អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា ចំពេល​ឧបទ្វីបកូរ៉េ​កំពុង​មាន​ភាព​តានតឹងខ្លំាង

នៅ ​ថ្ងៃច័ន្ទ ទី១១ មីនា​នេះ កងទ័ព​កូរ៉េខាង​ត្បូង និង​សហរដ្ឋអាមេរិក​បាន​ផ្តើម​ធ្វើ​សមយុទ្ធ​ប្រចំា​ឆ្នំា​រួម​គ្នា។ សមយុទ្ធ​ប្រចាំឆ្នាំ​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសាអង់គ្លេស​ថា « Key Resolve »។ តាម​ពិត​ទៅ មួយ​ផ្នែក​ធំ​នៃ​សមយុទ្ធ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ កុំព្យូទ័រ និង​មាន​ការ​ចូលរួម​ពី​កងទ័ព​កូរ៉េខាងត្បូង​ចំនួន ១០ ០០០នាក់ និង​កងទ័ព​អាមេរិក​ចំនួន ៣ ៥០០នាក់។ ក៏​ដូច​ជា​សព្វមួយដង កូរ៉េខាងជើង​បាន​ថ្កោលទោស​លើ​សមយុទ្ធ​នេះ។ សមយុទ្ធ​ដែល​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​បន្ទាប់​ពី​ឧទ្វីបកូរ៉េ​បាន​ស្គាល់​ភាព​តានតឹង​ដល់​កំពូល។

ទោះ ​បី​ជា​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​ណា​ក៏​ដោយ ក៏​នៅ​ក្រោម​ខ្សែភ្នែក ច្រមុះ​កូរ៉េខាងជើង សមយុទ្ធ​នេះ គឺ​ជា​ការ​រៀបចំ​ជើងព្រួល​វាយលុកលុយ​ចូល​ក្នុង​ដីកូរ៉េខាងជើង​ពី​សំណាក់​ កូរ៉េខាងត្បូង ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​ទាហាន​អាមេរិកំាង។ ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ទេ ដែល​របប​ក្រុង​ព្យុងយ៉ាង​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស និង​គំរាម​ឆ្លើយ​បក​វិញ នៅ​ក្នុង​ករណី​ដែល​ចំា​បាច់។ តែ​អ្វី​ដែល​មិន​ធម្មតា​នោះ​នៅ​ត្រង់​ថា សមយុទ្ធ​រវាង​កងទ័ព​កូរ៉េខាងត្បូង និង​អាមេរិក​ឆ្នំា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ឡើង​តានតឹង​ដល់​កំពូល។

កាល​ពី​សប្តាហ៍​កន្លង​ទៅ និង​បន្ទាប់​ពី​បាន​ទទួល​ទណ្ឌកម្ម​ថ្មី​ពី​ក្រុម ប្រឹក្សា សន្តិសុខ​ អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​មក កូរ៉េខាងជើង​បាន​ប្រកាស​សង្រ្គាម​នុយក្លេអ៊ែរ​ទល់​នឹង​អាមេរិក និង​កូរ៉េខាងត្បូង។ ជាមួយ​គ្នា​នេះ ក្រុង​ព្យុងយ៉ាង​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​កាត់ផ្តាច់​ខ្សែ ទូរស័ព្ទ​ ផ្ទាល់​ជាមួយ​ក្រុង​សេអ៊ូល ព្រម​ទំាង​លុបចោល​ទាំងអស់​នូវ​កិច្ចព្រម ព្រៀង​មិនឈ្លានពាន​ជាមួយ​នឹង​ កូរ៉េខាង​ត្បូង។ បើ​គេ​ជឿ​លើ​កាសែតប្រចំាថ្ងៃ​របស់​គណបក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង​ចេញ​ ផ្សាយ​ក្នុង​ថ្ងៃ​ច័ន្ទ ទី១១ មីនា​នេះ​ឲ្យ​ដឹង​ថា របបក្រុង​ព្យុងយ៉ាង​បាន​លុបចោល​ទំាង​ស្រុង​ហើយ​នូវ​កិច្ចព្រម ព្រៀង​ មិនឈ្លានពាន​ជាមួយ​នឹង​កូរ៉េខាង​ត្បូង​នោះ។ កាសែត​ដដែល​បាន​ព្រមាន​ថា ជា​មួយ​នឹង​ការ​លុបចោល​នូវ​កិច្ចព្រមព្រៀង​នេះ ពិត​ជា​គ្មាន​នរណា​ម្នាក់​អាច​ប្រម៉ើលមើល​ទុក​ជា​មុន​បាន​ឡើយ​ថា នឹង​អាច​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ដែនដី​ឧបទ្វីប​កូរ៉េ​ចាប់​ពី​ឥឡូវ​នេះ​ទៅ​ នោះ។

ម្យ៉ាង​ទៀត​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រសួង​នៃ​ការបង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​ហាក់​ដូច​ជា​ត្រៀម​អនុវត្ត​ជាក់ស្តែង​នូវ​ការ​ព្រមាន​មួយ​ទៀត គឺ​កាត់ផ្តាច់​ខ្សែទូរស័ព្ទ​ផ្ទាល់​ដែល​បងប្អូនបង្កើត​គូសត្រូវ​ទំាងពីរ​ទុក ​សម្រាប់​ទាក់ទង​គ្នា ក្នុង​ពេល​មាន​អាសន្ន។ ខ្សែទូរស័ព្ទ​ផ្ទាល់​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នំា ១៩៧១ និង​ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​កាត់ផ្តាច់​ចំនួន ៥ដង​រួច​មក​ហើយ ចុង​ក្រោយ​គឺ​ក្នុង​ឆ្នំា ២០១០។ តាម​ធម្មតា ភាគី​ទំាង​ពីរ​បាន​ទូរ ស័ព្ទ​ឲ្យ​គ្នា​ទៅ​វិញទៅ​មក​ចំនួន២ដង​ក្នុង​មួយ​ថ្ងៃ។តែ​នៅ​ថ្ងៃ​នេះ កូរ៉េខាង ជើង​មិន​បាន​លើក​ទូរស័ព្ទ​ដូច​សព្វ​មួយ​ដង​ទេ នេះ​បើ​យោង​តាម​អ្នកនំាពាក្យ​របស់​ក្រសួង​នៃ​ការបង្រួបបង្រួម​ខាង​ កូរ៉េខាងត្បូង។

តើ​ការ​ដែល​កូរ៉េខាងជើង​បាន​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​សង្រ្គាម​ពេល​នេះ វា​គ្រាន់​តែ​ជា​ការ​គំរាម​ខ្យល់ ឬ​មួយ​ក៏​ជា​រឿង​ដែល​គ្រប់​គ្នា​មិន​គួរ​មើល​ស្រាល​នោះ ?

ចំពោះ​នរណា​មិន​ដឹង​ទេ តែ​ចំពោះ​កូរ៉េខាងត្បូង​ដែល​ជាប់​ពាក់ព័ន្ធផ្ទាល់ លោក ស្រី​ប្រធានាធិបតី Park Geun-Hye ដែល​ទើប​ចូល​កាន់​តំណែង​បាន​ពីរសប្តាហ៍​មិន​បាន​មើលស្រាល​ទេ។ លោកស្រី​បាន​ចាត់​ទុក​ស្ថានការណ៍​បច្ចុប្បន្ន​ថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​សន្យា​ឆ្លើយតប​ចាស់​ដៃ​ចំពោះ​គ្រប់​ទង្វើ​បង្ករឿង​របស់​កូរ៉េខាង ជើង៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close