បើកម៉ូតូគេចពីរូម៉ក បោកក្បាលផ្ទប់នឹងរថយន្តរងរបួសធ្ងន់ធ្ងរ
ភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី០៤ ខែមករា បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងខណៈពេលដែលជិះម៉ូតូ ក្នុងល្បឿនលឿនពេក គេចពីរូម៉កថ្ម បណ្ដាលឲ្យរេចង្កូត ដួលបោកផ្ទប់ទៅនឹងរថយន្តមួយគ្រឿងដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា នៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ វ័យជាង៤០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ បានបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចមុខផ្ទះ ឈាង ចាន់នី ស្រាប់តែបុរសម្នាក់នោះ បើកយ៉ាងលឿនគេចពីរូម៉កមួយគ្រឿង ដែលកំពុងបើកបរបញ្ច្រាសសទិសគ្នា បណ្ដាលឲ្យដួលប្រាវទៅនឹងថ្នល់តែម្តង ភ្លាមៗនោះ មានរថយន្តកាមរីឆ្លាមមួយគ្រឿង បានបើកបរបញ្ច្រាសទិសគ្នាជាមួយនឹងបុរសរងគ្រោះ ក៏បណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះ ដួលបោកផ្ទប់នឹងក្បាលរថយន្តកាមរីឆ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីកើតហេតុបុរសរងរបួសត្រូវបានបងប្អូនប្រជាពលរដ្ឋនៅចំណុចកើតហេតុជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូនឹងរូម៉កត្រូវ បាននគរបាលចរាចរខណ្ឌដង្កោ ចុះមកវាស់វែងនាំយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ហេង នាង