បរិយាកាសតានតឹងឡើងវិញនៅតំបន់ Cisjordanieដែនដីប៉ាឡេស្ទីន
ដែនដីប៉ាឡេស្ទីន កំពុងជួបនឹងភាពតានតឹងឡើងវិញ ដោយកាលពីយប់ថ្ងៃពុធម្សិលមិញ ។ កងទ័ពអ៊ីស្រាអែល បានបាញ់ត្រូវក្មេងជំទង់ប៉ាឡេស្ទីនពីរនាក់បណ្តាល ឲ្យស្លាប់នៅ Cisjordanie។ នៅតំបន់ Cisjordanie អំពើហិង្សាបានចាប់ផ្ទុះឡើងវិញ ក្រោយពីអ្នកទោសប៉ាឡេស្ទីនម្នាក់អាយុ៦៤ឆ្នាំបានស្លាប់នៅក្នុងគុក អ៊ីស្រាអែលដោយជម្ងឺមហារីក។ អ្នកទោសប៉ាឡេស្ទីនដែលត្រូវតុលាការ អ៊ីស្រាអែលកាត់ទោសជាប់គុគអស់មួយជីវិតពីបទប៉ុនប៉ងធ្វើអំពើ ភេរវកម្មមួយនៅក្រុងJérusalem កាលពីឆ្នាំ២០០២។
សាកសពក្មេងប៉ាឡេស្ទីន ត្រូវបានទាហានអ៊ីស្រាអែលនាំយកទៅដាក់នៅមន្ទីរពេទ្យមួយក្បែរក្រុង Toulkarem ក្នុងភាគខាងជើងតំបន់ Cisjordanie ក្នុងដែនដីប៉ាឡេស្ទីន ដោយពុំបានបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួននៅក្នុងមរណភាព ក្មេងប៉ាឡេស្ទីននេះឡើយ។
ក៏ប៉ុន្តែ កងទ័ពអ៊ីស្រាអែល គ្រាន់តែនិយាយថា ពួកគេ បានបាញ់តម្រង់ទៅលើទិសដែលពួកជនប៉ាឡេស្ទីននាំគ្នាគប់គ្រឿងឆេះ មកលើប៉ុស្ត៍យាមល្បាតរបស់ទាហានអ៊ីស្រាអែលមួយនៅក្នុងសង្កាត់នេះ ខណៈដែលពេលយប់មកដល់។
ជាក្មេងរងគ្រោះប៉ាឡេស្ទីនលើកទីដំបូងចាប់តាំងពីមានការផ្ទុះ អំពើហិង្សាឡើងវិញនៅតំបន់ Cisjordanie និងនៅហ្កាហ្សា ដែលបណ្តាលមកពីមរណភាពរបស់អ្នកទោសប៉ាឡេស្ទីនម្នាក់អាយុ៦៤ឆ្នាំ ដោយរោគមហារីកកាលពីថ្ងៃអង្គារមុន។ អ្នកទោសប៉ាឡេស្ទីននេះ ត្រូវតុលាការអ៊ីស្រាអែល ដាក់ទោសក្នុងពន្ធនាគារអស់មួយជីវិតពីបទប៉ុនប៉ងធ្វើភេរវកម្មប្រឆាំង តៀមកាហ្វេមួយនៅក្រុង Jérusalemក្នុងឆ្នាំ២០០២។
ពិធីបញ្ចុះសពអ្នកទោសប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍នេះ នៅក្រុង Hébroon អាចនឹងបង្កឲ្យមានអំពើហិង្សាជាថ្មីឡើងវិញ។
អំពើហិង្សា ដែលបានកើតឡើងទៅហើយរវាងកងទ័ពអ៊ីស្រាអែលនិងជនប៉ាឡេស្ទីនរាប់ សិបនាក់នៅតំបន់ Cisjordanie។ទាហានអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កៅស៊ូ តបតនឹងការគប់ដុំថ្មនិងគ្រឿងបញ្ឆេះពីសំណាក់ពួកប៉ាឡេស្ទីន។
បាតុករប៉ាឡេស្ទីន បានស្រែកបរិហារថា អ៊ីស្រាអែល គ្មានយកចិត្តទុកដាក់អ្វីទេទៅលើពួកអ្នកទោសប៉ាឡេស្ទីន ដូច្នេះហើយ បានជាមានអ្នកទោស ប៉ាឡេស្ទីនម្នាក់ត្រូវស្លាប់។ មូលហេតុមកពី អ្នកទោសប៉ាឡេស្ទីននេះ គ្មានបានទទួលការព្យាបាលចាំបាច់សម្រាប់ជម្ងឺមហារីក។ អ៊ីស្រាអែល បានបដិសេធលើការបរិហាររបស់ប៉ាឡេស្ទីនភា្លមៗដែរ។
នៅអ៊ីស្រាអែល អ្នកទោសប៉ាឡេស្ទីន ប្រមាណជា៤៦០០នាក់ បានធ្វើកូដកម្មអត់ទទួលទានអាហារ តាំងពីថ្ងៃពុធម្សិលមិញរហូត៣ថ្ងៃ ដើម្បី ជាសញ្ញាប្រឆាំងទល់នឹងមរណភាពរបស់អ្នកទោសប៉ាឡេស្ទីននេះ។ នៅក្នុងក្រុង Cisjordanieវិញ ពួកអ្នកជំនួញ បាននាំគ្នាបិទទ្វារហាងលក់ទំនិញរបស់ពួកគេជាសញ្ញាដើម្បី សាម្គីភាពរបស់ពួកគេ។
ស្ថានភាពតានតឹងក៏កើនឡើងដែរ នៅតំបន់ព្រំដែន រវាងតំបន់ហ្កាហ្សានិងអ៊ីស្រា អែល ទោះបីជាមានភាពស្ងប់ស្ងាត់នៅពេលយប់ក្តី។
ប៉ុន្មានម៉ោងក្រោយពីការបាញ់រ៉ុកកែត៣គ្រាប់ចេញពីតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារមុន យន្តហោះអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើដែនដីប៉ាឡេ ស្ទីនជាលើកទីមួយចាប់តាំងពី សង្គ្រាម៨ថ្ងៃនៅខែវិច្ឆិកា។ គ្រាប់រ៉ុកកែតថ្មីៗ ដែលបានបាញ់ចេញពីហ្កាហ្សាកាលពីថ្ងៃពុធម្សិលមិញ បានធ្លាក់ចូលដែនដីអ៊ីស្រាអែលតែពុំបានបណ្តាលឲ្យមានជនរងគ្រោះ ឡើយ។
ការកើនឡើងខ្លាំងនៃអំពើហិង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានប្រព្រឹត្តទៅនៅមុនដំណើរទស្សនកិច្ចរបស់លោក John Kerry ប្រមុខការទូតអាមេរិកនៅសប្តាហ៍ក្រោយនៅទីក្រុងJérusalemនិង Ramallah៕ដោយ នុយ ប៊ែរណាដែត (RFI)