កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ឈានចូលថ្ងៃទី៣
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ឈានចូលដល់ថ្ងៃទី៣ នៅ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោកឧបនាយករដ្ឋមន្ត្រីនៃ ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន។
កិច្ចប្រជុំពេញអង្គ លើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះ បន្តធ្វើឡើងស្របពេលដែលគណៈប្រតិភូមួយក្រុមរបស់អង្គការ យូណេស្កូ ដឹកនាំដោយ អគ្គនាយក អង្គការយូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣នេះ។
សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការបេតិកភណ្ឌនីមួយៗនេះ ផ្តោតលើ អត្ដសញ្ញាណសម្បត្ដិវប្បធម៌ និងធម្មជាតិដែលមានតម្លៃជាសាកល និងមិនអាចកាត់ថ្លៃបាន ដោយផ្អែកលើសំណើរបស់រដ្ឋភាគី ដើម្បីទទួលបានការការពារ អនុលោមតាមអនុសញ្ញា និងដើម្បីចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។
ត្រួតពិនិត្យ ស្ថានភាពអភិរក្សនៃសម្បត្ដិវប្បធម៌ ដែលបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក ដោយសហការជាមួយរដ្ឋភាគី និងសម្រេចថាតើមានសម្បត្ដិវប្បធម៌ណា ដែលត្រូវចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកក្នុងស្ថានភាពគ្រោះថ្នាក់ ឬដកចេញពីបញ្ជីនេះ ព្រមទាំងសម្រេច ថាតើសម្បត្ដិវប្បធម៌ណាមួយ ដែលត្រូវលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោក និងពិនិត្យមើលសំណើសុំជំនួយហិរញ្ញវត្ថុអន្ដរជាតិ ដែលគាំទ្រថវិកាដោយមូលនិធិបេតិកភ័ណ្ឌពិភពលោក៕