​ដោយ​សារការ​ចាប់​រំលោភ ចំនួន​ភ្ញៀវ​ទេសចរ​បរទេសនៅឥណ្ឌា​​ធ្លាក់​ចុះ​

នៅ​ឥណ្ឌាយោង​តាម​ការសិក្សា​របស់​សមាគម​ មួយ​ខាង​​មន្ទីរ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​” ក្នុង​​អំឡុង​៣​ខែ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​រហូត​ដល់​៣៥% ។ ​ការ​ធា្លក់​ចុះ​នៃ​ភ្ញៀវទេសចរ​នេះ​ ​គឺ​​ក្រោយ​​ពី​មាន​អំពើ​ហិង្សា​ចាប់​រំលោភ​ភេទ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ ដែល​ត្រូវ​បាន​កាសែត​ជាតិ​និង​អន្តរជាតិ​ ចុះ​ផ្សាយ​ជា​ហូរហែរ​ជាមួយ​ចំណង​ជើង​យ៉ាង​ធំៗ។

យោង​តាម​ការ​សិក្សា​របស់​សមាគម​ឥណ្ឌា​មួយ​ផ្នែក​មន្ទីរ​ពាណិជ្ជកម្ម​និង​ ឧស្សាហកម្ម​ដែល​បាន​ធ្វើការ​សាកសួរ​ក្រុមហ៊ុន​ទេសចរ​​ប្រមាណ​ជា​១២០០​ នៅ​​តាម​​ទីក្រុង​ផ្សេងៗ​ បាន​ឲ្យ​ដឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ស្រ្តី​និង​បុរស​ ដែល​បាន​ចូល​មក​ទស្សនា​នៅ​ឥណ្ឌា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​អំឡុង​ត្រីមាស​ចុង​ក្រោយ​នេះ។​ ភ្ញៀវ​ទេសចរ​ បាន​ងាក​​ចេញ​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ទៅ​លេង​នៅ​​ប្រទេស​អាស៊ី​ផ្សេង​វិញ​ ដូច​ជា​ប្រទេស​ម៉ាឡេស៊ី​ឬ​ក៏​ប្រទេស​ថៃ​ជា​ដើម។

ស្ថានភាព​​ស្ត្រី​នៅ​ឥណ្ឌានិង​ការ​រំលោភ​ភេទ​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​​ស្ត្រី​ ឥណ្ឌា​ ត្រូវ​បាន​កាសែត​​ជាតិ​​និង​អន្តរជាតិ នាំគ្នា​ចុះ​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង បន្ទាប់ពី ការ​ចាប់​រំលោភ​ភេទ​រួម​គ្នា​រហូត​ដល់​ស្លាប់​លើ​​យុវនារី​និស្សិត​ពេទ្យ​ មា្នក់​នៅ​ទីក្រុង​ញូវដេលី​កាលពី​ខែ​ធ្នូ​២០១២​។

ចំណែក​សំណុំរឿង​ចាប់​រំលោភ​ភេទ​ផ្សេងៗ​ទៀត​ក៏​ត្រូវ​បាន​កាសែត​ចុះ​ផ្សាយ​យ៉ាង​លាន់​រន្ទឺ​យ៉ាង​ខ្លាំង​​ដែរ។

កាលពី​ខែ​មីនា​មុន​នេះ ស្រ្តីទេសចរ​ស្វីស​ម្នាក់ ត្រូវ​បាន​ក្រុម​បុរស​ជា​ច្រើន​នាក់​នៅ​​រដ្ឋ​Madhya Pradesh ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា ចាប់​រំលោភ​ភេទ​នៅ​កន្លែង​បោះ​ជំរំ​ជន​រងគ្រោះ។ នៅ​ខែ​មករា​មុន នារី​កូរ៉េ​ម្នាក់ ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ​ដែល​នាង​ស្នាក់​នៅ​ក្នុង​រដ្ឋ​ដដែល ដាក់​ថ្នាំ​សណ្តំ​​​ឲ្យ​ដេក​លក់​ដើម្បី​​រំលោភ។​

ឧប្បត្តិហេតុ​នៃ​ការ​រំលោភ​ភេទ​នេះ បាន​ជំរុញ​ឲ្យ​មតិសាធារណៈ​មាន​ការ​ព្រួយ បារម្ភ​​យ៉ាង​ខ្លាំង ​ចំពោះ​សន្តិសុខ​របស់​ស្រ្តី​អ្នក​ដំណើរ​ដែល​ចូល​មក​លេង​នៅ​ឥណ្ឌា-នេះ​បើយោង ​តាម​ការ​យល់​ឃើញ​របស់​​អគ្គ​លេខាធិការ​នៃ​សមាគម​ឥណ្ឌា​ដដែល។​

ក្នុង​ចំណោម ​ភ្ញៀវ​ទេសចរ​ដែល​គេ​សាកសួរ​​ជិត​៧២% បាន​ប្រាប់​ថា ពួក​គេ​​បាន​​លុប​ចោល​ដំណើរ​​កំសាន្ត​នៅ​ឥណ្ឌា​ក្នុង​អំឡុង​៣​ខែ​ចុង​ក្រោយ​ នេះ ដែល​តាម​ធម្មតា​គឺ​ជា​រយៈពេល​ដែល​មាន​ភ្ញៀវទេសចរ​ច្រើន​នៅ​ក្នុង​ប្រទេស​​ជា ​ពិសេស ស្រ្តី​មក​ពី​​កាណាដា សហរដ្ឋអាមេរិក​និង​អូស្រ្តាលី។

ក្រៅពី​ភាព​យឺតយ៉ាវ​ផ្នែក​សេដ្ឋកិច្ច​ពិភពលោក​ បញ្ហា​សន្តិសុខ​ ក៏​ជា​កត្តា​ដ៏​ចម្បង​​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​​ភ្ញៀវ​ទេសចរ​នេះ។ កត្តា​មួយ​ទៀត​គឺ​បណ្តាល​មក​ពី​ប្រទេស​ជា​ច្រើន បាន​ទូន្មាន​ដល់​​ពលរដ្ឋ​ខ្លួន​កុំឲ្យ​​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ឥណ្ឌា​ ទៀត៕ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close