កូរ៉េខាងជើងចង់ដាក់ដំណើរការម៉ាស៊ីនប្រតិករនុយក្លេអ៊ែរឡើងវិញ
កូរ៉េខាងជើងនៅតែបន្តផ្គើន សហគមន៍អន្តរជាតិជារៀងរាល់ថ្ងៃ។ បន្ទាប់ពីបានប្រកាសស្ថានភាពសង្គ្រាមជាមួយកូរ៉េខាងត្បូងមក នៅថ្ងៃអង្គារនេះ ក្រុងព្យុង យ៉ាងបានប្រកាសចង់ដាក់អោយដំណើរការម៉ាស៊ីនប្រតិករ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ការប្រកាសនេះធ្វើឡើងផ្ទុយពីសេចក្តីសំរេចរបស់អង្គការសហ ប្រជាជាតិ ដែលហាមក្រុងព្យុងយ៉ាង មិនអោយធ្វើកម្មវិធីបរិមាណូ។
នៅថ្ងៃអង្គារនេះ ការផ្គើនរបស់កូរ៉េខាងជើងបានបោះជំហានដល់ដំណាក់កាលថ្មីមួយទៀតហើយ។ គឺថា កូរ៉េខាងជើងប្រកាសចង់ដាក់អោយមានដំណើរការម៉ាស៊ីន ប្រតិករ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
យោងតាមសារព័ត៌មានផ្លូវការរបស់ក្រុងព្យុងយ៉ាង ការសំរេចចិត្តនេះ គឺសមស្របទៅនឹងឆន្ទៈរបស់រដ្ឋាភិបាលខ្លួនដែលចង់ពង្រឹងគុណភាព និងបរិមាណនុយក្លេអ៊ែរដើម្បីបង្ការនៅពេលជួបប្រទះការខ្វះខាត អគ្គិសនីប្រើប្រាស់។
ម៉ាស៊ីនប្រតិកររបស់ក្រុងព្យុងយ៉ាង មានឈ្មោះថា Yongbyon មានផ្ទុកនូវធាតុ plutonium នៅឡើយ ហើយមានបរិមាណគ្រប់គ្រាន់ដើម្បីអោយកូរ៉េខាងជើងផលិត គ្រាប់បែកបរិមាណូបានពីបួនទៅប្រាំបីគ្រាប់។ ម៉ាស៊ីននេះជាប្រភពតែមួយគត់សំរាប់កម្មវិធីនុយក្លេអ៊ែរយោធារបស់ កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងបានបញ្ឈប់ដំណើរការម៉ាស៊ីនប្រតិករនេះ នៅឆ្នាំ ២០០៧ ជាការផ្តោះប្តូរជាមួយនឹងជំនួយសេដ្ឋកិច្ច និងការធានាសុវត្ថិភាពសន្តិសុខ។
ប៉ុន្តែ ក្រុងព្យុងយ៉ាងតែងតែបដិសេធមិនអោយមានការត្រួតពិនិត្យ ម៉ាស៊ីន ប្រតិករ Yongbyon នេះ ហើយនៅចុងឆ្នាំ ២០០៨ ថែមទាំងបានដកខ្លួនចេញពីការពិភាក្សាលើកម្មវិធីនុយក្លេអ៊ែរ ជាមួយនឹងប្រទេសចិន អាមេរិក ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងទៀតផង។
លើសពីនេះ ក្នុងឆ្នាំ២០១០ កូរ៉េខាងជើងបានបង្ហាញក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកថាខ្លួន កំពុងតែសាងសង់ម៉ាស៊ីនប្រតិករមួយ ដែលប្រើក្នុងបែបផែនស៊ីវិល សម្រាប់ពង្រីកធាតុUraniuim។ បន្ទាប់មក នៅដើមឆ្នាំ ២០១២ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិកដើម្បីទទួលបាននូវ ជំនួយស្បៀងអាហារមក កូរ៉េខាងជើងបានបង្ហើបអោយដឹងថាខ្លួននឹងព្យួរចោលកម្មវិធី នុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលនានា។
ប៉ុន្តែ ការសាកល្បងបាញ់រ៉ុកកែតរបស់ក្រុងព្យុងយ៉ាង នៅថ្ងៃ១៣មេសា ឆ្នាំដដែល ថ្វីដ្បិតមិនបានជោគជ័យ បានធ្វើអោយអាមេរិកលុបចោលនូវកិច្ចព្រមព្រៀងនេះទៅវិញ។ អាមេរិកយល់ថា នេះជាការបន្លំបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង។
ប្រសិនបើមានការដាក់ដំណើរការម៉ាស៊ីនប្រតិករ Yongbyon ឡើងវិញពិតមែន ក្រុងព្យុងយ៉ាងនឹងផលិតធាតុUraniuim បំរើអោយផលប្រយោជន៍យោធាខ្លួន។
អ្នកវិភាគនានាគិតថា ក្រុងព្យុងយ៉ាងលាក់បាំងធ្វើសកម្មភាពនុយក្លេអ៊ែរអស់ច្រើនឆ្នាំ មកហើយ ហើយក្នុងការសាកល្បងនុយក្លេអ៊ែរជាលើកទីបីកន្លងមក ក្រុងព្យុងយ៉ាងបានប្រើប្រាស់គ្រាប់បែកមួយគ្រាប់ដែលមាន ផ្ទុកធាតុUraniuim។
ជាការបង្ការហេតុភេទណាមួយពីសំណាក់កូរ៉េខាងជើង អាមេរិកបានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា បានបញ្ជូននាវាពិឃាតមួយគ្រឿងមកចតនៅក្បែរតំបន់ឆ្នេររបស់ កូរ៉េខាងត្បូង។ នាវានេះជានាវាប្រើសំរាប់ស្ទាក់ស្កាត់មីស៊ីល៕ដោយ ព្រំ សឿន សូលីណា (RFI)