ប៊ុន ផៃលីន ដូរប្រុសដូចដូរសម្លៀកបំពាក់
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀងដែលល្បីខាងបញ្ចេញភាពសិចស៊ី នាង ប៊ុន ផៃលីន កាលពី៤ខែមុន លេចឮថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នៅប្រទេសអូស្ត្រាលី ដែលមានវ័យ៥៣ឆ្នាំ។
ប៉ុន្តែថ្មីៗនេះ បែរជាមានព័ត៌មានថា នាងត្រូវបុរសម្នាក់នៅប្រទេសបារាំងចាប់ចិត្តស្រលាញ់ និងបានឲ្យនាងឡើងទៅជួបបុរសនោះដល់ប្រទេសបារាំងទៀតផង។ ទោះយ៉ាងណា ប៊ុន ផៃលីន អះអាងថា នាងស្មោះតែបុរសនៅអូស្ត្រាលីប៉ុណ្ណោះ ។
ទាក់ទិននឹងរឿងរ៉ាវស្នេហារបស់កញ្ញា ប៊ុន ផៃលីន ត្រូវបានគេដឹងថា នាងបានឆ្លងកាត់ជាមួយនឹងរឿងរ៉ាវស្នេហាជាបន្តបន្ទាប់ រហូតដល់មានអ្នកនិយមតាមដានរឿងរ៉ាវរបស់អ្នកសិល្បៈបានលើកឡើងថា ប៊ុន ផៃលីន ដូរប្រុសដូចដូរសម្លៀកបំពាក់អ៊ីចឹង។
ដូចជាខណៈនាងកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នៅអូស្ត្រាលី ស្រាប់តែជាមួយគ្នានោះ ក៏លេចចេញព័ត៌មានថា នាងបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសបារាំង ដើម្បីស្កាត់ជួបបុរសម្នាក់ផ្សេងទៀតទៅវិញ។
ទោះយ៉ាងណា ទាក់ទិននឹងរឿងរ៉ាវស្នេហាដែលបានលេចឮនេះ ត្រូវបាននាង ប៊ុន ផៃលីន ចេញមុខបដិសេធ និងច្រានចោលទាំងស្រុងថា អ្វីដែលគេបាននិយាយថា នាងកំពុងសាងស្នេហាជាមួយបុរសម្នាក់រស់នៅប្រទេសបារាំងនោះ មិនមែនជាការពិតទេ។
នាងនិយាយថា «ខ្ញុំពិតជាបានទៅកម្សាន្តនៅប្រទេសបារាំងពិតមែន ថែមទាំងបានដើរលេងជាមួយបុរសម្នាក់ដែលជាមិត្តភក្តិស្និទ្ធស្នាល ទៀតផង មិននឹកស្មានថា មានគេយល់ច្រឡំថាខ្ញុំនិងមិត្តម្នាក់នោះជាសង្សារនឹងគ្នាសោះ»។
នាង ប៊ុន ផៃលីន អះអាងថា នាងមិនបានធ្វើអ្វីលើសលស់ជាមួយបុរសម្នាក់នោះទេ ហើយក៏មិនបានធ្វើអ្វីដូចដែលគេបានលើកឡើងនោះដែរ។ ជាមួយគ្នានេះដែរ ប៊ុន ផៃលីន បន្តនិយាយទាំងចេញមុខថា «ប្រសិនបើខ្ញុំមានសង្សារថ្មីនៅប្រទេសបារាំង តើសង្សារខ្ញុំនៅប្រទសអូស្ត្រាលីនោះ ទុកនៅឯណា? ហើយខ្ញុំក៏សូមបដិសេធចំពោះពាក្យ ដែលគេនិយាយថា ខ្ញុំដូរប្រុសដូចដូរខោអាវនោះដែរ»។
ប៊ុន ផៃលីន បន្តនិយាយថា នាងនិងសង្សារនៅប្រទេសអូស្ត្រាលីនោះ គឺនៅតែមានទំនាក់ទំនងល្អជាមួយគ្នា និងយល់ចិត្តគ្នាច្បាស់ណាស់ ថែមទាំងទាក់ទងគ្នារាល់ថ្ងៃតាមទូរស័ព្ទមិនលស់ពេលទៀតផង។ នាងបានអះអាងថា ខ្លួននាងមួយ មិនជិះទូកពីរជាដាច់ខាត។
ទន្ទឹមនឹងការអះអាងបែបនេះ ប៊ុន ផៃលីន ក៏បង្ហើបឲ្យដឹងថា រវាងនាងនិងសង្សារនៅប្រទេសអូស្ត្រាលីនោះ នឹងមានគម្រោងរៀបការជាមួយគ្នានៅចុងឆ្នាំ២០១៣ នេះទៀតផង៕ ស.រ