត និងវិជ្ជសាស្រ្ត។
នៅកម្ពុជា បើទោះជារាជរដ្ឋាភិបាលចាត់ទុកអ្នកប្រើប្រាស់ថ្នាំញៀនជាជនរងគ្រោះក៏ដោយ ក៏នៅមានមន្ត្រីសមត្ថកិច្ចខ្លះនៅមូលដ្ឋានមួយចំនួនបានបំពេញការងារទាក់ទិននឹងគោលនយោបាយភូមិឃុំសុវត្ថិភាពទៅហួសពី “ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន” និង “ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)”។
ដោយសំអាងលើការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពទាក់ទិននឹងការបង្ក្រាបការចែកចាយនិងការប្រើប្រាស់ថ្នាំញៀន មន្ត្រីនិងកម្លាំងមានសមត្ថកិច្ចខ្លះ នៅតែចង់ឱ្យអង្គការដែលកំពុងបំពេញការងារព្យាបាលជំងឺគ្រឿងញៀនដោយប្រើថ្នាំបន្សាបបញ្ជូនឈ្មោះ និងរូបថត ព្រមទាំងអាសយដ្ឋានរបស់អ្នកជំងឺមកឱ្យសមត្ថកិច្ចជាកំហិត ដែលការបញ្ជូនបែបនេះពិតជាផ្ទុយនឹងមាត្រាច្បាប់។
មាត្រា ៨៩ ថ្មីនៃ “ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន” ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី ៩ ធ្នូ ឆ្នាំ ១៩៩៦ ហើយត្រូវបានរដ្ឋសភាធ្វើវិសោធនកម្មនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០០៥ ចែងថា “អ្នកញៀនជាតិពុល ដែលចូលទៅសុំព្យាបាល ដោយខ្លួនឯងនៅក្នុងមន្ទីរពេទ្យ ឬអង្គការឯកទេសណាមួយត្រូវបានទទួលរក្សាការសម្ងាត់ពីអង្គការ ឬស្ថាប័នទាំងនោះ បើសាមីខ្លួនសុំយ៉ាងនេះ។….”។
បន្ថែមពីលើនេះ នៅក្នុងចំណោមអ្នកជំងឺថ្មាំញៀនដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលក៏មានអ្នកផ្ទុកមេរោគអេដស៍ដែរ។ ការមានផ្ទុកមេរោគអេដស៍នេះក៏ដោយសារពួកគេបានប្រើម្ជុលសឺរ៉ាំងរួមគ្នាកាលពីពេលមុនៗមិន ទាន់មកសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាល។
ប្រយោគមួយក្នុងមាត្រា ៣៣ នៃ “ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)” ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០០២ ចែងថា “អ្នកមានមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ត្រូវទទួលបានការរក្សាការសម្ងាត់” ហើយបើជនណាដែលប្រព្រឹត្តល្មើសមាត្រានេះ មាត្រា ៥០ ចែងថា “ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០.០០០ (ប្រាំម៉ឺន) រៀល ដល់ ២០០.០០០ (ម្ភៃម៉ឺន) រៀល និងត្រូវដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ។ ករណីពុំរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។ ឯមន្ត្រីរាជការត្រូវទទួលទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល”។