អតីតប្រធានាធិបតីតៃវ៉ាន់លោក ឆេន ស៊្ហុយពៀន ប៉ងធ្វើអត្តឃាតក្នុងពន្ធនាគារ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ តៃវ៉ាន់ និយាយថា លោក ឆេន ស៊្ហុយពៀន អតីតប្រធានាធិបតីតៃវ៉ាន់ដែលកំពុងជាប់ពន្ធនាគារបានប៉ុនប៉ងធ្វើ អត្តឃាត។
រដ្ឋមន្រ្តីដដែល បញ្ជាក់ថា លោកឆេន ស៊្ហុយពៀន បានព្យាយាមសម្លាប់ខ្លួនឯងដើម្បីតវ៉ានឹងការកាត់ទោសចំពោះរូបលោក ឲ្យជាប់ពន្ធនាគារជុំវិញករណីអំពើពុករលួយ។ ប៉ុន្ដែលោកត្រូវឆ្មាំគុកទប់ស្កាត់ទាន់ពេលមិនឲ្យធ្វើអត្ដឃាត។
យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍សុខភាពរបស់ លោក ឆេន ស៊្ហុយពៀន កំពុងស្ថិតនៅក្នុងស្ថានភាពនឹងន។
គួរ រំលឹកថា លោក ឆេន ស៊្ហុយពៀន ដែលឥឡូវនេះមានអាយុ៦២ឆ្នាំនោះ បានកាន់តំណែងជាប្រធានាធិបតីនៃកោះតៃវ៉ាន់ក្នុងរវាងឆ្នាំ២០០០ និង២០០៨។
តាមសេចក្ដីរាយការណ៍ព័ត៌មាននិយាយថា លោក ឆេន ស៊្ហុយពៀន បានធ្វើឲ្យក្រុងប៉េកាំងមានការខឹងសម្បា ដោយសារខណៈពេលដែលលោកកំពុងកាន់តំណែង លោកបានជំរុញទាមទារឯករាជ្យសម្រាប់កោះវ៉ាន់ចេញពីការគ្រប់គ្រង របស់ប្រទេសចិន ហើយក្រោយមកលោកបានទទួលទោសជាប់ពន្ធនាគារក្នុងឆ្នាំ២០០៩ពីបទ ប្រព្រឹត្តអំពើពុករលួយ។
ប៉ុន្តែលោក ឆេន ស៊្ហុយពៀន វែកញែកថា ការចោទប្រកាន់ចំពោះរូបលោកនេះគឺជាបញ្ហាចេតនានយោបាយ៕ (Radio Australia)