ពលរដ្ឋ​អាមេរិក​ភាគច្រើន​មិនចង់ឲ្យ​អាមេរិក​លូកដៃ​ធ្វើ​អន្តរាគមន៍​ក្នុង​វិបត្តិ​នៅ​ស៊ីរី

ការស្ទាបស្ទង់មតិមួយ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បង្ហាញ​ថា ពលរដ្ឋ​អាមេរិក​ភាគច្រើន​លើសលប់ មិនចង់​ឲ្យ​សហរដ្ឋ​អាមេរិក​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍ នៅ​ក្នុង​វិបត្តិ​នៅស៊ីរី​នោះទេ បើទោះបីជា​របបដឹកនាំ​របស់​លោក​បាស្ហា អាល់អាសាដ ប្រើ​អាវុធ​គីមី​ទៅលើ​ក្រុមឧទ្ទាម​ស៊ីរី​ក៏ដោយ។ លទ្ធ ផល​នៃ​ការស្ទាបស្ទង់មតិនេះ​អាច​ជា​សារ​មួយ ទៅកាន់​លោក​អូបាម៉ា ដែល​ប៉ុន្មានថ្ងៃ​មកនេះ កំពុង​ពិចារណា​អំពី​ចំណាត់ការ​ទៅនឹង​ព័ត៌មាន​ដែល​ថា មានការ​ប្រើអាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ការស្ទាបស្ទង់មតិ កាល​ពីថ្ងៃ​ពុធម្សិលមិញនេះ ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង ដោយ​ Reuters និង Ipsos ហើយ​លទ្ធផល​បង្ហាញ​ថា ក្នុងចំណោម​ពលរដ្ឋ​អាមេរិក ដែល​​ត្រូវ​បាន​សាកសួរ នៅ​ក្នុង​ការ​ស្ទាបស្ទង់មតិនេះ មាន​តែ​ប្រមាណ​ជា ១០% ដែល​ឆ្លើយ​ថា ពួកគេ​ចង់​ឲ្យ​អាមេរិក​​ចូលខ្លួន​ធ្វើ​អន្តរាគមន៍ ក្នុង​វិបត្តិ​នៅស៊ីរី។ ចំណែក​ឯ​​អ្នកជំទាស់វិញ មាន​រហូតដល់​ទៅ ៦១%។

ចំនួន ​ឆ្លើយ​​អ្នក​គាំទ្រ​អន្តរាគមន៍​អាមេរិក នៅ​ស៊ីរី កើនឡើង​ដល់ ២៧% ក្នុងករណី​កងកម្លាំង​របស់​លោក​បាស្ហា អាល់អាសាដ ប្រើ​អាវុធ​គីមី។ ក៏ប៉ុន្តែ បើទោះបីជា​ក្នុង​ករណី​ប្រើអាវុធ​គីមី​នេះ​ក៏ដោយ អ្នក​ប្រឆាំង​នឹង​អន្តរាគមន៍​អាមេរិក ក្នុង​វិបត្តិ​ស៊ីរី នៅតែ​មាន​ច្រើន​ជាង​អ្នក​គាំទ្រ គឺ​មាន​រហូតដល់​ទៅ ៤៤%។

អ្នកជំនាញ​ខាង​ការស្ទាបស្ទង់មតិ របស់​វិទ្យាស្ថាន Ipsos បាន​លើកឡើង​ថា និន្នាការ​ប្រឆាំង​នឹង​អន្តរាគមន៍​របស់​កងទ័ព​អាមេរិក នៅ​ក្រៅប្រទេស​នេះ កើតមាន​ដោយសារ​តែ​បទពិសោធន៍​នៅ​អ៊ីរ៉ាក់ និង​នៅ​អាហ្វហ្កានីស្ថាន ដែលអាមេរិក​ត្រូវ​ជាប់ផុង​ក្នុង​សង្រ្គាម​ស៊ីវិល​អស់រយៈពេល​ជាង ១ទសវត្សរ៍។

គួរបញ្ជាក់ឡើងវិញ​ថា កន្លងមក លោក​អូបាម៉ា​ធ្លាប់បាន​ថ្លែងព្រមាន​ជា​សាធារណៈ ចំពោះ​លោក​បាស្ហា អាល់អាសាដ​​ថា ការ​ប្រើ​អាវុធ​គីមី ក្នុងការ​ប្រយុទ្ធ​តទល់​ជាមួយ​នឹង​កងកម្លាំង​ឧទ្ទាម​ គឺ​ជា​ដែន​កំណត់​មួយ ដែល​លោក​បាស្ហា អាល់អាសាដ មិនត្រូវ​បំពាន។

នៅពេលថ្មីៗនេះ ព័ត៌មាន​ ជាពិសេស រូបភាព​បង្ហាញ​ពីការ​ប្រើអាវុធ​គីមី នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​លេចចេញ​កាន់តែ​ច្រើន ហើយ​កាល​ពីថ្ងៃ​អង្គារ​កន្លងទៅនេះ លោក​អូបាម៉ា​បាន​បញ្ជាក់ថា គេ​មាន​ភស្តុតាង​ច្បាស់លាស់ បង្ហាញ​ថា ពិតជាមាន​ការ​ប្រើអាវុធ​គីមី នៅ​ក្នុង​ប្រទេស​ស៊ីរី​ពិតមែន ក៏ប៉ុន្តែ លោកបាន​បញ្ជាក់ថា គេ​មិន​អាច​ដឹង​ឲ្យ​បាន​ច្បាស់លាស់​ទេ​ថា តើ​ការប្រើអាវុធ​គីមី​នេះ មាន​ទំហំ​ប៉ុណ្ណា? ក្នុងរូបភាពបែបណា? ហើយ​អ្នកណា​ជា​អ្នកប្រើ?

នេះ​គឺ​ជាការ​បង្ហាញ​ឲ្យឃើញ​ថា លោក​អូបាម៉ា​មិនចង់​លូកដៃ​ជ្រៅ ទៅក្នុង​វិបត្តិ​នៅ​ស៊ីរី នៅពេលនេះ​ទេ។ លទ្ធផល​នៃការ​ស្ទាបស្ទង់មតិ កាល​ពី​ថ្ងៃពុធ​ម្សិលមិញ អាច​នឹង​ធ្វើ​ឲ្យ​លោក​អូបាម៉ា​រឹតតែ​មិនចង់​ចូល​ធ្វើ​អន្តរាគមន៍ នៅ​ស៊ីរី​នេះ​ទៅទៀត៕ដោយ សេង ឌីណា​(RFI)

Related Articles

Back to top button
Close
Close