រោងចក្រវាយនភណ្ឌបើកទ្វារឡើងវិញ ៨ថ្ងៃ ក្រោយការបាក់រលំអគារមួយ
នៅថ្ងៃព្រហស្បតិ៍ ទី២ ឧសភានេះ វិស័យវាយនភណ្ឌនៅក្នុងប្រទេសបង់ក្លាដែសបានចាប់ផ្តើមបើកទ្វារឲ្យ កម្មករចូលធ្វើការឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៨ថ្ងៃមក។ ការបិទទ្វារដោយសារតែមានព្រឹត្តិការណ៍បាក់រលំអគារមួយដែលបានបណ្តាល ឲ្យមានមនុស្សស្លាប់ យ៉ាងតិច ៤២៩នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ គឺជាគ្រោះថ្នាក់មួយដែលបង់ក្លាដែសមិនធ្លាប់ប្រទះទេនៅក្នុង ប្រវត្តិនៃប្រទេសក្រីក្រនៅអាស៊ីខាងត្បូងមួយនេះ។
នៅ ថ្ងៃនេះ និង ៨ថ្ងៃក្រោយព្រឹត្តិការណ៍បាក់រលំអគារមួយមក តំបន់ឧស្សាហកម្មកាត់ដេរដែលមានកម្មករកាត់ដេររាប់លាននាក់ធ្វើការបាន ផ្តើមដំណើរការឡើងវិញហើយ។ ជារៀងរាល់ថ្ងៃនេះ តំបន់ឧស្សហកម្មកាត់ដេរនោះបានផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនបរទេសធំៗ ដូចយ៉ាង Walmart ឬមួយក៏ H&M ជាដើម។ ជាមធ្យម កម្មករកាត់ដេរបង់ក្លាដែសទទួលបានប្រាក់ខែ ៤០ដុល្លារ។ តែតំាងពីក្រោយព្រឹត្តិការណ៍ដ៏សោកសៅនោះមក ពួកគេនៅតែបន្តបញ្ចេញកំហឹងដោយទម្លាក់កំហុសលើម្ចាស់ក្រុមហ៊ុន និងអ្នកទទួលខុសត្រូវពីអសន្តិសុខ និងលក្ខខណ្ឌការងារមិនល្អនៅកន្លែងធ្វើការ។ កំហឹងរបស់ពួកគេត្រូវបានសម្តែងជាថ្មីនៅថ្ងៃម្សិលមិញ ចំថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
តែយ៉ាងណាក៏ដោយ ប៉ូលិសបានប្រាប់ឲ្យដឹងថា គ្មានអំពើហិង្សាធ្ងន់ធ្ងរណាមួយដែលបានកើតមានឡើងនៅក្នុងក្បួន បាតុកម្មនោះទេ។ ដោយឡែក លោកនាយករដ្ឋមន្រ្តីបង់ក្លាដែសបានអំពាវនាវឲ្យកម្មករកាត់ដេរទំាងអស់ ផ្តើមចូលធ្វើការងាររបស់ខ្លួនឡើងវិញ ព្រមទំាងធ្វើការទិតៀនចំពោះអំពើហិង្សាវាយប្រហារលើរោងចក្រកាត់ដេរ មួយចំនួន។
គួរជម្រាបជូនថា បច្ចុប្បន្ននេះ មានកម្មករកាត់ដេរប្រមាណជា ៣លាននាក់ដែលបានធ្វើការនៅក្នុងរោងចក្រកាត់ដេរប្រមាណជា ៤ ៥០០រោងចក្រនៅក្នុងប្រទេសបង់ក្លាដែស។ ការបិទរោងចក្រទំាងអស់នោះនឹងនំាឲ្យមានការខាតបង់លុយកាក់ប្រមាណជា ១៩លានអឺរ៉ូក្នុងមួយថ្ងៃ ។ បង់ ក្លាដែស គឺជាប្រទេសនំាចេញសម្លៀកបំពាក់ទី២ ក្នុងលោក បន្ទាប់ពីប្រទេសចិន។
យ៉ាងណាក៏ដោយ ក្រោយព្រឹត្តិការណ៍បាក់រលំអគារកាលពី ៨ថ្ងៃមុនមក រដ្ឋាភិបាលបានដកមុខតំណែងចៅហ្វាយក្រុង Savar ដែលបានផ្តល់ច្បាប់អនុញាតឲ្យសាងសង់អគារនោះ និងដែលមិនព្រមបិទទ្វារអគារនោះ បន្ទាប់ពីដឹងថា មានស្នាមប្រេះស្រំាជាច្រើនលើជញ្ជំាង។ ទន្ទឹមគ្នានោះ មានការចាប់ខ្លួនម្ខាស់អគារ ព្រមទំាងវិស្វករពីរនាក់ដែលជាអ្នកគូប្លង់អគារបាក់រលំនោះ៕ដោយ គួច គន្ធារ៉ា (RFI)