អភិបាលរាជធានីភ្នំពេញថ្មីនឹងលើកយកទំនាស់ដីធ្លីអ្នកភូមិបឹងកក់មកដោះស្រាយមុនគេ
Cambodia News
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីឡើងគ្រងតំណែងបាន១០ថ្ងៃ អភិបាលថ្មី នៃរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងលើកយកករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរបស់អ្នកភូមិបឹងកក់មកដោះស្រាយ មុនគេនៅក្នុងសប្តាហ៍នេះ។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ម.ស.ម.ក ដែលចេញ ផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ៦នាក់ មកពី សហគមន៍បឹងកក់ បានចូលជួបពិភាក្សាពាក់ព័ន្ធនឹងវិវាទដីធ្លី ដ៏រ៉ាំរ៉ៃមួយនេះ។
នៅចំពោះមុខតំណាងអ្នកភូមិបឹងកក់ទាំង៦នាក់ ក្នុងជំនួបពិភាក្សា លោក ប៉ា សុជាតិវង្សបានសន្យាថា លោកនឹងចុះសិក្សាករណីនីមួយៗ នៅចុងខែឧសភា ឆ្នាំ២០១៣ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានប្រសើរបំផុត ហើយ លោកបានសន្យាថា នឹងចុះទៅពិនិត្យមើលករណីបឹងកក់មុនគេ នៅសប្តាហ៍នេះ៕