នាយករដ្ឋមន្រ្តីចិនសន្យាពង្រឹងភាពជាដៃគូជាមួយប៉ាគីស្ថាន
លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង បានបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា ហើយបានមកដល់ប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះ នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចក្រៅ ប្រទេសលើកទី១ ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចិន។ នៅពេលមកដល់ប៉ាគីស្ថាន លោកលី ខឺឈាំង បានថ្លែងថា គោលដៅនៃដំណើរទស្សនកិច្ចរបស់លោក នៅប៉ាគីស្ថាននេះ គឺដើម្បីពង្រឹងភាពជាដៃគូជាមួយប៉ាគីស្ថាន។ ប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំរបស់ចិន ប៉ុន្តែ ជាសត្រូវរបស់ឥណ្ឌា។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ លោកលី ខឺឈាំង នឹងត្រូវជួបជាមួយមេដឹកនាំជាន់ខ្ពស់ប៉ាគីស្ថាន ដែលរួមមាន ប្រធានាធិបតី នាយករដ្ឋមន្រ្តីផុតអាណត្តិ ព្រមទាំងអនាគតនាយករដ្ឋមន្រ្តី គឺលោក Nawaz Sharif ដែលទើបនឹងជាប់ឆ្នោត។
ពេលមកដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងអ៊ីស្លាម៉ាបាដ លោកលី ខឺឈាំង ត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ ដោយលោកប្រធានាធិបតី អាលី ហ្សារដារី (Ali Zardari)។ លោកលី ខឺឈាំង បានចេញសេចក្តីថ្លែងការណ៍មួយ នៅពេលមកដល់ប៉ាគីស្ថាននេះថា ចិននឹងពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្តជាមួយនឹងប៉ាគីស្ថាន នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយថា ការជជែកអំពីយុទ្ធសាស្រ្ត ដើម្បីពង្រឹងភាពជាដៃគូជាយុទ្ធសាស្រ្តនេះហើយ ដែលជាគោលដៅចម្បង នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប៉ាគីស្ថាន នៅពេលនេះ។
ថ្វីដ្បិតតែលោកនាយករដ្ឋមន្រ្តីចិនមិនបានបញ្ជាក់លម្អិតអំពីសំណុំរឿង ដែលលោកនឹងជជែកជាមួយមេដឹកនាំប៉ាគីស្ថាន ក៏ប៉ុន្តែ គេរំពឹងថា សំណុំរឿងមួយ ដែលមានសារៈសំខាន់ ហើយដែលមិនអាចចៀសបាន គឺទំនាក់ទំនងពាណិជ្ជកម្ម។ ការដោះដូរពាណិជ្ជកម្ម រវាងចិន និងប៉ាគី ស្ថាន កាលពីឆ្នាំ២០១២កន្លងទៅ មានទំហំជាទឹកប្រាក់ ១២ពាន់លានដុល្លារ ហើយប្រទេសទាំងពីរគ្រោងនឹងបង្កើនទំហំនៃការដោះដូរពាណិជ្ជកម្ម ទ្វេភាគីនេះឲ្យបានដល់ ១៥ពាន់ លានដុល្លារ នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
សម្រាប់ប៉ាគីស្ថាន ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ការបង្កើនទំនាក់ទំនងពាណិជ្ជ កម្មជាមួយនឹងចិន គឺជារឿងដ៏មានសារៈសំខាន់បំផុត។
អ្វីដែលជាការកត់សម្គាល់ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាំង មកកាន់ប៉ាគី ស្ថាន នៅពេលនេះ គឺធ្វើឡើង នៅក្នុងពេល ដែលរដ្ឋាភិបាលចាស់ប៉ាគីស្ថានត្រូវផុតអាណត្តិ ហើយនាយករដ្ឋមន្រ្តីថ្មី នៅមិនទាន់ចូលកាន់តំណែង។ ជាទូទៅ គេសង្កេតឃើញថា ប្រមុខដឹកនាំបរទេសកម្រនឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសមួយ ដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលបែបនេះណាស់។ ក៏ប៉ុន្តែ លោកលី ខឺឈាំង ដែលទើបនឹងបញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌានោះ ពិបាកនឹងរំលងប្រទេសប៉ាគីស្ថានណាស់ ពីព្រោះថា ប៉ាគីស្ថាន គឺជាសម្ព័ន្ធមិត្តចាស់ឆ្នាំរបស់ចិន ហើយជាសត្រូវដ៏ធំរបស់ឥណ្ឌា។
គួរបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ទៅក្រៅប្រទេសជាលើកទី១របស់លោកនៅពេលនេះ លោក លី ខឺឈាំង ទៅប្រទេសឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់មក លោកនឹងត្រូវបន្តដំណើរមកតំបន់អឺរ៉ុប គឺទៅប្រទេសស្វ៊ីស និងអាល្លឺម៉ង់៕ដោយ សេង ឌីណា (RFI)