ក្រុមឧក្រិដ្ឋជនរំលោភនិស្សិតពេទ្យនៅឥណ្ឌាឡើងសវនាកា
នៅថ្ងៃចន្ទទី ៧មករានេះ តុលាការឥណ្ឌាបើកសវនាកា កាត់ទោសជនជាប់ចោទ ៥រូប ដែលជាប់បទចោទប្រកាន់ថា កាលពីខែធ្នូកន្លងមក បានរំលោភធ្វើបាបនិស្សិតពេទ្យស្រីយ៉ាងព្រៃផ្សៃ ធ្វើអោយជនរងគ្រោះបាត់បង់ជីវិត បន្ទាប់ពីបានដឹកទៅព្យាបាលនៅសិង្ហបុរី។ ឧក្រិដ្ឋកម្មចាប់រំលោភនេះ បានបង្កអោយមានកំហឹងពុះពោរ ទូទាំងប្រទេស។ ប្រជាជនឥណ្ឌានាំគ្នាធ្វើបាតុកម្ម ទាម ទារអោយមានការធានាសុវត្ថិភាពខ្ពស់ ដល់ស្ត្រីឥណ្ឌា និងអោយបញ្ឈប់រាល់ការអត់ឧនទោសដល់ឧក្រិដ្ឋជនដែលរំលោភផ្លូវ ភេទ។ ជនជាប់ចោទ ៥រូប ដែលចូលក្នុងតុលាការ ថ្ងៃនេះ អាចឈានដល់ ការទទួលទោសប្រហារជីវិត។ រីឯជនជាប់ចោទទី៦ ដែលមានអាយុ ១៧ ឆ្នាំនឹងត្រូវកាត់ទោសដាច់ ដោយឡែក ដោយ សារតែគេ ជាអនិតិជន។
នេះជាសវនាការដ៏បន្ទាន់មួយ ដើម្បីកាត់ក្តីជនជាប់ចោទទាំង៦រូប ដែលគេស្គាល់ឈ្មោះយ៉ាងច្បាស់ នៅក្នុងប្រទេស ក្នុងរយៈពេលច្រើនថ្ងៃកន្លងមកនេះ។
សវនាការនេះ ប្រហែលជាអាចនឹងប្រព្រិត្តទៅ ជារៀងរាល់ថ្ងៃ ហើយនឹងសំរេចបាននូវការដាក់ទោសជនជាប់ចោទ នៅសប្តាហ៍ក្រោយៗ រឺនៅក្នុងខែក្រោយៗនេះ។ នេះជារយៈពេល ពិសេសមួយរហ័សបំផុត សំរាប់ប្រទេសឥណ្ឌា។
ទន្ទឹមនឹងនេះដែរ នៅក្រោមសម្ពាធនេះ តែក្នុងរយៈពេលមិនដល់មួយសប្តាហ៏ផង ប៉ូលិសបានចាត់ការចាប់បាន ឧក្រិដ្ឋជនរំលោភជនរងគ្រោះទាំងអស់។ នៅថ្ងៃចន្ទនេះ សវនាការធ្វើការពិនិត្យមើលឯកសារ ដែលបានមកពីការស៊ើបអង្កេត មានជិត ១០០០ ទំព័រ បរិយាយអំពីហេតុការណ៍ដ៏គួរអោយរន្ធត់ ហើយឯកសារនេះក៏មានកត់ត្រាផងដែរ នូវចំលើយសាក្សី របស់និស្សិតដែលត្រូវគេចាប់រំលោភ មានអាយុ ២៣ឆ្នាំ នៅពេលដែលនាងកំពុងស្ថិតនៅលើគ្រែមរណៈនៅឡើយ។
ប៉ូលិសប្រាប់មកថា មាននូវភស្តុតាងដែលមិនអាចបដិសេធបាន ដើម្បីចោទទៅលើ ជនជាប់ចោទទាំងអស់ ក្នុងនោះក៏មានស្នាមឈាមរបស់នារីរងគ្រោះ ប្រលាក់ជាប់នៅលើសំលៀកបំពាក់របស់ជនជាប់ចោទដែរ។
ដើម្បីទទួលបាននូវការសំរាលទោសរបស់ខ្លួន បុរសពីរនាក់នឹងសុំ អោយគេចាត់ទុកខ្លួន ដូចជាសាក្សី នៃបទឧក្រិដ្ឋ។ ប៉ុន្តែបណ្តឹងសុំនេះប្រហែលជាពិបាកនឹងមានសំណាង ទទួលបាននូវការយល់ព្រមណាស់ មូលហេតុដំបូង គឺមកពីចំលើយសាក្សីរបស់ពួកគេ គ្មានលក្ខណៈអ្វីសំខាន់ក្នុងរឿងក្តីនេះ ប៉ុន្តែអ្វីដែលសំខាន់ គឺថាការអត់ឧនទោសដល់ពួកគេ នឹងអាចធ្វើអោយកើតមានបាតុកម្មបះបោរតាមផ្លូវ សារជាថ្មីឡើងវិញ នៅពេលដែលស្ថានភាពបច្ចុប្បន្ន មានលក្ខណៈតឹងតែងរួចទៅហើយ៕ដោយ ព្រំ សឿន សូលីណា (RFI)