នៅថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ លោក ម៉ម សូណង់ដូ នឹងកោរសក់កាន់ទុក្ខ
ភ្នំពេញ៖ អ្នកស្រី ហួន ផាណារី អគ្គលេខាធិការរង សមាគមអ្នកប្រជាធិបតេយ្យ បានឲ្យដឹងថា នៅថ្ងៃទី៤កុម្ភៈ ដែលជាថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ លោក ម៉ម សូណង់ដូ នឹងកោរសក់ កាន់ទុក្ខ នៅព្រៃស នៅម៉ោង ដែលគេថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ លោក ម៉ម សូណង់ដូ នឹងកោរសក់តែម្តង។
អ្នកស្រី ហួន សុផាណារី ដែលបានចូលជួប សួរសុខទុក្ខ និងយកបាយទឹក ជូនលោក ម៉ម សូណង់ដូ ជារៀងរាល់ថ្ងៃ ក៏បានឲ្យដឹងថា នាពេលសព្វថ្ងៃនេះ លោក ម៉ម សូណង់ដូ កំពុងតែឈឺធ្មេញថ្គាម ដែលស្រោមដែក ហើយលោកទទួលទានបាយមិនសូវបានទេ។ ជំងឺឈឺធ្មេញនោះ លោក ម៉ម សូណង់ដូ កើតមាន ៣ អាទិត្យមកហើយ និងបានជូនដំណឹងទៅខាងពន្ធនាគាររួចហើយ តែនៅមិនទាន់មានការព្យាបាលដល់រូបលោកនៅឡើយទេ។
សូមរម្លឹកថា ដំណឹងពីពន្ធនាគារ អំពីសុខទុក្ខរបស់លោក ម៉ម សូណង់ដូ ខាងលើនេះ ត្រូវបានធ្វើឡើង ចំពេលដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រកាសផ្សព្វផ្សាយនូវការបើកសម្ពោធយុទ្ធនាការ “ប្រតិទិនយុត្តិធម៌ លោក ម៉ម សូណង់ដូ” ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣៕