ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីជំរុញការលក់យន្តហោះចម្បាំង
លោកហ្វ្រង់ស័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំងបានមកដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេលពីរថ្ងៃ ផ្តោតជាពិសេសលើទំនាក់ទំនងពាណិជ្ជកម្ម។ នៅក្នុងការចរចាផ្នែកពាណិជ្ជកម្មនេះ កិច្ចសន្យាដ៏ចម្បងបំផុត គឺការលក់យន្តហោះចម្បាំងបារាំង ធុន Rafle ទៅឲ្យឥណ្ឌា។ កិច្ចសន្យាដែលមានតម្លៃរហូតទៅដល់ប្រមាណជា ១២ពាន់លានដុល្លារអាមេរិក។
នៅក្នុង ដំណើរទស្សនកិច្ចលើកទី១ ទៅកាន់តំបន់អាស៊ី លោកហ្វ្រង់ស័រ ហូឡង់ ជ្រើសរើសយកប្រទេសឥណ្ឌា ដែលជាការបង្ហាញឲ្យឃើញពីអាទិភាពរបស់លោកហូឡង់ ក្នុងការពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ដែលជាប្រទេសមានកំណើនសេដ្ឋ កិច្ចខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីចិន។
អមដំណើរជាមួយលោកហូឡង់ នៅក្នុងដំណើរទស្សនកិច្ចនេះ គឺរួមមានរដ្ឋ មន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមេដឹកនាំក្រុមហ៊ុនធំៗរបស់បារាំង ជាង ៦០ក្រុមហ៊ុន។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោកប្រធានាធិបតីបារាំងគ្រោងនឹងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌា ព្រមទាំងជួបជាមួយរដ្ឋមន្រ្តីមួយចំនួនទៀត មុននឹងធ្វើដំណើរទៅជួបជាមួយមេដឹកនាំក្រុមហ៊ុនឥណ្ឌា នៅទីក្រុងប៊ុមបៃ។
របៀបវារៈដ៏ចម្បងមួយនៅក្នុងដំណើរទស្សនកិច្ចនេះ គឺ ការចរចាលើកិច្ច សន្យា លក់យន្តហោះចម្បាំងធុន Rafale ចំនួន ១២៦គ្រឿង ទៅឲ្យកងទ័ពឥណ្ឌា។ កិច្ចសន្យាដែលមានទឹកប្រាក់ប្រមាណជា ១២ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា យន្តហោះចម្បាំងធុន Rafale របស់បារាំង ត្រូវបានគេចាត់បញ្ចូលក្នុងចំណោមយន្តហោះចម្បាំងធុនទំនើបៗបំផុត នៅលើពិភពលោក ក៏ប៉ុន្តែ បារាំងពិបាកក្នុងការនាំចេញយន្តហោះអស់ទាំងនេះ ដោយសារតែវាមានតម្លៃថ្លៃ។ ឥណ្ឌាដែលកំពុងតែរៀបចំធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួននោះ បានព្រមព្រៀងបើកការចរចាផ្តាច់មុខជាមួយក្រុមហ៊ុនបារាំង កាលពីឆ្នាំ២០១២កន្លងទៅ ដើម្បីទិញយន្តហោះចម្បាំង ធុន Rafale នេះ។
នៅក្រោយពេលជួបជាមួយលោកហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃនេះ លោកម៉ាន់ មូហាន់ ស៊ិង បានឲ្យដឹងថា ដំណើរការចរចាជុំវិញយន្តហោះចម្បាំង Rafale នេះ មានការជឿនលឿនទៅមុខ។ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាធ្លាប់ បានប្រកាសឲ្យដឹងរួចហើយថា កិច្ចសន្យានេះ នឹងមិនត្រូវចុះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកហ្វ្រង់ស័រ ហូឡង់ នៅឥណ្ឌា នៅពេលនេះទេ ដោយសារតែនៅមានចំណុចមួយចំនួន ដែលរដ្ឋាភិបាលឥណ្ឌាត្រូវការពេលគិតពិចារណាបន្ថែមទៀត។
ក្រៅពីការលក់យន្តហោះចម្បាំងនេះ កិច្ចសន្យាសំខាន់មួយទៀត ដែលនឹងជាប្រធានបទនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង នៅឥណ្ឌា គឺគម្រោងសង់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយ កន្លែង ដែលមានកម្លាំង ជិត១ម៉ឺនម៉េហ្កាវ៉ាត់ ហើយដែលមានតម្លៃ ៩ពាន់ ៣រយលានដុល្លារអាមេរិក។ រដ្ឋាភិបាលឥណ្ឌាបានព្រមព្រៀងជាគោលការណ៍ កាលពីឆ្នាំ២០១០ ឲ្យក្រុមហ៊ុនបារាំងជាអ្នកទទួលបន្ទុកសាងសង់រោងចក្រអគ្គិសនីនេះ។ ក៏ប៉ុន្តែ គម្រោងនេះត្រូវជាប់គាំងដោយសារមានការជំទាស់ពីសកម្មជនបរិស្ថាន ដោយលើកឡើងថា ទីតាំងរោងចក្រនុយក្លេអ៊ែរនេះស្ថិតនៅក្បែរឆ្នែរសមុទ្រ ក្នុងតំបន់ដែលអាចមានការរញ្ជួយដី ហើយដែលអាចបង្កជាគ្រោះថ្នាក់ ដូចជា នៅហ្វ៊ូគូស្ហ៊ីម៉ាប្រទេសជប៉ុន។
ទោះជាយ៉ាងណា មន្រ្តីរដ្ឋាភិបាលឥណ្ឌាបានប្រកាសឲ្យដឹងនៅក្នុងសប្តាហ៍នេះថា ឥណ្ឌាមិនដូរចិត្តទេ គឺនៅតែចង់សាងសង់រោងចក្រអគ្គិសនីនេះ ហើយចង់ឲ្យក្រុមហ៊ុនបារាំងជាអ្នកសាងសង់ គ្រាន់តែត្រូវការចរចាគ្នាទៅលើតម្លៃសាងសង់។ គឺចំណុចអស់ទាំងនេះហើយ ដែលលោកហ្វ្រង់ស័រ ហូឡង់ ត្រូវជជែកជាមួយនឹងសមភាគីរបស់លោក នៅក្នុងដំណើរទស្សនកិច្ចពេលនេះ។
ក្រៅពីការចរចាលើកិច្ចសន្យាពាណិជ្ជកម្មអស់ទាំងនេះ បើតាមមន្រ្តីរដ្ឋាភិបាលបារាំង ដំណើរទស្សនកិច្ចរបស់លោកហ្វ្រង់ស័រ ហូឡង់ បង្កប់ទៅដោយគោលដៅកាន់តែសំខាន់មួយទៀត គឺការចរចាបង្កើតភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសឥណ្ឌា។ ការចរចាបង្កើតភាពជាដៃគូយុទ្ធសាស្រ្តបារាំង-ឥណ្ឌានេះ ត្រូវបានបើកធ្វើតាំងពី ១៥ឆ្នាំមកហើយ ក៏ប៉ុន្តែ មិនទាន់បានទទួលជោគជ័យ។ បណ្តាញសារព័ត៌មានឥណ្ឌាមួយចំនួន បានចុះផ្សាយបទវិចារណកថា នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានលើកឡើងថា ឥណ្ឌា និងបារាំង គួរនាំគ្នាចាប់ផ្តើមផ្តោតលើការបង្កើតទំនាក់ទំនងជាយុទ្ធសាស្រ្ត រយៈពេលវែង ជាជាងគិតតែពីផលប្រយោជន៍ពាណិជ្ជកម្មរយៈពេលខ្លី ដូចជា ពេលបច្ចុប្បន្ននេះ៕ដោយ សេង ឌីណា (RFI)