នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​អន្តរាគមន៍​យោធា​ករណី​​វត្តមាននាវា​បរទេស​​ក្នុង​​ដែនទឹក​ខ្លួន​

នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ជប៉ុន​នឹង​ធ្វើ​អន្តរាគមន៍​​យោធា​ប្រសិន​បើ​​នាវា​មុជទឹក​បរទេសហ៊ាន​​ចូល​ ខ្លួន​ក្នុង​ដែនទឹក​ជប៉ុន។ ការ​ប្រកាស​របស់​​លោក Shinzo Abe ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រសួង​ការពារជាតិ​ជប៉ុន​ទើបតែ​បាន​​រក​​ឃើញ​វត្តមាន​​របស់​ នាវាមុជទឹក​មួយ​គ្រឿង​នៅ​ក្នុង​ដែនទឹក​ជប៉ុន កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​និង​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

នាយក ​រដ្ឋមន្ត្រី​ជប៉ុន ​​ Shinzo Abe បាន​ប្រកាស​អំពី​​​​​​អន្តរាគមន៍​​យោធា​នេះ នៅ​ចំពោះ​មុខ​សភា​ជាតិ​ជប៉ុន​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់​ពី​ក្រសួង​ការពារជាតិ​ជប៉ុន​ទើបតែ​បាន​សង្កេត​ឃើញ វត្តមាន​របស់​ នាវាមុជទឹក​មួយ​គ្រឿង​នៅ​ក្នុង​ដែនទឹក​ជប៉ុន កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​និង​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ ប៉ុន្តែ​ រដ្ឋាភិបាល​ជប៉ុន​​មិន​​បាន​បញ្ជាក់​ទេ​ថា នាវា​មុជទឹក​នោះ​គឺ​ជា​នាវា​មុជទឹក​របស់​ចិន។

ការ ​ប្រកាស​អន្តរាគមន៍​យោធា​នេះ ធ្វើ​ឡើង​នៅក្នុង​​ពេល​ដែល​​​ជម្លោះ​រវាង​ជប៉ុន​និង​ចិន​ ជុំវិញ​ប្រជុំកោះ​សេនកាគូ​កំពុង​​តែ​តានតឹង​ខ្លាំង។ នាយករដ្ឋមន្ត្រី​ជប៉ុន​មិន​បាន​​លំអិត​​​ច្បាស់​លាស់​អំពី​អន្តរាគមន៍​យោធា​ នេះ​ទេ។ ប៉ុន្តែ​ការ​ប្រកាស​ថា​ជប៉ុន​នឹង​ប្រើ​គ្រប់​វិធានការ​​​ដើម្បី​ការពារ​ សុវត្ថិភាព​ដែន​ទឹក​ខ្លួន​នោះ បញ្ជាក់​ច្បាស់​ថា ក្នុង​ករណី​ចាំបាច់​​ ក្រសួងការពារជាតិ​ជប៉ុន​នឹង​​ធ្វើ​សកម្មភាព​​​តបត​នឹង​វត្តមាន​​នាវាមុជទឹក​ បរទេស​​​ជាក់ជា​មិន​ខាន។

កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ នាវា​មុជទឹក​មួយ​គ្រឿង​បាន​ចូល​មក​​ក្នុង​កោះ​ Kume ដែល​ស្ថិត​ក្នុង​​​ប្រជុំកោះ​អូគីណាវ៉ាជប៉ុន។ ប៉ុន្តែ​ជាក់ស្តែង ​វត្តមាន​របស់​នាវា​នេះ​មិន​បាន​បំពាន​លើ​ច្បាប់​នោះ ទេ។​​ ហើយ​ក្នុង​​ថ្ងៃ​ចន្ទ​ដដែល​នេះ​ដែរ នាវា​រដ្ឋាភិបាល​ចិន​បីគ្រឿង​ក៏​បាន​បរ​កាត់​ក្នុង​ដែន​ទឹក​នៃ​ប្រជុំកោះ​ គ្មាន​មនុស្ស​នៅ​ “សេនកាគូ” ដែល​ជា​​កោះ​ជម្លោះ​រវាង​ជប៉ុន​និង​ចិន​ផងដែរ។

គួរ​រំលឹក​ថា​ គេ​តែងតែ​សង្កេត​ឃើញ​វត្តមាននា​វា​ចិន​ និង​យន្តហោះ​ចិន​​នៅ​ម្តុំ​​ប្រជុំ​សេនកាគូ​នេះជា​ញឹកញយ​ ចាប់តាំង​តែ​​​ជប៉ុន​បាន​​ទិញ​យក​កោះ​​៣​​ក្នុង​ចំណោមកោះ​ចំនួន​៥ នៅ​ទីនោះ ដាក់​អោយ​ក្លាយ​ជា​ដែន​ដី​ជាតិ​ខ្លួន​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១២។​​ នៅ​ចំពោះ​មុខ​ស្ថានភាពតាន តឹង​អស់​នេះ នាពេល​ថ្មី​ៗនេះ ក្រុងតូក្យូ​បាន​ប្រកាស​​ចាត់តាំង​កងកម្លាំង​ពិសេស​៦០០​នាក់​ និង​នាវា​ចំនួន​១២ ដើម្បី​ត្រួតពិនិត្យ​ការពារ​ប្រជុំកោះ​នេះ​។ ​ប្រជុំកោះ​​សេនកាគូ​សំបូរ​ទៅ​ដោយ​ធនធាន​ថាមពល​ ​មាន​ទីតាំង​​ស្ថិត​នៅ​​២០០ គីឡូម៉ែត្រ​ ពី​ឆ្នេរ​សមុទ្រ​​តៃវ៉ាន់។ ហើយ​តៃ​វ៉ាន់​ក៏បាន​ទាមទារ​ដែនកោះ​នេះ​ជា​របស់​ជាតិ​ខ្លួន​ផងដែរ។

កាលពី​ខែ​​កុម្ភៈ​កន្លង​ទៅ នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្លាប់​បាន​ព្រមាន​​ម្តង​រួច​មក​ហើយ​​​ថា ជប៉ុន​មិន​អត់ឧន​​​ឡើយ​នូវ​ការ​រំលោភ​​បូរណភាពដែនដី​ខ្លួន​ រួម​ទាំង​ដែន​កោះ​នេះ​ផងដែរ។ ហើយ​ប្រសិន​បើ​ចាំបាច់ ជប៉ុន​នឹង​ប្រើ​កម្លាំង​បាយ​បណ្តេញ​វត្តមាន​នាវា​ចិន​អោយ​ចេញ​ពី​ប្រជុំកោះ​ សេនកាគូ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close