កម្ពុជា និងចិន ជំរុញកិច្ចសហប្រតិបត្តិការខាងវិស័យកសិកម្ម
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអោយដឹងថា នៅក្នុងជំនួបសំដែងគួរសមនេះ លោកហ្សាំង មីងប៉េ បានមានប្រសាសន៍ថា គណៈប្រតិភូរបស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីអនុវត្តនូវរាល់កិច្ចការទាំងឡាយ ដែលថ្នាក់ដឹកនាំបាន ឯកភាពគ្នាកន្លងមក ក្នុងនោះប្រតិភូរបស់លោកមានអ្នកជំនាញខាងវិស័យកសិកម្ម អ្នកវិនិយោគខាងកសិកម្ម ក៏ដូចជាក្រុមហ៊ុន ដែលបាននាំមកនូវផលិតផលកសិកម្មចំនួន ៦០ មុខមកកម្ពុជា ។
លោក ហ្សាំង ក៏បានជំរាបសម្តេច ហ៊ុន សែន ផងដែរថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តគ័ងស៊ី ដែលខេត្តគ័ងស៊ី មានបំណងនឹងជួយកម្ពុជា ដោយគ្មានលក្ខណ្ឌនៅលើផ្នែកបទពិសោធន៍ ក៏ដូចជាបច្ចេកវិទ្យាលើវិស័យកសិកម្មផងដែរ ។
ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តល់អង្ករចំនួន ១០០ តោនដល់កាកបាទក្រហមកម្ពុជា និងបានសម្តែងនូវក្តីរីករាយចំពោះការរីកចំរើនលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងខេត្តគ័ងស៊ី និងកម្ពុជា ហើយក៏បានស្នើរអោយបន្តដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ដែលជាកក្តាជំរុញរវាងប្រទេសទាំងពីរ ។
សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់អំពីការគាំទ្រចំពោះកិច្ចពិភាក្សារវាងលោក ហ្សាំង និងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាកន្លងមក ក៏ដូចជាអនុសារណៈ ដែលបានចុះហត្ថលេខាកន្លងមករវាងភាគីទាំងពីរផងដែរ ៕