Freedom House​ ទិតៀន​​ លោក​អូបាម៉ា​ ដែល​ទន់​ជ្រាយ​ ចំពោះ​រុស្ស៊ី​

អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិកាំង Freedom House ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​ទើប​ចេញ​ផ្សាយ​ចោទ​រដ្ឋបាល​លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់អូបាម៉ា ថា​អើពើ​មិន​បាន​ដិតដល់​ឡើយ ចំពោះ​ការ​វាយ​ប្រហារ​ ដំណាក់​ថ្មី ពី​ខាង​រដ្ឋ​រុស្ស៊ី ទៅ​លើ​សង្គម​ស៊ីវិល ក្រោយ​ពី​លោក​ពូទីន ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​វិញ។

ក្នុង​របាយការណ៍​នោះ រុស្ស៊ី​បន្ត​ស្ថិត​នៅ​ក្នុង​ចំណោម ប្រទេស​ដែល​គ្មាន​សេរីភាព​ រួម​ជាមួយ​ប្រទេស​ជិត​ខាង​ខ្លះ នៃ​អតីត​សហភាព​សូវៀត។

Freedom House ចោទ​សេតវិមាន​ ក្រុង​វ៉ាស៊ីនតោន​ថា ស្ថិត​នៅ​ព្រងើយ​កន្តើយ ខណៈ​ដែល ពួក​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ប្រាថ្នា​សម្រេច​ឲ្យ​បាន​នូវ​កំណែ​ទម្រង់​នយោបាយ តែង​រង​នូវ​ការ​តាម​ដាន ធ្វើ​ទុក្ខ​ធ្វើ​បាប​ពី​ខាង​អាជ្ញាធរ ឧទាហរណ៍​ក្នុង​ប្រទេស​រុស្ស៊ី។

ជា​សក្ខីកម្ម​ថ្មី​បំផុត គឺ​រដ្ឋបាល​លោក​ អូបាម៉ា ស្រាប់តែ​ធ្លាក់​ខ្លួន ​គ្មាន​សមត្ថភាព​ទាល់​តែ​សោះ ផ្តល់​ជា​ចម្លើយ​ឲ្យ​បាន​ស័ក្តសម ពេល​ដែល​បេសក កម្ម​នៃ​ “​អង្គការ​អាមេរិកាំង​ខាង​អភិវឌ្ឍន៍​អន្តរជាតិ​” ហៅ​កាត់​ថា​ USAID ត្រូវ​បាន​របប​លោក​ពូទីន បញ្ឈប់​ឲ្យ​លែង​អាច​ដំណើរការ​នៅ​រុស្ស៊ី ហេតុ​ដែល​ញ៉ាំង​ឲ្យ​កាន់​តែ​ទន់​ខ្សោយ​ទៅ សង្គម​ស៊ីវិល​នៅ​រុស្ស៊ី សង្គម​ដែល​ស្ថិត​នៅ​ស្រាប់​ទៅ​ហើយ ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ខាង​រដ្ឋ​រុស្ស៊ី។

ដោយ​លាត​ត្រដាង​ទឡ្ហីករណ៍​ខ្លួន Freedom House មើល​ឃើញ ​ការ​ស្រុត​ចុះ​អាក្រក់​ទៅ​ នៃ​ស្ថានការណ៍​ខាង​សិទ្ធិ និង​សេរីភាព​មនុស្ស នៅ​អតីត​សហភាព​សូវៀត ក្នុង​១​ឆ្នាំ​កន្លង​ទៅ។ ទាក់ទងនឹងប្រទេសរុស្ស៊ី Freedom House លើកឡើងថា “រុស្ស៊ីបានឈានជំហាន មាន​ន័យ​ជា របត់​ប្តូរ​ផ្តាច់ ត្រឡប់​ទៅ​កាន់​ស្ថានភាព​អាក្រក់​មែន​ទែន ក្រោយពី​លោក​ពូទីន ឡើង​កាន់​អំណាច​កំពូល នៅ​រុស្ស៊ី​វិញ។ ឧទាហរណ៍ អំណាច​លោក​ពូទីន បាន​អនុម័ត​វិធានការ ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ ទល់​នឹង​ពួក​អ្នក​ចាត់ចែង​មីទ្ទិញ ដែល​គ្មាន​សេចក្តី​អនុញ្ញាត របស់​អាជ្ញាធរ បំបិទ​លទ្ធភាព​មិន​ឲ្យ​អង្គការ​សង្គម រៃ​អង្គាស​ប្រាក់​សម្រាប់​សកម្មភាព​ខ្លួន។ល។

អំពី​អតីត​សាធារណរដ្ឋ​សូវៀត​ឯទៀត បែប​យ៉ាង Kazakhstan Tadjikistan Ukraine ក្នុង​១​ឆ្នាំ កន្លង​ទៅ គឺ​គេ​បាន​ដើរ​តាម​ផ្លូវ កាត់​បន្ថយ​សេរីភាព​ អស់​យ៉ាង​ច្រើន ចំណែក Azerbaidjan Ouzbekistan Turkmenistan Belarus បន្ត​ស្ថិត​នៅ​ក្នុង​ចំណោម​រដ្ឋ​ ដែល​ប្រើ​វិធី​គាប​សង្កត់ និង​បង្ក្រាប​ខ្លាំង​ជាង​គេ នៅ​ក្នុង​លោក។

ក្នុង​បញ្ជី​នៃ​ ៤៧​ប្រទេស ដែល​ត្រូវ Freedom House ចាត់​ទុក​ថា​គ្មាន​សេរីភាព​ មាន​៩​ប្រទេស ដែល​ស្ថានការណ៍​ខាង​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល បាន​ទទួល​ពិន្ទុ​ទាប​បំផុត បែប​យ៉ាង ប្រទេស កូរ៉េ​ខាង​ជើង Syrie Somalie Soudan Arabie Saoudite Turkmenistan និង Ouzbekistan៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close