មន្រ្តីក្រសួងសុខាភិបាលអំពាវនាវប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ពីមេរោគEV-71
ភ្នំពេញ៖ បច្ចុប្បន្ននេះមេរោគ EV-71បានកើតមានឡើងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមានការព្រួយបារម្ភខ្លាចឆ្លងនូវជំងឺនេះ ដែលបណ្តាលឲ្យមានជនខិលខូចមួយចំនួនឈ្លាតឱកាសដើរបោក ប្រាស់ប្រជាពលរដ្ឋ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំមានការ ព្រួយបារម្ភ និងកុំចាញ់បោកជនខិលខូចឆ្លៀតឱកាសទាំងនោះ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងជំងឺឆ្លង លោកសុខ ទូច បាននិយាយថា រហូតមកដល់ពេលនេះ នៅមិនទាន់មានតួរលេខកុមារដែលឆ្លងជំងឺពងបែក ដៃជើង និងមាត់នោះទេ ពេលនេះមន្រ្តីជំនាញកំពុងធ្វើការតាមដាន និងស្វែងរកអ្នកដែលបានកើតជំងឺនេះនៅតាមបណ្តាខេត្តផ្សេងៗ។
លោកបានបន្តថា បើទោះបីជាយើងនៅមិនទាន់មានថ្នាំសម្រាប់ចាក់បង្ការកុមារពីជំងឺនេះក៏ដោយ ប៉ុន្តែយើងត្រូវអនុវត្តឲ្យបាននូវអនាម័យរបស់កុមារ ព្រោះជំងឺនេះវាកើតមានតែចំពោះកុមារដែលមានអាយុចាប់ពី៣ខែ ដល់១១ឆ្នាំប៉ុណ្ណោះ។ រយៈពេលចាប់ពីឆ្លងរោគដល់ចេញរោគសញ្ញាជាទូទៅ ៣ទៅ៧ថ្ងៃ ហើយរោគសញ្ញាញឹកញាប់ នៃជំងឺនេះ គឺក្ដៅ ខ្លួនដែលមានរយៈពេលពី២៤ ទៅ ៤៨ម៉ោង។
ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាជំងឺឆ្លងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមក នៃអ្នកជំងឺ។ អ្នកជំងឺអាចចំលង អ្នកដទៃ បានខ្លាំងបំផុតក្នុងកំឡុងសប្ដាហ៍ទីមួយ នៃជំងឺ តែគាត់អាចចំលងជំងឺ បានរហូតដល់ ច្រើនសប្ដាហ៍ ក្រោយ ទៀត។ ជំងឺពងបែកដៃជើង និងក្នុងមាត់ មិនអាចចំលងពីសត្វចិញ្ចើម ឬសត្វដទៃទៀតឡើយ៕
ដោយ៖ ហេង នាង