រដ្ឋមន្រ្តីការពារជាតិអាមេរិកចោទចិនត្រង់ៗរឿងលួចយកការណ៍សម្ងាត់តាមប្រព័ន្ធព័ត៌មានវិទ្យា
ឆ្លៀតឱកាស ក្នុងវេទិកាសន្តិសុខអាស៊ី ប្រចាំឆ្នាំ ហៅថា Shangri-La Dialogue ដែលបើកធ្វើ នៅសិង្ហបុរី នៅថ្ងៃសៅរ៍នេះ លោក Chuck Hagel រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានធ្វើការចោទប្រកាន់ត្រង់ៗ នៅចំពោះមុខមេដឹកនាំយោធាចិន អំពីប្រតិបត្តិការរបស់ចិន ក្នុងការចូលលួចយកការណ៍សម្ងាត់តាមប្រព័ន្ធព័ត៌មានវិទ្យាដែលកំពុងតែកើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ លោក Chuck Hagel បានថ្លែង នៅក្នុងវេទិកាសន្តិសុខ Shangri-La Dialogue ថា អាមេរិកមានការបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃសកម្មភាពលួចយកការណ៍តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលមានមួយផ្នែក មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល និងស្ថាប័នយោធាចិនដោយផ្ទាល់។
កន្លងមក អាមេរិកតែងតែបានធ្វើការចោទប្រកាន់ចិនជារឿយៗ ជុំវិញរឿងលួចយកការណ៍សម្ងាត់តាមប្រព័ន្ធព័ត៌មានវិទ្យា ក៏ប៉ុន្តែ ការចោទប្រកាន់ទាំងនោះ ភាគច្រើនគឺធ្វើឡើងក្រៅផ្លូវការ ឬតាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន។ នៅថ្ងៃសៅរ៍នេះ គឺរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកដោយផ្ទាល់ ដែលបានធ្វើការចោទប្រកាន់ចិនដោយផ្ទាល់ នៅចំពោះមុខមេដឹកនាំជាន់ខ្ពស់នៃកងទ័ពចិន ហើយជាការចោទប្រកាន់ដោយខ្លាំងៗ និងត្រង់ៗបំផុត ដែលគេកម្រនឹងឃើញមាន។
ការចោទប្រកាន់ត្រង់ៗបែបនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើឡើង ដើម្បីដាក់សម្ពាធលើចិន នៅមុនពេលបើកជំនួបកំពូល រវាងលោកអូបាម៉ា និងលោកស៊ី ជីនពីង នៅថ្ងៃទី៧ និងទី៨ មិថុនា សប្តាហ៍ក្រោយ។ ជំនួបកំពូល ដែលបញ្ហាសន្តិសុខក្នុងប្រព័ន្ធព័ត៌មានវិទ្យា នឹងជាប្រធានរឿងដ៏ចម្បងមួយ។
ក្រៅពីបានចោទប្រកាន់ចិនខ្លាំងៗបែបនេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកក៏បានលើកឡើងផងដែរថា អាមេរិកមានបំណងចង់សហការជាមួយចិន និងជាមួយប្រទេសជាដៃគូផ្សេងទៀត ក្នុងរៀបចំបង្កើតបទដ្ឋានអន្តរជាតិមួយ ដើម្បីគ្រប់គ្រង រក្សាសណ្តាប់ធ្នាប់ និងការទទួលខុសត្រូវ នៅក្នុងពិភពព័ត៌មានវិទ្យា។
គួររំឭកឡើងវិញថា កាលពីដើមខែឧសភាកន្លងទៅនេះ បណ្តាញព័ត៌មានអាមេរិកបានចុះផ្សាយឲ្យដឹងថា ចិនបានបើកប្រតិបត្តិការក្នុងទ្រង់ទ្រាយធំមួយ តាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីព្យាយាមចូលលួចយកការណ៍សម្ងាត់ ស្តីពីកម្មវិធីផលិតគ្រឿងសព្វាវុធទំនើបៗបំផុតរបស់អាមេរិក។ ការចោទប្រកាន់ ដែលត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការបដិសេធ ដូចសព្វមួយដង។
នៅក្នុងសុន្ទរកថា ក្នុងវេទិកាសន្តិសុខ Shangri-La Dialogue នៅព្រឹកមិញនេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ក៏បានថ្លែងបែបព្រមានដោយប្រយោលសំដៅចិនផងដែរថា បើទោះបីជាអាមេរិកត្រូវកាត់បន្ថយកញ្ចប់ថវិកាក្នុងវិស័យការពារជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏អាមេរិកមិនបោះបង់គម្រោងបង្កើនវត្តមានទ័ពនៅក្នុងតំបន់អាស៊ី នោះដែរ។ នៅក្នុងការបែងចែកកម្លាំងទ័ព នៅទូទាំងពិភពលោក ទៅថ្ងៃអនាគត កងទ័ពជើងទឹកអាមេរិក រហូត ដល់ទៅជិត ៦០% នឹងត្រូវបោះទីតាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ដោយ សេង ឌីណា (RFI)