ចលនាប្រឆំាង​ពួក​អ្នកកាន់សាសនា​អ៊ីស្លាម​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេសភូមា

ចលនា​ប្រឆំាង​ពួកអ្នកកាន់សាសនា​អ៊ីស្លាម​ កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី៣០ មេសា​ម្សិលមិញ អំពើហិង្សា​រវាង​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់​សាសនា​ព្រះពុទ្ធ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ប្រមាណ​ជា ១០នាក់​ផ្សេង​ទៀត។ ទន្ទឹម​គ្នា​នេះ នៅ​មាន​ការ​ដុតបំផ្លាញ​វិហារអ៊ីស្លាម និង​ផ្ទះសម្បែង​ជា​ច្រើន​ទៀត​ផង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​លើ​ពួកអ្នកកាន់សាសនា​អ៊ីស្លាម​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​ខែ​ក្រោយ​ពី​មាន​អំពើហិង្សា​ដូច​គ្នា​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ ទូទំាង​ប្រទេស។

បើ​យោង​តាម​ ព័ត៌មាន​ផ្លូវការ​ផ្តល់​ដោយ​ប៉ូលិស​ភូមា ព្រឹត្តិការណ៍​ដុតបំផ្លាញ​វិហារអ៊ីស្លាម ផ្ទះសម្បែង ព្រមទំាង​ហាងលក់ទំនិញ​នៅ​ជុំវិញ​នោះ​បាន​កើត​មាន​នៅ​ក្នុង​ស្រុក Oakkan ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ប៉ែក​ខាងត្បូង​ទីក្រុង​រ៉ង់ហ្គូន។ តាម​ពិត​ទៅ និង​បើ​ផ្អែក​តាម​ព័ត៌មាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​ឲ្យ​ ដឹង​ថា អំពើហិង្សា​បាន​ផ្តើម​ផ្ទុះ​ឡើង ក្រោយ​ពី​មាន​ស្រ្តីម្នាក់​ត្រូវ​បាន​គេ​រុញច្រាន​ដោយសារ​​គ្រោះថ្នាក់​ ជាមួយ​លោកសង្ឃ​មួយ​អង្គ​មាន​ព្រះជន្ម ១១ព្រះវស្សា។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ លោកសង្ឃ​អង្គនោះ​ក៏​បាន​បោះបង់​ចោល​បាតលោក ដែល​បន្ទាប់​មក បាតលោក​នោះ​ក៏​បាន​ប្រេះស្រំា​ទៀត។

កើត ​ចេញ​ពី​ឧប្បត្តិហេតុ​ខាង​លើ ស្រាប់​តែ​មាន​ជនមួយក្រុម​ពី ២០០ ទៅ ៣០០នាក់​បាន​ទៅ​ដល់​កន្លែង​នោះ​ដោយ​ជិត​ម៉ូតូ រួច​ហើយ​ក៏​នំា​គ្នា​បើក​ការ​វាយប្រហារ ដុតបំផ្លាញ​លើ​វិហារ​អ៊ីស្លាម ផ្ទះសម្បែង ព្រម​ទំាង​ហាងទំនិញ​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​ទី​នោះ។ យោង​តាម​សាក្សី​ជនជាតិ​អ៊ីស្លាម​ម្នាក់​អាយុ ៤៨ឆ្នំា​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​ឲ្យ​ដឹង​ថា អ្នកស្រុក អ្នកភូមិ​ទំាង​អស់​បាន​នំា​គ្នា​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​គេ​អស់​ហើយ ដោយ​ខ្លាច​ក្រុមជន​ទំាង​នោះ​សម្លាប់​ពួក​គេ​ចោល។ ភ្លាមៗ ក្រុមកម្លំាងសន្តិសុខ​ក៏​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ដោយ​ធ្វើ​ការ​បាញ់​គំរាម​ ដើម្បី​បំបែក​ហ្វូង​ក្រុមជន​បះបោរ។

រហូត​មក​ដល់​ពេល​នេះ អំពើហិង្សា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ប្រមាណ​ជា ១០នាក់​ផ្សេង​ទៀត។ ទន្ទឹម​គ្នា​នេះ មាន​មនុស្ស ១៨នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ស្រុក​ចំនួន ៤។ រីឯ​សន្តិសុខ​នៅ​ក្នុង​ស្រុក Oakkan ក៏​ត្រូវ​បាន​ពង្រឹង​ដែរ។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ខែ​មីនា​កន្លង​ទៅ អំពើហិង្សា​សាសនា​ដូច​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​យ៉ាង​សាហាវ​នៅ​ក្នុង Meiktila ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤៣នាក់ និង​ការ​ដុតបំផ្លាញ​ភូមិ ស្រុក​ទំាងមូល​តែ​ម្តង។ ដើមរឿង​ដំបូង​កាល​ណោះ​បាន​កើត​ចេញ​ពី​ជម្លោះ​រវាង​អ្នកលក់ម្នាក់​កាន់សាសនា​ អ៊ីស្លាម និង​អ្នកទិញម្នាក់​កាន់សាសនា​ព្រះពុទ្ធ។ អំពើហិង្សា​បាន​ជម្រុញ​ឲ្យ​មាន​អន្តរាគមន៍​ពី​សំណាក់​ទាហាន​ភូមា។ កាល​ពី​ឆ្នំា ២០១២ នៅ​តំបន់​ប៉ែក​ខាង​លិច​ប្រទេស អំពើហិង្សា​រវាង​ពួក​រ៉ាក់គីន អ្នកកាន់សាសនា​ព្រះពុទ្ធ និង​ពួក​រ៉ូហ៊ីងយ៉ា អ្នកកាន់​សាសនា​អ៊ីស្លាម​បាន​ផ្តាច់​ជីវិត​ប្រមាណ​ជា ២០០នាក់ និង​មាន​អ្នករត់ចោលលំនៅដ្ឋាន ១៤ម៉ឺននាក់​ផ្សេង​ទៀត។

ទំាង​អស់​នេះ​សុទ្ធសឹង​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ពី​ចលនា​ប្រឆំាង​ អ៊ីស្លាម​នៅ​ក្នុង​ប្រទេស ​មួយ​ដែល​ប្រជាជន​ភាគច្រើន​ជា​ អ្នកកាន់សាសនាព្រះពុទ្ធ និង​ដែល​ជា​ផ្លូវការ មាន​អ្នក កាន់សាសនា​អ៊ីស្លាម​តែ ៤% ប៉ុណ្ណោះ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close