ម៉ូតូ ២គ្រឿងបុកគ្នាអ្នកជិះខាងក្រោយ ត្រូវរថយន្តកិនស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ មករា បុរសម្នាក់បានជិះម៉ូតូទៅបុកជាមួយម៉ូតូមួយទៀតដែលជិះគ្នា២នាក់ បណ្តាលឲ្យអ្នកជិះពីក្រោយខ្ទាតទៅកណ្តាលផ្លូវ ត្រូវរថយន្តស្ទួចកិនបែកក្បាលស្លាប់តែម្តង ចំណែកអ្នកបើកបរទាំង២នាក់បានរងរបួសធ្ងន់ ស្ថិតនៅផ្លូវបណ្ឌិតឧកញ៉ា ម៉ុងឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មុនពេលកើតហេតុ ម៉ូតូ SL ពណ៌ទឹកប្រាក់ ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច ទៅបុកជាមួយម៉ូតូស៊ីរ៉ូស ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ បណ្តាលឲ្យអ្នកជិះពីក្រោយខ្ទាតទៅកណ្តាលផ្លូវ ស្របពេលនោះរថយន្តស្ទួច ពណ៌ស មួយគ្រឿងបើកមកដល់កិនបែកក្បាលស្លាប់តែម្តង ចំណែករថយន្តបង្កបានបន្ថែមល្បឿនរត់គេចបាត់ រីឯអ្នកបើកម៉ូតូទាំងពីរនាក់រងរបួសធ្ងន់។
ជនរងគ្រោះស្លាប់ ឈ្មោះ យឿង ហុង ភេទប្រុស អាយុ៣២ឆ្នាំ ជាខ្មែរកម្ពុជាក្រោម ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះជាអ្នកបើកម៉ូតូស៊ីរ៉ូសមានឈ្មោះ អុក ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ របួសបាក់ជើង និងរយះពោះ។ អ្នកបើកម៉ូតូ SL ពណ៌ទឹកប្រាក់ មានឈ្មោះ ជិន ចាន់ថុល អាយុ២៤ឆ្នាំ ជាកម្មករកាត់ដេរ ស្នាក់នៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសធ្ងន់។
ជនរងគ្រោះទាំង២ នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន។ ជនរងគ្រោះស្លាប់ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែងដឹកយកទៅរក្សាទុកនៅខណ្ឌសែនសុខ៕