បណ្តុះពន្លកនៃយុគសម័យថ្មីឱ្យបានល្អ
Cambodia News
ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិ។ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍការអប់រំមូលដ្ឋាន និងបានផ្តល់អនុសាសន៍ណែនាំនិងលើកទិសដៅសម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។
សន្និសីទស្តីពីការអប់រំមូលដ្ឋានប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៅខែកក្កដា ឆ្នាំនេះ ដើម្បីផ្សព្វផ្សាយអនុសាសន៍ណែនាំសំខាន់របស់លោកXi Jinping ស្តីពីការអប់រំមូលដ្ឋាន។ លោកXi Jinping បានសង្កត់ធ្ងន់លើ “ការបង្កើតនិម្មាបនកម្មថ្មីសម្រាប់ការអភិវឌ្ឍការអប់រំមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់” ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការងារអប់រំមូលដ្ឋាននៅក្នុងយុគសម័យថ្មីរបស់ប្រទេសចិន។ អ្នកអប់រំត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីថែរក្សាកុមារនិងក្មេងជំទង់ឱ្យធំធាត់ឡើងប្រកបដោយសុខភាពល្អ និងជំរុញការអភិវឌ្ឍការអប់រំជាកាតព្វកិច្ចប្រកបដោយគុណភាពខ្ពស់ និងតុល្យភាព។
លោក Xi Jinping បានលើកឡើងថា «វ័យជំទង់ គឺជារយៈពេលមាសសម្រាប់លើកកម្ពស់សុខភាពរបស់មនុស្សយើង»។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ លោកXi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅសហគមន៍Longfusi នៅទីក្រុងប៉េកាំង។ លោកមានក្តីសោមនស្សរីករាយពេលមើលឃើញកុមារទាំងឡាយ និងបានផ្តែផ្តាំឱ្យពួកគេ «ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាពល្អនិងមានរាងកាយមាំមួន។ លោកបានបន្តថា លទ្ធផលប្រឡងគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ កូនក្មួយទាំងអស់គ្នាត្រូវក្លាយជាមនុស្សដែលមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត មានចំណេះដឹងនិងមានសីលធម៌ ដើម្បីសម្របខ្លួនទៅនឹងសង្គមឱ្យបានល្អនាពេលអនាគត»។
កាលពីខែមីនា ឆ្នាំនេះ លោកXi Jinping បានទៅដល់សាលាមួយនៅតំបន់ថ្មីXiong’an ខេត្តHebei ។ ពេលជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោកបានសួរថា៖ «តើមានសិស្សប៉ុន្មាននាក់ពាក់វ៉ែនតា?» , «តើធានាថាថាសិស្សានុសិស្សមានពេលវេលាសម្រាប់ហាត់ប្រាណទេ?»
អនុសាសន៍ណែនាំរបស់លោកXi Jinping បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការធំធាត់ឡើងប្រកបដោយសុខភាពល្អរបស់កុមារនិងក្មេងជំទង់។ ប្រែក្លាយពី “ពិន្ទុសំខាន់បំផុត” ទៅ “សុខភាពសំខាន់បំផុត” ប្រការនេះមិនត្រឹមតែជាស្តង់ដាវាយតម្លៃចំពោះការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទស្សនវិជ្ជាអប់រំស្នូលផងដែរ។
តំបន់នានានៃប្រទេសចិនបានអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកXi Jingping ដើម្បីបង្កើនសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់កុមារនិងក្មេងជំទង់ ។
ខេត្តGuangdongបានទម្លាក់ថវិកាចំនួន ៤៣៥ លានយាន់ប្រាក់ចិន ដើម្បីជួសជុលនិងកែលម្អកន្លែងលេងកីឡានៅក្នុងបរិវេណសាលារៀនតាមជនបទចំនួន ៧៦២ កន្លែង , ខេត្តJiangsuបានបង្កើតបន្ទប់ប្រឹក្សាយោបល់ខាងផ្លូវចិត្តចំនួន ៤៨៦ កន្លែងដែលគ្របដណ្តប់សាលារៀនទាំងអស់ក្នុងទីក្រុង និងជនបទ, សាលារៀនទាំងអស់នៅទីក្រុងប៉េកាំងបានប្រារព្ធធ្វើការប្រកួតកីឡាបាល់ទាត់ ដែលគ្របដណ្តប់សិស្សានុសិស្សជាង ១០ លាននាក់។ល។
លោកXi Jinping បានគូសបញ្ជាក់ថា៖ «ត្រូវតែជំរុញជាបន្តបន្ទាប់ឱ្យសមិទ្ធផលនៃការអភិវឌ្ឍផ្នែកអប់រំផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងអស់ប្រកបដោយសមភាព និង «ត្រូវស្របតាមការរំពឹងទុកថ្មីរបស់ប្រជាជន ជំរុញការលើកកម្ពស់គុណភាពនៃការអប់រំមូលដ្ឋាននិងការពារបន្ទាត់ក្រហមនៃសមភាពខាងអប់រំឱ្យបានរឹងមាំ។»
គ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះនៃការអប់រំ និងជាប្រភពនៃការរីកចម្រើននៃការអប់រំ។ លោកXi Jinping បានលើកឡើងថា៖ «វាជាសំណាងល្អរបស់មនុស្សម្នាក់ដែលបានជួបជាមួយគ្រូបង្រៀនល្អ ជាកិត្តិយសរបស់សាលារៀនដែលមានគ្រូបង្រៀនល្អ និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិដែលមានគ្រូបង្រៀនល្អៗបន្តពីមួយជំនាន់ទៅមួយជំនាន់៕

