សេដ្ឋកិច្ចជប៉ុនត្រីមាសដើមឆ្នាំ២០១៣ ឡើងបាន០,៩ភាគរយ
សំរាប់ត្រីមាសដើមឆ្នាំ២០១៣នេះ ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទីបីក្នុងពិភពលោកនោះ បានទទួលកំណើនសេដ្ឋកិច្ច០,៩ភាគរយ។ នេះជាអត្រាមួយខ្ពស់ ហើយវាជាដំណឹងល្អសំរាប់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
កំណើនសេដ្ឋកិច្ច០,៩ភាគរយ សំរាប់ត្រីមាសដើមឆ្នាំ២០១៣នេះ គឺជាអត្រាគួរអោយកត់សម្គាល់ និងជាដំណឹងល្អសំរាប់លោក Shinzo Abe ដែលបានព្យាយាមជំរុញអោយមានសំទុះសេដ្ឋកិច្ចក្នុងស្រុក តាំងតែពីលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីមក។ គួររំលឹកថា សេដ្ឋកិច្ចជប៉ុនមានការថយចុះ ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១២កន្លងទៅ គឺពីខែមេសា ដល់ខែកញ្ញា។ ប៉ុន្តែ ចាប់ពីខែតុលាដល់ខែធ្នូ ភាគរយនៃកំណើនផលិតផលសរុបក្នុងស្រុកបានចាប់កើនឡើងវិញ ដោយទទួលបានកំណើន០,៣ភាគរយ។ នេះបើយោងតាមទិន្នន័យផ្លូវការ នៅថ្ងៃព្រហស្បតិ៍នេះ។
កត្តាដែលជំរុញអោយជប៉ុនទទួលបានកំណើនសេដ្ឋកិច្ចបានលឿនបែបនេះ គឺដោយសារតែសេដ្ឋកិច្ចអាមេរិកបានចាប់ងើបឡើងវិញ ហើយក៏ដោយសារតែនៅជប៉ុន រដ្ឋាភិបាលបានចេញវិធាន ការជាច្រើន ជំរុញអោយមានសំទុះសេដ្ឋកិច្ចជាតិផងដែរ។
គេសង្កតឃើញថា ចាប់តាំងតែពីលោក Shinzo Abe បានចូលគ្រប់គ្រងប្រទេសពីខែធ្នូមក ការបរិភោគក្នុងស្រុកហាក់បានកើនឡើងវិញ គួរអោយកត់សម្គាល់។ នាយករដ្ឋមន្ត្រីថ្មីជប៉ុនបានដាក់សម្ពាធអោយធនាគារជប៉ុនបន្ធូរបន្ថយ គោលនយោបាយរូបិយវត្ថុខ្លួន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច អោយគ្រួសារប្រជាជននិមួយៗមានលទ្ធភាពចាយវាយខ្ពស់។ រដ្ឋាភិបាលជប៉ុនបានចេញប្រាក់ជាង ៤០ពាន់លានអឺរ៉ូ សំរាប់ហេដ្ឋារចនាសម្ព័ន្ធជាតិ។
នៅដើមឆ្នាំ២០១៣នេះ ការនាំចេញផលិតផលជប៉ុនទៅក្រៅស្រុក បានស្ទុះដល់ទៅជាង៣,៨ ភាគរយ ដែលជាអត្រាខ្ពស់ជាងការនាំចូលផលិតផលបរទេសមកក្នុងស្រុក។ ការនាំចូលផលិត ផលបរទេសក្នុងស្រុកមានជាង១ ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ថា ជប៉ុនបាននាំចេញយានយន្តច្រើនគ្រឿងទៅសហរដ្ឋអាមេរិក ហើយសេវាដឹកជញ្ជូនផលិតផលគីមីក៏មានការកើនឡើងលឿនផងដែរ។
អ្វីដែលនៅជាបញ្ហាសំរាប់ជប៉ុននៅពេលនេះ គឺការវិនិយោគទុនឯកជន។ ការវិនិយោគនេះមានការថយចុះ ០,៧ភាគរយ។ សហគ្រាសនានានៅមានការប្រុងប្រយ័ត្ននៅឡើយក្នុងការសំរេចធ្វើ វិនិយោគ។
យោងតាមការប្រមើលមើលចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ភាគរយកំណើនផលិតផលសរុបក្នុងស្រុកនៅជប៉ុនអាចនឹងមាន ១,៦ ភាគរយ សំរាប់ឆ្នាំ២០១៣នេះ។ សំរាប់ឆ្នាំ២០១២កន្លងមក ផលិតផលសរុបក្នុងស្រុក មាន២,០ភាគរយ៕ដោយ ព្រំ សឿន សូលីណា (RFI)