សាលាឧទ្ធរណ៏សម្រេចប្តូរបទចោទលោក ម៉ម សូណង់ដូ
Cambodia News
ភ្នំពេញ៖ ក្នុងសវនាការរសៀលថ្ងៃទី ៦ មីនានេះ ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីបានចំណាយពេលជិតពីរថ្ងៃមកនោះ តំណាងអយ្យការសាលាឧទ្ធរណ៏ បានសម្រេចផ្លាស់ប្តូរបទចោទ លើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ កុប្បកម្ម និង ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មកជាបទបំផ្លាញព្រៃឈើ វិញ ។ ចំណែក សាលក្រមលើសំណុំរឿងនេះ នឹងត្រូវវលើកទៅប្រកាស នៅថ្ងៃទី ១៤ មីនា សប្ដាហ៏ក្រោយ។
ការផ្លាសប្ដូរបទចោទនេះ ត្រូវបានតំណាងអយ្យការ អះអាងក្នុងសវនាការថា ដោយសារតែពុំមានភាពស៊ីសង្វាក់ គ្នា រវាងបទចោទ និង អង្គហេតុ ។ ចំណែកបទផ្សេងទៀត ដូចជាករណី រារាំងអ្នករាជការ សាធារណៈ ជាដើម ត្រូវបានរក្សាទុកដដែល ។
តាមរយៈបទចោទថ្មី ត្រង់មាត្រា៩៧ ចំណុចទី ៦ នៃច្បាប់ស្ដីពីព្រៃឈើនេះ លោក ម៉ម សូណង់ដូ អាចប្រឈមនឹង ទោសជាប់ពន្ធនាគារពី ៥-១០ ឆ្នាំ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមមេធាវីលោក ម៉ម សូណង់ដូ ក៏ដូចជាក្រុមមន្រ្តី អង្គការសង្គមស៊ីវិល ដែលបានតាមដានដំណើការ ជំនុំជម្រះនេះ ទាមទារឲ្យទម្លាក់ចោលបទចោទ ទាំងស្រុង។
សាលាឧទ្ធរណ៍ កាលពីនៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៣ បានបើកសវនាការ ជំនុំជម្រះលើករណីលោក ម៉ម សូណង់ដូ រួមជាមួយនឹងអ្នកភូមិ ជាប់ចោទផ្សេងទៀត បណ្តឹងចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការបង្កើត តំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ៕