នាយករដ្ឋមន្ត្រីជប៉ុនសន្យាស្ទួយសេដ្ឋកិច្ចដោយមិនធ្វើការចំណាយហួសព្រំដែន
ជាងមួយខែបន្ទាប់ពីបានឈ្នះឆ្នោតជា ប្រធានាធិបតីប្រទេសជប៉ុន នាយករដ្ឋមន្ត្រី Shinzo Abe បានសន្យានៅថ្ងៃចន្ទនេះ នៅក្នុងសេចក្តីថ្លែងសន្ទរ កថារបស់ខ្លួន ក្នុងសភាជប៉ុន ថារដ្ឋាភិបាលជប៉ុននឹងលើកស្ទួយសេដ្ឋកិច្ច ដោយមិនធ្វើការចាយវាយអោយហួសព្រំដែននោះឡើយ។ លោក Shinzo Abe រំពឹងថានយោបាយលើកស្ទួយសេដ្ឋកិច្ចរបស់លោក នឹងធ្វើអោយជប៉ុន ទទួលបានអត្រាកំណើន ២,៥ ភាគរយ ចាប់ពីខែមេសា ឆ្នាំនេះ រហូតដល់ខែមិនា ឆ្នាំ ២០១៤។ នៅថ្ងៃចន្ទនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានសុំអោយធនាគារជប៉ុន ខិតខំធ្វើយ៉ាងណា ចូលរួមសំរេចបានអោយកាន់តែលឿននូវអតិផរណាក្នុងប្រទេស។
“យើង មិនអាចបន្តការចាយវាយលុយសាធារណៈ ដោយគ្មានកម្រិតតទៅទៀតបានឡើយ យើងត្រូវតែរៀបចំអោយមានយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច ដែលអនុញ្ញាតអោយការវិនិយោគទុនឯកជននានា ការបិរភោគនិងការប្រើប្រាស់ក្នុងស្រុក មានការកើនឡើង” នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅសភា ក្នុងថ្ងៃចន្ទនេះ នៅចំពោះមុខតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភានានា។
នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រៀមនឹងដងដួសនៅក្នុងចំណាយសាធារណៈ ជាលើកចុងក្រោយ បានសន្យាថា រដ្ឋាភិបាលជប៉ុននឹងលើកស្ទួយសេដ្ឋកិច្ច ដោយមិនធ្វើការចាយវាយអោយហួសព្រំដែននោះឡើយ។ រដ្ឋាភិបាលលោក Shinzo Abe ចង់អោយការនាំចេញក្រៅស្រុក មានការកើនឡើងស្របតាមចង្វាក់នៃសេដ្ឋកិច្ចពិភពលោក។
គំរោងស្តារសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ធ្វើការពឹងផ្អែកលើការបង្កើនចំណាយសាធារណៈ ដែលជាអាទិភាពរបស់គណបក្សស្តាំនិយមរបស់លោក ។ នៅថ្ងៃអង្គារស្អែក នេះ លោក Shinzo Abe នឹងបង្ហាញនូវគំរោងថវិកា សំរាប់វិញ្ញាសាពន្ធដារ ដែលនឹងចាប់អនុវត្តពីខែមេសា ខាងមុខនេះ រហូតដល់ខែមិនា ឆ្នាំ ២០១៤។
កាលពីថ្ងៃទី ១១មករា កន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន ធ្លាប់បានប្រកាសនូវផែនការស្តារសេដ្ឋកិច្ច ដែលមានទឹកប្រាក់ជាង ១០ពាន់លានយ៉េនជប៉ុន ត្រូវជា៨៥ ពាន់លានអឺរ៉ូ។
ប្រទេសជប៉ុនកំពុងតែជួបនូវឧនភាពថវិកា ហើយកម្រិតបំណុលរបស់ខ្លួនមានជាងពីរដងហួសពីផលិតផលសរុបក្នុង ស្រុក។ លើសពីនេះ ការចាយវាយថិវការដ្ឋប្រហែលជា ៤៦ ភាគរយ អាចនឹងធ្វើអោយបំណុល កាន់តែមានការកើនឡើងថែមទៀត។
នៅពេលដែលការអង្កេតមួយបានប្រមើលមើលថា នយោបាយលើកស្ទួយសេដ្ឋ កិច្ច របស់លោក Shinzo Abe នឹងអាចអោយមានអត្រាកំណើន ១,៨ ភាគរយ នៅក្នុងរយៈពេលនៃវិញ្ញាសាពន្ធដារនេះ នាយករដ្ឋមន្ត្រីជប៉ុន មានសុទិដ្ឋិនិយម បានផ្តល់តួលេខរហូតដល់ទៅ២,៥ ភាគរយឯណោះ៕ ដោយ ព្រំ សឿន សូលី ណា (RFI)