កម្ពុជាបើកយុទ្ធនាការប្រឆាំងនឹងឱសថក្លែងក្លាយ
នៅព្រឹកថ្ងៃទី ២៧ កុម្ភៈ ២០១២នេះ មន្រ្តីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាបានសហការជាមួយមន្រ្តីក្រសួងសុខាភិបាល រៀបចំធ្វើយុទ្ធនាការថ្នាក់ជាតិលើកទីមួយ ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីអំពីគ្រោះថ្នាក់របស់ឱសថខូចគុណភាព និងឱសថក្លែងក្លាយ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ជូ យិនស៊ីម បាននិយាយថា ក្រសួងមានផែនការយកផ្ទាំងរូបភាពមានអត្ថន័យប្រឆាំងនឹងឱសថក្លែងក្លាយទៅដាក់តាំងនៅតាមបណ្តាឱសថស្ថាននានានៅទូទាំងប្រទេស ដើម្បីអប់រំមប្រជាជនអំពីគ្រោះថ្នាក់របស់ឱសថខូចគុណភាព។
ការតាំងបង្ហាញរូបភាពនេះនឹងធ្វើឲ្យប្រជាពលរដ្ឋបង្កើនការយល់ដឹងអំពីឱសថខូចគុណភាព និងឱសថក្លែងក្លាយ និងជៀសវាងការប្រើប្រាស់ឱសថប្រភេទនេះ។ ការប្រើប្រាស់ឱសថក្លែងបន្លំ និងឱសថហួសកាលកំណត់ប្រើប្រាស់ បានផ្តល់ទុក្ខទោសបន្ថែមទៀតដល់អ្នកជំងឺ ហើយប្រជាពលរដ្ឋបានចំណាយប្រាក់ទិញថ្នាំនេះដោយឥតប្រយោជន៍៕